ដោយៈដេប៉ូ/ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU)ជាមួយ ក្រុមហ៊ុនឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក (Foodpanda)ក្នុងគោលបំណងបង្កើតនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងគូភាគី ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការចូលរួមក្នុងព្រឹត្តិការណ៍នានា។


គួរបញ្ជាក់ថាពិធីចុះអនុស្សរណៈនេះ មានរយៈពេលពីរឆ្នាំ ដោយមានការចុះហត្ថលេខារវាង លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនិងលោកស្រី Pichaya Thongthua នាយកគ្រប់គ្រងស្តីទីរបស់ក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក (Foodpanda)។
លោក អ៊ិត សំហេង បានថ្លែងឱ្យដឹងថា គោលបំណងនៃពិធីចុះហត្ថលេខានេះ ដើម្បីបង្កើតកិច្ចសហការគ្នាផ្តល់នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទាំងជំនាញរឹង និងជំនាញទន់ ដើម្បីឲ្យបុគ្គលិក និង អ្នកដឹកជញ្ជូនរបស់ក្រុមហ៊ុនទាំងអស់ ទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទាំងនេះ ហើយក៏ជាការផ្តល់កិច្ចគាំពារបន្ថែមទៅដល់បុគ្គលិក និងអ្នកជញ្ជូនទៅជាសមាជិកបេឡាជាតិសន្តិសុខសង្គមដើម្បីទទួលអត្ថប្រយោជន៍ផ្សេងៗទៀត ខណៈកន្លងមកក្រុមហ៊ុនក៏បានផ្តល់សេវាធានារ៉ាប់រង ជាពិសេគ្រោះថ្នាក់ចរាចរណ៍ទៅដល់ផ្នែកអ្នកដឹកជញ្ជូន។
ទន្ទឹមគ្នានេះលោករដ្ឋមន្រ្តី បានកោតសរសើរដល់ក្រុមហ៊ុនដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជា ក្នុងការបង្កើតឱកាសការងារដល់យុវជនជិតមួយពាន់នាក់ ដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុននិងព្រមទាំង បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យពង្រីកសាខារបស់ខ្លួនឲ្យបានច្រើន ដើម្បីបង្កើនឱកាសការងារដល់យុវជន និងផ្គត់ផ្គង់ម្ហូបអាហារដល់ពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនទៀត។
លោករដ្ឋមន្ត្រីមើលឃើញថានៅក្នុងការបិទខ្ទប់ដោយសារការគំរាមកំហែងដោយកូវីដ-១៩ Foodpanda បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនម្ហូបអាហារសម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញបានយ៉ាងល្អ។
នាឱកាសនោះ លោកស្រី Pichaya Thongthua នាយកគ្រប់គ្រងស្តីទី បានជម្រាបជូនលោករដ្ឋមន្ត្រីអំពីការចូលរួមចំណែករបស់ក្រុមហ៊ុននៅក្នុងការចូលរួមដោះស្រាយអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងវឌ្ឍនភាពរយៈពេល៣ឆ្នាំ ដែលក្រុមហ៊ុនបានដំណើរការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ លោកស្រីយល់ឃើញថា បន្ទាប់ពីមានកិច្ចព្រមព្រៀងនេះជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រុមហ៊ុន ទាំងជំនាញរឹង និងជំនាញទន់ កាន់តែមានគុណភាព។
គួរបញ្ជាក់ថា Foodpanda គឺជាយីហោវេទិកាចែកចាយអាហារ និងគ្រឿងទេស ដែលជាកម្មសិទ្ធិរបស់ ក្រុមហ៊ុន Delivery Hero ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់។ ក្រុមហ៊ុននេះដំណើរការម៉ាកយីហោចំនួន ២០ នៅក្នុងប្រទេសប្រហែល ៥០ នៅទូទាំងទ្វីបចំនួន ៤។ បច្ចុប្បន្នម៉ាកយីហោ Foodpanda ដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចំនួន ១៤ នៅទូទាំងអាស៊ី ប៊ុលហ្គារី និងរូម៉ានី ត្រូវបានទិញដោយ Delivery Hero ក្នុងខែធ្នូ ឆ្នាំ ២០១៦។ ក្រុមហ៊ុននេះបានឈានជើងចូលទីផ្សារកម្ពុជា ដោយបានចុះបញ្ជីស្របច្បាប់ជាមួយក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។ សកម្មភាពអាជីវកម្មចម្បងរបស់ Foodpanda គឺជាទីផ្សារអនឡាញ និងសេវាកម្មដឹកជញ្ជូន។
Foodpanda ផ្តល់សេវាកម្មដឹកជញ្ជូនអាហារ និងគ្រឿងទេសដល់អតិថិជនតាមរយៈកម្មវិធីទូរស័ព្ទវៃឆ្លាត (smart phone) របស់អតិថិជន។ វត្តមានរបស់ Foodpanda បានសម្រួលឱ្យភោជនីយដ្ឋាន និងម្ចាស់ហាងដៃគូនានា អាចបង្ខិតគ្រឿងទេស និងម្ហូបអាហារទៅជិតអតិថិជន តាមរយៈការប្រព័ន្ធបច្ចេកវិទ្យា ដែលស័ក្តិសមនឹងសង្គមបដិវត្តឧស្សាហកម្មជំនាន់ទី៤៕ N