​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ចិន​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​២.២៤៩​នាក់​សំរាប់​ថ្ងៃ​ចន្ទ បន្ទាប់ពី​មនុស្ស​២.១០៦​នាក់​បាន​ឆ្លង​កាល​ពី​មួយ​ថ្ងៃមុន​។​

​ទោះជា​ឆ្លង​កើនឡើងតែ​មិន​មាន​អ្នកស្លាប់​ថ្មី​ដោយ​ជំងឺ​នេះ​ទេ ដោយ​ចំនួន​ស្លាប់​ទូទាំងប្រទេស​នៅ​រក្សា​៥.២២៦​នាក់​ដដែល​​ក្នុងចំណោម​អ្នក​កើតកូ​វីដ​១៩​ចេញ​រោគសញ្ញា​២៥៤.០៦៦​នាក់​នៅ​រយៈពេល​ជាង​​ពីរ​ឆ្នាំ​មកនេះ​។​

​សំ​រាប់​ថ្ងៃ​ចន្ទ ក្រុង​ប៉េកាំង​មាន​អ្នក​ឆ្លង​១៤​នាក់ ក្រុង​សៀង​ហៃ​២៨​នាក់​និង​ទីក្រុង​សិន​ចិន​ចំនួន​៣៣​នាក់​។​

​ក្នុងពេល​ជាមួយគ្នា កាសែត​បក្ស​កុំម្មុយនីស្ត​ចិន​People’s Daily បាន​សរសើរ​គោលនយោបាយ​សូន្យ​កូ​វីដ​របស់​ប្រទេស​ដល់​ថ្ងៃ​ទី​ពីរ​ជាប់ៗ​គ្នា​នៅ​ថ្ងៃ​អង្គារនេះ ដោយ​ធ្វើអោយ​បាត់បង់​ក្តីសង្ឃឹម​ថា​ប្រ​​ធានា​ធិបតី ស៊ី ជីន​ភីង នឹង​បន្ធូរបន្ថយ​ការគ្រប់គ្រង​តឹងរឹង​លើកូ​វីដ​ក្នុងពេ​លឆាប់​នៅក្រោយ​កិច្ចប្រជុំ​នយោបាយ​ដែល​នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​នេះ​។​

​កាសែត​បាននិ​យាយកាលពី​ថ្ងៃ​អង្គារថា យុទ្ធសាស្ត្រ​សូន្យ​កូវី​ដ​សំខាន់​ហើយ​ប្រទេស​ត្រូវ​តែ​ប្រកាន់ខ្ជាប់​គោលនយោបាយ​នេះ​ដោយសារ វា​សំខាន់​សំរាប់​ស្ថិរភាព​សេដ្ឋកិច្ច​និង​ការពារ​អាយុជីវិត​មនុស្ស ។​

​កាលពី​ថ្ងៃ​ចន្ទ កាសែត​បាន​ហៅ​គោលនយោបាយ​នេះ​ថា​«​វិទ្យាសាស្ត្រ​និង​មាន​ប្រសិទ្ធភាព​»​។​

​ការលើកឡើង​របស់​កា​សែត​នេះ​កើតឡើង​ចំ​ពេល​អ្នកស្រុក​ជាច្រើន រួម​ទាំង​វិនិយោគិន​អន្តរជាតិ​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សង្ឃឹម​ថា​ចិន​អាច​បោះបង់ចោល ឬ​បន្ធូរបន្ថយ​គោលនយោបាយ​សូន្យកូ​វីដ​​ដែល​ត្រូវបាន​អនុវត្ត​អស់​ពេល​ជិត​បី​ឆ្នាំ​មកហើយ​ដែល​វា​រំខាន​ដ​ល់​ការរស់នៅ​និង​សំពង​ធ្ងន់​លើ​សេដ្ឋកិច្ច​។​

​ទោះជា​ខិតខំ​អនុវត្ត​វិធានការ​តឹងរឹង​ដូច្នេះ រួម​ទាំង​បិទ​ខ្ទប់​តំបន់​ផ្ទុះ​ជំងឺ ក៏​វីរុស​កូ​វីដនៅ​បន្ត​និង​រឹតតែ​បង្កើន​ការវាយប្រហារ​ចិន​។​កាលពី​ថ្ងៃអាទិត្យ​ចិន​បាន​រាយការណ៍​ចំនួន​ឆ្លង​១.៨៧៨​នាក់ ជា​ចំ​​នួន​ឆ្លង​ខ្ពស់​បំផុត​គិត​ចាប់តាំងពី​ថ្ងៃ​២០​សីហា តែ​ថ្ងៃ​ចន្ទ​កើន​២.១០៦​នាក់​និង​ថ្ងៃ​អង្គារ​ឡើងដល់​២.២៤៩​នាក់​៕

​អាជ្ញាធរ​ស្ថិតក្រោម​សម្ពាធ​អោយ​ចាត់វិធានការ​ទប់ស្កាត់​កូវី​ដ នៅមុន​សមាជ​បក្ស​កុំម្មុយនីស្ត​ចិន​នៅ​សប្តាហ៍​នេះ​