ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ការជួសជុលចាក់អ៊ុតបេតុង កៅស៊ូបេទីមីណឺ​នៅមហាវិថីសហព័ន្ធ រុស្ស៊ី ចាប់ពីមហាវិថីព្រះមុន្នីវង្ស ដល់ស្ពានអាកាសចោមចៅ គ្រោងនឹងបញ្ចប់រួចរាល់ នៅថ្ងៃទី៥ វិច្ឆិកា ឬមុនពិធីបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹង នៅព្រឹកថ្ងៃទី១១ តុលានេះថាៈ ដើម្បីសម្រួលដល់ ការធ្វើចរាចរណ៍ ប្រកបដោយសុវត្ថិភាព ក៏ដូចជាលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ធ្វើការជួសជុលចាក់អ៊ុតបេតុង កៅស៊ូបេទីមីណឺ នៅមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះមុន្នីវង្ស ដល់ស្ពានអាកាសចោមចៅ ហើយគម្រោងនេះ តាមការការ ណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ការជួសជុលចាក់អ៊ុតបេតុង កៅស៊ូបេទីមីណឺនេះ ត្រូវឱ្យរួចរាល់ នៅថ្ងៃទី៥ វិច្ឆិកា ខាងមុខ ឬមុនពិធីបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាៈ សម្រាប់គម្រោងនេះ ក្រុមការងារនៃមន្ទីរ សាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ជួសជុលចាក់អ៊ុតបេតុង កៅស៊ូបេទីមីណឺ នៅលើផ្លូវនេះ តែពេលយប់ប៉ុណ្ណោះ ពោលគឺ ចាប់អនុវត្តពីម៉ោង ៩ យប់ ដល់ម៉ោង ៣ ភ្លឺ ដើម្បីកុំឱ្យកកស្ទះចរាចរណ៍ រំខានដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹងមួយដែរ ដោយបាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងធ្វើចរាចរណ៍ ឆ្លងកាត់លើកំណាត់ ផ្លូវតំបន់នេះ សូមមេត្តាយោគយល់ អធ្យាស្រ័យ ចំពោះការរំខាន ក្នុងដំណើរការការដ្ឋាននេះ៕/V-PC