ដោយៈ ភ្នំខៀវ / បាត់ដំបងៈ អំឡុងបុណ្យអំទូក បណ្តែតប្រទីប ខេត្តបាត់ដំបង មានភ្ញៀវទេសចរ ក្នុងនិងក្រៅខេត្ត និងភ្ញៀវអន្តរជាតិ ជិត ២០ ម៉ឺននាក់ ចូលលេងកម្សាន្ត។

លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី ១១ ខែតុលានេះថាៈ ក្នុងពិធីបុណ្យអុំទូក និងបណ្តែតប្រទីប ថ្ងៃចេញព្រះវស្សា នៅក្នុងស្ទឹងសង្កែ កណ្តាលក្រុងបាត់ដំបង រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ អន្តរជាតិ (ភ្ញៀវផ្ទៃក្នុង) មានចំនួនសរុប ១៨៩.១៦៧ នាក់។

លោក អ៊ុច អ៊ុំភីនីស្សារ៉ា បានបន្ថែមថាៈ ភ្ញៀវទេសចរសរុប នៅថ្ងៃទី ៩ ខែតុលា មានចំនួន ៦១.២៧៨ នាក់ ក្នុងនោះ មានភ្ញៀវទេសចរជាតិ ចំនួន ៦១.១៨៩ នាក់ និងភ្ញៀវទេសចរអន្តរជាតិ (ទេសចរផ្ទៃក្នុង) មានចំនួន ៨៩ នាក់។ ដោយឡែក សម្រាប់ភ្ញៀវចូលរួម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២២ មានចំនួន ១២៧.៨៨៩ នាក់ រួមមានភ្ញៀវទេសចរជាតិ ចំនួន ១២៧.៧៦៨ នាក់ និងភ្ញៀវទេសចរអន្តរជាតិ (ទេសចរផ្ទៃក្នុង) មានចំនួន ១២១ នាក់ ។

មន្ត្រីគណ:កម្មការរៀបចំបុណ្យជាតិ អន្តរជាតិ បានបញ្ជាក់ដែរថាៈ ចំនួនភ្ញៀវទេសចរ ដែលកើនឡើង រហូតជិត ២០ ម៉ឺននាក់ បានចូលមកលេង ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប ចេញព្រះវស្សា ក្នុងខេត្តបាត់ដំបង ដោយសារកត្តារួមផ្សំមួយចំនួន មានៈ ប្រទេសមានសុខសន្តិភាពពេញលេញ អាកាសធាតុអំណោយផល រដ្ឋបាលខេត្ត បានរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ តុបតែងភ្លើងពណ៌ និងខ្លោងទ្វារបានស្អាតល្អ បែងចែកមណ្ឌលកម្សាន្ត ស្តង់តាំងពិព័រណ៍ ជាមួយវេទិកាអុំទូកថ្មី ធំស្កឹមស្កៃ ដាច់ដោយឡែក ពីគ្នា និងមានរបៀប ពិសេសខេត្តបាត់ដំបង មានគោលដៅទេសចរណ៍ច្រើន ជាប្រភពមេដែក ស្រូបទាញភ្ញៀវ បានយ៉ាងច្រើនកុះករ៕/V-PC