ដោយៈ ប.ខុន / ភ្នំពេញៈ ទឹកទន្លេសាប នៅចតុមុខ ចាប់ផ្តើមហូរចេញ ខណៈពេលទឹក បឹងទន្លេសាប នៅក្រគរ កំពង់លួង បន្តឡើងដល់កម្ពស់ ៧,៩៦ ម៉ែត្រ និងទឹកទន្លេមេគង្គ នៅចតុមុខ ស្ថិតនៅកម្ពស់ ៩,២២ ម៉ែត្រ ហើយទឹកទន្លេមេគង្គ នៅភាគខាងលើ បានចាប់ផ្តើមស្រកចុះជាលំដាប់រួចមក។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ថាៈ ទឹកទន្លេសាប ចាប់ ផ្តើមហូរចេញហើយ នៅថ្ងៃនេះ (១១តុលា) ហូរចេញដោយល្បឿនខ្សោយ បន្ទាប់ពីទឹក ទន្លេមេគង្គ នៅភាគខាងលើ បានស្រកចុះជាលំដាប់  តែទឹកបឹងទន្លេសាប នៅបន្តកើនឡើង ដោយសារស្ទឹងសំខាន់ៗ នៅជុំវិញបឹងទន្លេសាប នៅបន្តមានទឹកជំនន់នៅឡើយ។

អ្នកនាំពាក្យក្រសួងជំនាញខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ទឹកទន្លេមេគង្គ នៅភាគខាងលើ ស្រកចុះជាលំដាប់ តែអាចនៅមានជន់ឡើងវិញ ពេលបាតុភូតកើតឡើងថ្មី ហើយដើរចំអាង ទន្លេមេគង្គលើ តែបើមានហក់ឡើងវិញ ក៏ឡើងមិនខ្លាំងទៀតដែរ។ ទឹកបឹងទន្លេសាប នៅថ្ងៃនេះ បានឡើងជិតដល់កម្ពស់ ៨ ម៉ែត្រ ខណៈពេលទឹកទន្លេមេគង្គ នៅចតុមុខ បានឡើងដល់កម្ពស់ ៩,២២ ម៉ែត្រ។

តាមព្រឹត្តិប័ត្រព័ត៌មាន និងព្យាករកម្ពស់ទឹកទន្លេ នៅថ្ងៃទី១១ ខែតុលា ដោយក្រសួងធនធានទឹក និងឧតុនិយម បង្ហាញឱ្យឃើញថាៈ ទឹកទន្លេមេគង្គ នៅខេត្ត ស្ទឹងត្រែង មានកម្ពស់ ៧,៥០ ម៉ែត្រ ទាបជាងថ្ងៃទី១០ ខែតុលា ០,៣២ ម៉ែត្រ នៅខេត្ត ក្រចេះ ទឹកមានកម្ពស់ ១៨,១៨ ម៉ែត្រ ទាបជាងថ្ងៃទី១០ ខែតុលា ០,៣២ ម៉ែត្រ នៅខេត្ត កំពង់ចាម ទឹកមានកម្ពស់ ១២,៩១ ម៉ែត្រ ទាបជាងថ្ងៃទី១០ ខែតុលា ០,២០ ម៉ែត្រ  នៅទន្លេបាសាក់ ចតុមុខ ទឹកមានកម្ពស់ ៩,២២ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១០ ខែតុលា ០,០១ ម៉ែត្រ  នៅអ្នកលឿង ទឹកមានកម្ពស់ ៦,៧១ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១០ ខែតុលា ០,០៣ ម៉ែត្រ នៅទន្លេបាសាក់ កោះខែល ទឹកមានកម្ពស់ ៧,៧០ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១០ ខែតុលា ០,០១​ ម៉ែត្រ នៅទន្លេសាប ព្រែកក្តាម ទឹកមានកម្ពស់ ៨,៤១ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១០ ខែតុលា ០,០៤ ម៉ែត្រ នៅបឹងទន្លេសាប ក្រគរ កំពង់លួងទឹកបានឡើងដល់កម្ពស់៧,៩៦ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១០ ខែតុលា ០,១០ ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ កាលពីដើមឆ្នាំថាៈ រដូវវស្សាឆ្នាំ២០២២ នេះ ទន្លេមេគង្គ នៅចតុមុខ អាចនឹងឡើងដល់កម្ពស់ ៩,៦៥ ម៉ែត្រ ចាត់ទុកជាប្រភេទ ទឹកជំនន់មធ្យម៕ V / N