ដោយៈ តារារិទ្ធ / ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា អ្វីដែលសម្ដេច ចង់បានពីតុលាការបារាំង គឺយុត្តិធម៌ និងភាពស្អាត ស្អំតែប៉ុណ្ណោះ។ សម្ដេចក៏បានអរគុណដល់តុលាការបារាំង ដែលបានផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំ ជូនចំពោះសម្ដេច។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ នៅព្រឹកថ្ងៃទី ១១ ខែតុលា នេះ។

សម្ដេចតេជោ ថ្លែងអំណរគុណដល់ក្រុមការងាររបស់សម្ដេច ដែលមានមេធាវី និងមានថ្នាក់ដឹកនាំ ក្រសួងការបរទេស អគ្គរាជទូតប្រចាំទីក្រុងប៉ារីស ព្រមទាំងមេធាវីបារាំង ទាំង៤រូប ដែលបានការពារក្តី ឲ្យទទួលបានជោគជ័យ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាៈ «យប់មិញនេះ គឺមានការឃោសនាច្រើនណាស់ ប៉ុន្តែខ្ញុំគួរតែត្រូវបញ្ជាក់ តើ ហ៊ុន សែន ចង់បានអី បានជាតាមវាយឯងដល់ផ្ទះ… ហ៊ុន សែន ចង់បានពាក្យស្អាតស្អំ នៅទីនោះ អត់មានចង់បានអីទេ ពួកគេគិតថា ពួកគេឈ្នះ គេអាចនិ យាយទៅរួច ក៏ប៉ុន្តែខ្ញុំគួរតែត្រូវបានដកស្រង់សាលក្រមទាំងមូល ដែលជាភាសាបារាំង មាន ១៣ ទំព័រៗ »។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអរគុណតុលាការបារាំង ដែលបានផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំ ជូនចំពោះសម្ដេច នាពេលនេះ ៕/V-PC