ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី ១០ ខែ តុលា បានចូលរួមជាមួយ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងភាគីរាជ រដ្ឋាភិបាល អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣-២០២៧» ជាមួយតំណាងសមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងតំណាងអង្គការអន្តរជាតិខាងការងារស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ដោយមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងភ្ញៀវជាតិ-អន្តរជាតិប្រមាណជាង ៨០ រូប។

លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថាតាមរយៈការអនុវត្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មជាមួយនឹងបទដ្ឋានការងារ កម្ពុជាបានបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញម៉ាកយីហោល្បីៗក្នុងការដាក់បន្ថែមការបញ្ជាទិញផលិតផលសំខាន់ៗ រួមមាន សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង និងកាបូបនៅកម្ពុជាពីមួយឆ្នាំ ទៅមួយឆ្នាំកាន់តែច្រើនឡើងៗ។

លោក បានបន្តថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការមួយរបស់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង ដោយស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ និងបានបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក និងស្វែងរកទីផ្សារនាំចេញថ្មីៗ ជាពិសេសតាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តំបន់ និងពហុភាគី ដោយចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។

លោក រដ្ឋមន្រ្តី បញ្ជាក់ថា បេសកកម្មនេះ គឺដើរស្របតាមផែនការជាយុទ្ធសាស្រ្តនិងផែនការសកម្មភាព កំណត់ក្រោម «យុទ្ធសាស្រ្តអភិវឌ្បន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧»។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រុមការងារក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា អង្គការអន្តរជាតិខាងការងារស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលបានខិតខំប្រឹងប្រែងរហូតសម្រេចបាន នូវអនុស្សរណៈនៃការយោគយល់គ្នានេះ។ សូមជម្រាបជូនថា៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣-២០២៧» គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងស្នូលក្នុងបន្តការសហការគ្នាសំដៅធ្វើឱ្យលក្ខខណ្ឌការងារកាន់តែប្រសើរសម្រាប់កម្មករ នយោជិក ក្នុងវិស័យសម្លៀកបំពាក់ វាយនភ័ណ្ឌ សម្ភារៈធ្វើដំណើរ និងកាបូប តាមរយៈការអនុវត្តតាមច្បាប់ការងារនិងច្បាប់ពាក់ព័ន្ធរបស់កម្ពុជាក៏ដូចជាបទដ្ឋានការងារស្នូលដែលទទួលស្គាល់ជាអន្តរជាតិ ជាពិសេសលើសុវត្ថិភាព និងសុខាមាលភាពការងារ៕