ដោយៈ ភ្នំខៀវ / បាត់ដំបងៈ ជំនន់ទឹកភ្លៀង ហក់ឡើងខ្ពស់ ហូរឆ្លងកាត់ស្ពានដែល ចរាចរណ៍ សម្រាប់រថយន្តនៅច្រកទ្វាអន្តរជាតិដូង ខេត្តបាត់ដំបង អាជ្ញាធរមានសមត្ថកិច្ច ប្រកាសបិទផ្អាករថយន្តធុនតូច ឆ្លងកាត់បណ្តោះអាសន្ន នៅព្រឹកមិញ។

ប្រជាពលរដ្ឋនៅតំបន់ព្រំដែន ស្រុកកំរៀង បានប្រាប់ឲ្យដឹង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២២ នេះថាៈ អាកាសធាតុ នៅតំបន់ព្រំដែន រយៈពេលចុងក្រោយនេះ មេឃបានបង្អុរ ទឹកភ្លៀងជាច្រើន បន្តបន្ទាប់ ដែលសឹងតែមិនមានបើកថ្ងៃ ពិសេសនៅពេលយប់ ទឹកភ្លៀង បន្តធ្លាក់យ៉ាងជោកជំាខ្លាំង។

ប្រភពដដែល បានបន្តថាៈ ផ្ទៃមេឃបន្តធ្លាក់ភ្លៀងឥតស្រាកស្រាន ប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅតំបន់ទំនាបមួយចំនួន ញំាញីដោយទឹកជំនន់ ពិសេសនៅក្នុងភូមិសាស្ត្រ ទីប្រជុំជនស្រុកកំរៀង ក៏ដូចជា នៅតំបន់ក្បែរគ្នា បានបង្កឲ្យជំនន់ ទឹកភ្លៀង ហក់ឡើងខ្ពស់ នៅត្រង់កំណាត់ស្ពាន ឆ្លងកាត់អូរព្រំដែនច្រកទ្វាអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ជិត ៥ ម៉ែត្រ ។

ជុំវិញជំនន់គ្របដណ្តប់ផ្នែកខ្លះ នៃតំបន់ព្រំដែននេះ លោក សុខ ដែន អភិបាលស្រុកកំរៀង បានបញ្ជាក់ថាៈ ទឹកភ្លៀងបានជោរជនគំហុក ហើយបានហូរហៀរ ឆ្លងកាត់លើស្ពាន ចាប់តាំងពីព្រឹកមិញមក។ ត្រឹមម៉ោងជាង ១០ៈ០០នាទី ព្រឹកថ្ងៃទី១១ ខែតុលានេះ ទឹកជំនន់ដែលជន់លិចកំណាត់ស្ពានខាងលើ នៅមិនទាន់ស្រកថយនៅឡើយ។ ឥទ្ធិពល ទឹកជំនន់ ហក់ឡើងខ្ពស់ដល់ ៤,៨០ ម៉ែត្រនេះ អាជ្ញាធរ ក៏ដូចជាមន្ត្រីពាក់ព័ន្ធ បានសម្រេច បិទផ្អាកការចរាចរណ៍រថយន្តដឹកទំនិញធុនតូច ជាបណ្តោះអាសន្នសិន ដើម្បីបង្ការប៉ើង រសាត់រថយន្ត បង្កបញ្ហាគ្រោះថ្នាក់ផ្សេងៗ៕/V