​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​អង្គារ​ទី​១១​តុលា​បាន​និយាយថា ខ្លួន​មាន​សមត្ថភាព​ចាប់​សញ្ញា​និង​ស្ទាក់​កំទេច​កាំជ្រួច​ប្រភេទ​ផ្សេងៗ​ដែល​កូរ៉េ​ខាងជើង​បាន​បាញ់​ក្នុង​ការហាត់​​សម​វាយប្រហារ​នុយក្លេអ៊ែរ​កាលពី​ពេល​ថ្មីៗ តែ​ថា​កម្មវិធី​នុយក្លេអ៊ែរ​ជឿនលឿនរបស់កូរ៉េខាងជើង​បង្ក​ការ​គំរាម​សន្តិសុខ​ធំធេង​មួយ​។​

​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា សមយុទ្ធ​ពីរ​សប្តាហ៍​ដែល​រួម​មាន​ការបាញ់​កាំជ្រួច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ក្លែងក្លាយ យន្តហោះ​ចម្បាំង​និង​ទ្រព្យ​ដទៃទៀត​គឺជា​ការហាត់​សម​ការវាយប្រហារ​​លើ​កូរ៉េខាងត្បូង​និង​គោលដៅ​អាម៉េរិក​។​វា​ដើម្បី​ជា​ការព្រមាន​ទៅកាន់​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​និង​វ៉ាស៊ីនតោន ដែល​បាន​ធ្វើ​សមយុទ្ធ​ទ័ពជើងទឹក​រួមគ្នា ដោយ​មាន​ការចូលរួម​ពី​នាវា​ដឹក​យន្តហោះ​ផង​។​

​មូន ហុង ស៊ិក​(Moon Hong Sik)​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង បាន​ពណ៌នា​ការ​គំរាម​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ថា​«​ធំធេ​ងនិង​ធ្ងន់ធ្ងរ​» តែ​លោក​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា​​ប្រព័ន្ធ​ការពារ​កាំជ្រួច​របស់​កូរ៉េខាងត្បូង​មាន​សមត្ថភាព​ចាប់​និង​ស្ទាក់​កំទេច​ប្រព័ន្ធ​សព្វាវុធ​ដែល​កូរ៉េខាងជើង​ប្រមូល​មក​សមយុទ្ធ​។​

​លោក​មូនបាន​និយាយថា កូរ៉េខាងត្បូង​នៅតែ​ជំរុញ​អោយ​បញ្ចេញ​ប្រើ​ផ្កាយរណប​ចារ​កម្ម ដ្រូ​ន​ស៊ើប​ការណ៍​និង​គ្រឿង​ប​រិក្ខា​ស៊ើបការណ៍ផ្សេងៗ​​តាំង​នៅ​សមុទ្រ​ដើម្បី​តាម​ឃ្លាំង​មើល​កូរ៉េ​ខាង​ជើ​អោយ​កាន់​​តែ​ប្រសើរឡើង​។​

​ទោះ​ជា​លោក​មូន​អះអាង​ដូច្នេះ ក៏​អ្នកសង្កេតការណ៍​ខ្លះ​បាន​និយាយថា មួយ​ផ្នែក​នៃ​សព្វាវុធ​ផលិត​ថ្មី​របស់​កូរ៉េ​ខាងជើង ដូចជា​កាំជ្រួច​កល​យុទ្ធ​ខ្ពស់​KN-23​យក​គំរូ​តាម​កាំជ្រួច​Iskander​របស់​រុស្ស៊ី​និង​​កាំជ្រួច​លឿន​ជាង​សម្លេង អាច​ជម្នះ​ប្រព័ន្ធ​ការពារ​កាំជ្រួច​របស់​អាម៉េរិ​ក​និង​កូរ៉េខាងត្បូង​បាន​។​ពួកគេ​បាន​និយាយថា បើ​កូរ៉េខាងជើង​បាញ់​កាំជ្រួច​ច្រើន​គ្រាប់​ក្នុងពេល​តែមួយ​ចេញ​ពី​ទីតាំង​ផ្សេងៗ​គ្នា​​វា​ពិបាក​អោយ​សម្ពន្ធមិត្ត​រកឃើញ​ការ​ងើប​ចេញ​របស់​កាំជ្រួច​ជា​មុន​ដើម្បី​បាញ់​ទម្លាក់​វា​។​

​រូប​ទូរទស្សន៍​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​១០​តុលា​បង្ហាញ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ពិនិត្យមើល​ការបាញ់​កាំជ្រួច​នៅទីទាំងមិនបញ្ជាក់មួយ

​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក យូ​ន ស៊ុក យ៉ូល បាន​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ​កាំជ្រួច ដោយ​សហការ​ជាមួយ​អាម៉េរិក​និង​ជប៉ុន​។​លោក​ថា ការបង្ហាញ​សព្វាវុធ​កាល​​ពី​ពេល​ថ្មីៗ​បញ្ជាក់​ថា​ការ​គំរាម​នុយក្លេអ៊ែរ​ពី​កូរ៉េខាងជើង​«​កាន់តែ​ធ្ងន់ធ្ងរ​ពីមួយថ្ងៃទៅមួយថ្ងៃ​»៕