ដោយ​៖ សុផល​/​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែតុលា ឆ្នាំ​២០២២ ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​សម័យប្រជុំ​លើក​ទី​៩​ព្រឹទ្ធសភា នីតិកាល​ទី​៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សមាជិក​ព្រឹទ្ធសភា​មាន​វត្តមាន​ចំនួន ៥៥​រូប​។​

​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ ហើយ​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥៥​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំង មូល​។​

​សេចក្តីព្រាងច្បាប់​នេះ មាន​គោលបំណង​សំខាន់​ជំរុញ​រំហូរ​វិនិយោគ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​បង្កើត​បរិយាកាស​វិនិយោគ​ដោយ​សេរី ងាយស្រួល មាន​តម្លាភាព និង​មាន​លក្ខណៈ​ប្រកួតប្រជែង ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់​វិនិយោគិន និង​ការវិនិយោគ​ក្នុង​អាស៊ាន ព្រមទាំង​មាន​ភាពចាំបាច់​សម្រាប់ធ្វើ​ការវាយតម្លៃ និង​ត្រួត​ពិនិត្យឡើងវិញ​នូវ​លក្ខខណ្ឌ​តម្រូវ​កាតព្វកិច្ច​ចំពោះ​វិនិយោគិន​បរទេស​ដែល​នៅ​ជា​ធរមាន​របស់​រដ្ឋ​សមាជិក និង​ពិចារណា​ធ្វើការ​ប្តេជ្ញាចិត្ត​បន្ថែម​នៅក្នុង​មាត្រា​៧ (​ការហាមឃាត់​លក្ខខណ្ឌ​តម្រូវ​ឱ្យបំពេញ​កាតព្វកិច្ច​) នៃ​កិច្ចព្រមព្រៀង​វិ​ន​យោគ​ទូលំទូលាយ​អាស៊ាន ដើម្បី​ធ្វើឱ្យ​កិច្ចព្រមព្រៀង​កាន់តែ​ប្រសើរឡើង និង​អំណោយផល​ដល់​ការទាក់ទាញ​វិនិយោគ​ពី​ប្រទេស​ផ្សេង​មក​ក្នុង​តំបន់​អាស៊ាន​។​

​ពិធីសារ​ទី​បួន​នេះ នឹង​ក្លាយជា​លិ​ខិ​តូ​បក​រណ៍​អន្តរជាតិ​មួយទៀត​ដែល​ជួយ​ឱ្យ​ព្រះរាជា​ណា​-​ចក្រ​កម្ពុជា​ក្នុងការ​ទាក់ទាញ​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​នៅក្នុង​បណ្តា​រដ្ឋ សមាជិក​អាស៊ាន មក​បណ្តាក់ទុន​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកបដោយ​ភាពជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សេចក្តីព្រាងច្បាប់​នេះ​តាក់តែងឡើង​មានពីរ​មាត្រា ត្រូវបាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​-​កម្ពុជា អនុម័ត​យល់ព្រម​ជា​លើកដំបូង​ចំនួន ៩៦​សំឡេង​នៃ​ចំនួន​សមាជិក រដ្ឋសភា​ទាំងមូល កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២២ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៨ នីតិកាល​ទី​៦​។​

​ក្រោយពី​សមាជិក​ព្រឹទ្ធសភា​ចំនួន បួនរូប បាន​ឡើង​មាន​យោបល់ និង​លើក​ជា​សំណួរ​សុំ​ការបំភ្លឺ​រួចមក លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម ពិសេស និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​អគ្គ​-​លេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ស្រាយ​បំភ្លឺ​ជូន​អង្គប្រជុំ​ព្រឹទ្ធសភា​៕​