ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះបានបញ្ជាក់ជាថ្មីថាទាក់ទង និង ការផ្អាករៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នៅក្នុងឆ្នាំនេះមិនមែនដោយសាររាជរដ្ឋាភិបាលខ្វះថវិកានោះទេប៉ុន្តែដោយសារតែរាជរដ្ឋាភិបាល មានការមមាញឹកខ្លាំងក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាបើទោះបីជារាជរដ្ឋាភិបាលផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញក្តីក៏រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមានការរៀបចំពិធីបុណ្យ អុំទូក នៅតាមបណ្តាខេត្តដែលពេលនេះមានខេត្តមួយចំនួនបានរៀបចំរួចហើយនិងខេត្តមួយចំនួនទៀតកំពុងត្រៀមរៀបចំផងដែរ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថាថា កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធមានភាពមមាញឹកខ្លាំងណាស់ដែលមានថ្នាក់ប្រមុខរដ្ឋនិងថ្នាក់ដឹក នាំអន្តរជាតិជាច្រើនមក ចូលរួមដូច្នេះនាំឲ្យមានការបិទផ្លូវមួយចំនួនដើម្បីសម្រួលចរាចរណ៍ដល់ភ្ញៀវអន្តរជាតិ ។ ជាមួយគ្នានេះសម្តេចសូមការយោគយល់និងខន្តីអភ័យទោសពីបងប្អូនប្រជាពលរដ្ឋចំពោះ ការបិទផ្លូវនិងការស្ទះចរាចរណ៍ក្នុងអំឡុងពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ អាស៊ានត្រូវមានព្រឹត្តិការណ៍អមច្រើនណាស់ ហើយយើងរវល់ណាស់ មិនមែនរដ្ឋាភិបាល ហ៊ុន សែន ខ្វះលុយទេ។ ប៉ុន្តែបញ្ហាសន្តិសុខជាបញ្ហាធំដែលម្សិលមិញលោក វង្ស ពិសេន បានទទួលបទបញ្ជាលើបញ្ហាមួយចំនួនតាមផ្លូវទឹកនិងផ្លូវអាកាសធានាបាននូវសន្តិសុខសម្រាប់ កិច្ចប្រជុំដ៏ធំមួយដែលថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋា ភិបាលនិងមេដឹកនាំនៃស្ថាប័នអន្តរជាតិមកចូលរួមច្រើន។

សម្តេចតេជោបញ្ជាក់ថានៅពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ានរាជរដ្ឋាភិបាលបានកំណត់យកសណ្ឋាគារសុខាភ្នំពេញដែលមានប្រមាណ៧០០បន្ទប់ សម្រាប់ជាទីតាំងរៀបចំកិច្ចប្រជុំ ហើយសម្តេចរួមទាំងប្រតិភូមកម្ពុជានឹងសម្រាកនៅក្នុងសណ្ឋាគារផ្ទាល់តែម្តងដើម្បីងាយស្រួលក្នុងការដឹកនាំកិច្ចប្រជុំ។

គួរបញ្ជាក់ជូនថា៖កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះនៅរាជធានីភ្នំពេញតាមទម្រង់ដោយផ្ទាល់ ។ ក្នុងនោះដែរកម្ពុជាក៏នឹងរៀបចំកិច្ចសន្ទនាសាកលអាស៊ានលើកទី២ផងដែរ។

នៅក្នុងកិច្ចប្រជុំនោះកម្ពុជាបានអញ្ជើញទាំងប្រធានធនាគារពិភពលោក(WB) អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ប្រធានធនាគារអភិវឌ្ឍន៍ អាស៉ី(ADB)អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) អគ្គនាយកអង្គការសុខភាពពិភពលោក (WHO)ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប (European Council)ប្រធានអង្គការកិច្ចសហ ប្រតិបត្តិការសៀងហៃ (SCO)និងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក(WEF)មកចូលរួមនឹងកិច្ចសន្ទនាសា កល(ASEAN Global Dialogue) លើកទី២

សូមជម្រាបដែរថាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នៅឆ្នាំនេះត្រូវចំថ្ងៃទី៧ ទី៨ និងទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ដែលកៀកនឹងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរាជរដ្ឋាភិបាលមានភាពមមាញឹកខ្លាំងត្រូវបំពេញកាតព្វកិច្ចធ្វើជាម្ចាស់ផ្ទះដែលត្រូវរៀបចំរក្សាសន្តិសុខ និង សុវត្តិភាពជូនភ្ញៀវអន្តរជាតិ ៕