ដោយ: បូកគោ / កំពត: ក្នុងបំណងផ្តល់ភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជិតឆ្ងាយ រដ្ឋបាលខេត្តកំពត នឹងរៀបចំពិធីប្រណាំងទូក នៅថ្ងៃទី ៦-៧ និងបណ្តែតប្រទីប អកអំបុក សំពះព្រះខែ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។ ជាការប៉ាន់ប្រមាណអំឡុងពេលបីថ្ងៃនោះ អាចនឹងមានអ្នកចូលរួមច្រើនជាង ៥០ ម៉ឺននាក់ ។

ក្នុងកិច្ចប្រជុំ កាលពីរសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២២ ដើម្បីត្រៀមរៀបចំ សម្រាប់ពិធីខាងលើ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថាៈ ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនៅថ្ងៃទី ៦-៨ ខែវិច្ឆិកា ខាងមុខ មិនអាចធ្វើជាធម្មតាៗនោះទេ។ កំពតជាខេត្តគោលដៅទេសចរណ៍ដ៏មានសក្តានុពលនាភាគនិរតី។ ដូច្នេះរដ្ឋបាលខេត្ត បានសម្រេចបង្កើតអនុគណៈកម្មការចំនួន១០ ដើម្បីចាត់ចែងការងារតាមផ្នែកនីមួយៗ ធ្វើយ៉ាងណា ឲ្យមានភាពសប្បាយរីករាយ និងមានភាពទាក់ទាញយ៉ាងហោចក៏មានអ្នកចូលរួម ច្រើនជាង ៥០ ម៉ឺននាក់ដែរ។

លោកអភិបាលខេត្ត បានបញ្ជាក់ថាៈ តាមរយៈការរៀបពិធីបុណ្យនេះ ប្រជាពលរដ្ឋក្នុងខេត្តអាចរកប្រាក់ចំណូលដោយផ្ទាល់ និងប្រយោលមិនតិចជាង ២៥ លានដុល្លារឡើយ។

សូមបញ្ជាក់ថា សម្រាប់ពិធីបុណ្យអុំទូកខាងមុខនឹងមានកម្មវិធីប្រណាំងទូក ង ខ្នាតប្រពៃណីចំនួន ១២ គូ នៅលើដងព្រែក ក្បែរផ្លូវ ឆ្ពោះទៅកាន់តំបន់កោះស្មៅ។

ជាមួយនោះ ក៏មានការប្រកួត និងបង្ហាញក្បាច់កុនល្បុក្កតោ ការប្រគំតន្ត្រី ការសម្តែងរបាំបុរាណ និងសម័យ ពិធីតាំងពិព័រណ៍ផលិតផលភូមិ១ផលិតផល១ ដើម្បីបង្ហាញពីសក្តានុពលរបស់ខេត្ត ការបាញ់កាំជ្រូច បង្ហោះគោម ព្រមទាំងបណ្តែតប្រទីប ក៏ដូចជាកម្មវិធីសប្បាយៗ ជាច្រើនទៀត៕/V-PC