ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាម ដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា លោក សួន សេរីរដ្ឋា បានថ្លែងប្រាប់រស្មីកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា នេះថាៈ ការសម្រេចក្តីរបស់តុលាការបារាំង លើសំណុំរឿង បណ្តឹងបរិហាកេរ្តិ៍ លើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាការសម្រេច មួយ ដែលបានផ្តល់នូវយុត្តិធម៌ ពេញលេញជូន សម្តេចតេជោ ហ៊ុន សែន ឲ្យលាងជម្រះនូវ ការចោទប្រកាន់លាបពណ៌ ទាំងបំពានពីសំណាក់មេបក្សនយោបាយ រត់ចោលស្រុក ដែលអួតអាងខ្លួនជាសញ្ជាតិបារាំង ។

លោកសួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា (រូបថតៈឯកសារ)

លោក សួន សេរីរដ្ឋា បានបញ្ជាក់ថាៈ “លទ្ធផលនៃសេចក្តីសម្រេចរបស់តុលាការបារាំងនេះ ក៏ជាដំបងមួយវ៉ៃសំពងយ៉ាងដំណំ លើក្បាលមេដឹកនាំនយោបាយ រត់ចោលស្រុក ឲ្យចេះ ភ្ញាក់ខ្លួន ពីអំណួតនយោបាយដ៏ឆ្កួតលេលារបស់ខ្លួន ដែលចូលចិត្តយកមាត់ស្អុយ មាត់វែង មាត់ខ្លីរបស់ខ្លួន និយាយកុហកបោកប្រាស់មហាជន លាបពណ៌ ចោទប្រកាន់លើ ប្រមុខដឹកនាំកម្ពុជា ដើម្បីទាញយកការចាប់អារម្ម និងកេងចំណេញនយោបាយផងនោះ ។ នេះសបញ្ជាក់ឲ្យឃើញថា «យុត្តិធម៌» មាននៅគ្រប់ទិសទី លើពិភពលោក សម្រាប់ជនរងគ្រោះ”។

ប្រភពដដែល បានលើកឡើងថាៈ សម្តេចតេជោ ហ៊ុន សែន គឺជាជនរងគ្រោះដែលទទួល នូវការចោទប្រកាន់ លាបពណ៌ពីសំណាក់ មេដឹកនាំនយោបាយរត់ចោលស្រុក (សម រង្ស៊ី) ដែលអាងតុលាការបារាំង និងអាងសញ្ជាតិបារាំងរបស់ខ្លួន និយាយវ៉ៃប្រហាបរិហាកេរ្ដិ៍ សម្តេចតេជោ ហ៊ុន សែន ម្តងហើយ ម្តងទៀត ។ យុត្តិធម៌ គឺមិនអាចយកសញ្ជាតិបរទេស របស់ពួកគេ អ្នកចោលស្រុកអស់នោះ មកធ្វើជាកន្ទបការពារ ឬក៏ទៅទិញដូរយកមក បានទេ។

លោក គី តិច ប្រធានក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់បណ្តាញ ព័ត៌មាន Fresh News ថាៈ ក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន បានចូលរួមជាមួយ ក្រុមមេធាវីជនជាតិបារាំង តំណាងរបស់សម្តេចតេជោ ហ៊ុន សែន និងលោក ឌី វីជ្ជា ចូលរួម ស្តាប់ប្រកាសសាលក្រម ដោយតុលាការទីក្រុងប៉ារីស ប្រទេសបារាំង ពាក់ព័ន្ធនឹងបណ្តឹង របស់សម្តេចតេជោ ហ៊ុន សែន ប្តឹង សម រង្ស៊ី និងពាក់ព័ន្ធនឹងបណ្តឹងរបស់លោក ឌី វិជ្ជា ប្តឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍។

លោក គី តិច បានបញ្ជាក់បន្ថែមថាៈ «នៅក្នុងបន្ទប់សវនាការ នៅព្រឹកមិញនេះ ចៅក្រម បានលើកសំអាងហេតុ និងការយល់ឃើញ លើចំណុចមួយ ដែលបញ្ជាក់ថាការចោទប្រកាន់ របស់ សម រង្ស៊ី ទៅលើសម្តេចតេជោ ពាក់ព័ន្ធនឹងការធ្លាក់ឧទ្ធម្ភាគចក្រ ដែលមានឯកឧត្តម ហុក ឡង់ឌី ជាជនរងគ្រោះ គឺពុំមានភស្តុតាង ឬការបញ្ជាក់ណាមួយ ឱ្យបានច្បាស់លាស់ ហើយក៏ពុំអាចចាត់ទុកថា សម្តេចតេជោ ពាក់ព័ន្ធនឹងការកើតហេតុ ឬនៅពីក្រោយ នៃការកើតហេតុនេះដែរ »។

លោកមេធាវី បានបន្តថាៈ «សំអាងហេតុរបស់ចៅក្រម ក៏បានលើកទៀតថា សម រង្ស៊ី បានដាក់ឯកសារ ជាសារព័ត៌មានជាឯកសារផ្សេងៗ មានភាពមិនច្បាស់លាស់ ស្រពិច ស្រពិលស្មុគស្មាញ ដែលតុលាការ ពុំអាចទទួលយកមកធ្វើជាសំអាងហេតុ ឱ្យបានត្រឹមត្រូវ ច្បាស់លាស់នោះទេ។ តុលាការ ក៏បានលើកសម្អាងហេតុមួយទៀត បញ្ជាក់ច្បាស់ថា សម រង្ស៊ី ពិតជាបាននិយាយបរិហារកេរ្តិ៍ ចំពោះសម្តេចតេជោ ដែលពុំអាចប្រកែកបាន»។

សូមបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន និងលោក ឌី វិជ្ជា តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានដាក់ពាក្យបណ្តឹង ជាផ្លូវការ ២ ដាច់ដោយឡែកពីគ្នា ដើម្បីប្តឹងបុគ្គល សម រង្ស៊ី ពីបទ «បរិហាកេរ្តិ៍ជាសាធារណៈ ចំពោះបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ៕/V