​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន​ចិន​មួយ​បាន​សាកល្បង​តាក់ស៊ី​ហោះ​អគ្គិសនី​នៅ​ទីក្រុង​ឌូ​បៃកាល​ពី​ថ្ងៃ​ចន្ទទី​១០​តុលា ដោយ​បង្ហាញ​ឱ្យឃើញ​នូវ​បច្ចេកវិជ្ជា​អនាគត​ដែល​ថ្ងៃ​ណាមួយ​​អាច​ធ្វើឱ្យ​មនុស្ស​ឆ្លងកាត់​ចរាចរណ៍​ពី​លើ​មេឃ​។​

​តាក់ស៊ី​ហោះ XPeng X2 ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ XPeng Inc ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ក្វាង​ចូ​វ​គឺជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ឡាន​ហោះហើរ​រាប់សិប​នៅ​ជុំវិញ​​ពិភពលោក​។ មានតែ​ឡាន​ហោះ​មួយចំនួន​តូច​ប៉ុណ្ណោះ​ត្រូវ​បាន​សាកល្បង​ដោយ​ជោគជ័យ​ជាមួយនឹង​អ្នកដំណើរ​ជិះ​ហើយ​វា​ទំនងជា​ត្រូវការ​ពេល​ច្រើន​ឆ្នាំ​មុន​ពេល​ដែល​តាក់ស៊ី​ហោះ​ណាមួយ​អាច​ដាក់​ឱ្យ​ដំណើរការបាន​។​

​ការបង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​ត្រូវបាន​ធ្វើឡើង​ជាមួយ​នឹង​កាប៊ីន​(​បន្ទប់​បើក​)​ទទេ ប៉ុន្តែ​ក្រុមហ៊ុន​បាន​និយាយថា ខ្លួន​បាន​សាកល្បង​ការហោះហើរ​ជាមួយ​មនុស្ស​កាលពី​ខែកក្កដា ឆ្នាំ ២០២១​។​

​ឡាន​ហោះ ដែល​រចនា​ឡើង​យ៉ាង​ប្រណិត​នេះ អាច​ផ្ទុក​អ្នកដំណើរ​បាន​ពីរ​នាក់ និង​ត្រូវបាន​បំពាក់​ដោយ​ស្លាបចក្រ​ចំនួន​៨​។ ក្រុមហ៊ុន​និយាយថា វា​មាន​ល្បឿន​អតិបរមា ១៣០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​ខុស​ពី​យន្តហោះ​និង​ឧទ្ធម្ភាគចក្រ ឡាន​ហោះ​អគ្គិសនី ឬ​ហៅ​ថា eVTOL អាច​ហោះហើរ​និង​ចុះ​ចត​បញ្ឈរ​ត្រង់​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន​បាន​ភ្លាមៗ​ពី​ចំណុច​មួយ​ទៅ​ចំណុច​មួយ បើ​គិត​តាម​ទ្រឹស្តី​។​

​ឡាន​ហោះ​ថ្ងៃ​ណាមួយ​អាច​ដឹក​អ្នកដំណើរ​ឆ្លងកាត់​ទីក្រុង​ខ្ពស់​ពី​លើ​ដងផ្លូវ​ដែល​កកស្ទះ​។ ប៉ុន្តែ​វិស័យ​នេះ​នៅតែ​ប្រឈម​នឹង​បញ្ហា​ធំៗ រួម​ទាំង​អាយុកាល​អាគុយ​ការគ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស​និង​​សុវត្ថិភាព និង​បញ្ហា​ហេដ្ឋារចនាសម្ពន្ធ​៕

​ឡាន​ហោះ XPeng X2 ហោះ​សាកល្បង​ជោគជ័យ​នៅ​ឌូ​បៃកាល​ពី​ថ្ងៃ​ចន្ទ​