ដោយៈ ជា សីហៈ/ភ្នំពេញៈគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា ដែលដឹកនាំដោយក្រសួងពាណិជ្ជកម្ម បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសហព័ន្ធ និងសន្និបាតកំណើតដំបូង “សហព័ន្ធស្វាយចន្ទីកម្ពុជា” នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ម៉ៅ ថូរ៉ា និងលោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២២ កន្លងទៅ ។

លោក ម៉ៅ ថូរ៉ា បានថ្លែងថា សហព័ន្ធស្វាយចន្ទីនេះនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញអនុវត្តគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុកនិង ពិភពលោក និងចូលរួមលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជាលើទីផ្សារអន្តរជាតិបន្ថែមទៀត។

នៅក្នុងព្រឹត្តិការណ៍នោះ គណៈកម្មការរៀបចំការបោះឆ្នោតនិងអង្គសន្និបាតទាំងមូល បានពិនិត្យនិងអនុម័តលើសេចក្តីព្រាង លក្ខន្តិកៈនៃសហព័ន្ធស្វាយចន្ទីកម្ពុជា មុននឹងបន្តនីតិវិធីបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងសមាជិក នៃក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ដុជា ដោយមានអ្នកចូលរួមបោះឆ្នោតសរុបចំនួន ៤៧នាក់។

ជាលទ្ធផល សន្និបាតកំណើតដំបូងស្វាយចន្ទីកម្ពុជា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា បានប្រព្រឹត្តទៅដោយរលូន ដោយបានជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលសរុបចំនួន ១១នាក់ដែលក្នុងនោះ លោក អាន ដារ៉ា ត្រូវបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាល ២. លោក ស៊ុយ កុកធាន ជាអនុប្រធានទី១ និង៣. លោកស្រី មុត ចរិយា ជាអនុប្រធានទី២៕