ដោយ​: សុផល​/​ភ្នំពេញ​: យោងតាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងទេសចរណ៍​នា​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២២ បានឱ្យដឹងថា​កាលពី​រសៀល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២២ លោក ថោង រដ្ឋ​សក្ដិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួងទេសចរណ៍ បាន​ពិភាក្សា​ការងារ​ជាមួយ លោក​បណ្ឌិត ហា វ៉ាន់ ស៊ា​វ (Ha Van Sieu) អនុប្រធាន​រដ្ឋបាលជាតិ​ទេសចរណ៍​វៀតណាម (VNAT) នៃ​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍ វៀតណាម​ទីក្រុង Quam Nam ប្រទេស​វៀតណាម​។​

 

​ភាគី​ទាំង​ពីរបាន​ពិនិត្យ​លើ​វឌ្ឍនភាព​ការងារ និង​លទ្ធផល​សម្រេចបាន​ក្នុងការ​អនុវត្ត​ស្មារតី​នៃ​កិច្ចប្រជុំ​ក្រុមការងារ​រួម​ទេសចរណ៍​កម្ពុជា​-​វៀតណាម​លើក​ទី​២ កាលពី​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយផ្ទាល់ និង​អន​ឡាញ​នៅ​ខេត្ត​កែប​។​

​ប្រភព​ដដែល បានឱ្យដឹងថា​៖​ភាគី​ទាំងពីរ​ក៏បាន​អនុម័ត​ផែនការ​សកម្មភាព​រួម​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ២០២៣-២០២៤ ដែល​ផ្តោតលើ​កិច្ចប្រតិបត្តិការ​សំខាន់ៗ​ដូចជា​៖ ១)- ពង្រឹង​ការសម្របសម្រួល​ការធ្វើ​ដំណើរ និង​ការឆ្លងកាត់​ព្រំដែន​, ២)- ការផ្សព្វផ្សាយ និង​សិក្សា​ទីផ្សារ​រួមគ្នា​ក្រោម​មូលបទ “​ប្រទេស​ពីរ គោលដៅ​មួយ​“ , ៣)- ការចែករំលែក​បទពិសោធ​ន៍ និង​ព័ត៌មាន​, ៤)- ការអភិវឌ្ឍន៍ និង​ការតភ្ជាប់​ផលិតផល​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ ដូចជា​ការចូលរួម​ចែករំលែក​បទពិសោធន៍​ដល់ ការអភិវឌ្ឍន៍​ក​សិ​ទេសចរណ៍ ដោយ​ផ្តោត​ជាពិសេស​លើ​ការរៀបចំ​សួនផ្កា និង​សួន​ដំណាំ និង​ការអភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ថ្មី​ផ្សេងទៀត​នៅក្នុង​ខេត្ត​មណ្ឌល​គិ​,\​រី ស្របតាម​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី ២០២១-២០៣៥, ៥)- ជំរុញ​ព្រឹត្តិការណ៍​ទេសចរណ៍​កីឡា ដូចជា កីឡា​វាយ​កូន​ហ្គោល ប្រណាំង​កង់ កីឡា​លើ​ឆ្នេរសមុទ្រ​និង​កីឡា​លើទឹក រៀងរាល់ឆ្នាំ​ក្នុងប្រទេស​ទាំងពីរ​, ៦)- រួមគ្នា​ជំរុញ​ទេសចរណ៍​ម្ហូបអាហារ​, ៧)- ត​ភ្ជាប់​គោលដៅ​ទេសចរណ៍​តាមរយៈ​ផ្លូវ​សមុទ្រ និង​កសាង​កញ្ចប់​ទេស​ចរណ៍​នាវា​រួមគ្នា​ដែលជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​ច្រករបៀង​ទេសចរណ៍​សមុទ្រ​ខាងត្បូង ជាពិសេស​ផ្លូវ​សមុទ្រ​ថ្មី កំពង់ផែ​ទេសចរណ៍​កំពត​-​កំពង់ផែ​ទេសចរណ៍ Bai Vong​។

​គួរបញ្ជាក់​ផងដែរ អនុវត្តតាម​ស្មារតី​នៃ​កិច្ចប្រជុំ​ក្រុមការងារ​ទេសចរណ៍​លើក​ទី​២ និង​ស្មារតី​នៃ​ជំនួប​ពិសេស​រវាង​រដ្ឋមន្ត្រី​ទេសចរណ៍​ទាំងពីរ​កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២ សកម្មភាព​ក្នុងការ​ជំរុញ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​ត្រូវបាន​អនុវត្ត​យ៉ាង​ផុលផុស​ហើយ​កំណើន​ទេសចរ​វៀតណាម​មក​កម្ពុជា​មានការ​កើនឡើង គួរ​ឲ្យ​កត់សម្គាល់ ដោយ ៨​ខែ​ដើមឆ្នាំ​២០២២​នេះ ទេសចរ​វៀតណាម​ប្រមាណ ២៤​ម៉ឺន​នាក់​បានមក​កំសាន្ត​នៅ​កម្ពុជា​កើនឡើង​ជាង​៣០០០%​ធៀប​នឹ រយៈពេល ដូចគ្នា​ក្នុង​ឆ្នាំ​២០២១៕​