​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាលពី​ថ្ងៃ​អង្គារ​ទី​១១​តុលា មេដឹកនាំ​ហុងកុង​អស់សំណើច​នឹង​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំងនឹង​រូបគាត់​ខណៈ​គាត់​និយាយ​ការពារ​ការសម្រេចចិត្ត​​របស់​រដ្ឋាភិបាល​របស់​គាត់​ក្នុង​ការ​មិន​ធ្វើ​សកម្ម​ភាព​ប្រឆាំងនឹង​នាវា​ទំនើប​ដែល​គេ​រាយការណ៍​ថា​ជា​កម្មសិទ្ធិ​របស់​សម្ពន្ធ​មិត្ត​វិមាន​ក្រឹម​ឡាំង​។​

​នាយក​ប្រតិបត្តិ​ហុងកុង​លោក ច​ន លី

​នាវា​ឈ្មោះ Nord​តម្លៃ ៥០០ លាន​ដុល្លារ ដែល​ផ្សារភ្ជាប់​ជាមួយ​មហាសេដ្ឋី​រុស្ស៊ី លោក អា​ឡិច​សី ម៉ូ​ដា​សូវ (Alexei Mordashov) បាន​មកដល់​ដែនទឹក​របស់​ចិន​កាលពី​សប្តាហ៍​មុន​។​

​លោក​ម៉ូ​ដា​សូវ​បាន​ស្ថិតក្នុង​ចំណោម​មហាសេដ្ឋី​ដែល​ស្និទ្ធ​នឹង​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ដែល​ត្រូវបាន​កំណត់​គោលដៅ​ដោយ​ទណ្ឌកម្ម​របស់​លោក​ខាងលិច បន្ទាប់​ពី​ការឈ្លានពាន​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូលើ​អ៊ុ​យក្រែន​។​

​កាលពី​ថ្ងៃ​សៅរ៍ សហរដ្ឋ​អាម៉េរិក​បាន​ព្រមាន​ថា ទីក្រុង​ហុងកុង​អាច​បំផ្លាញ​កេរ្តិ៍ឈ្មោះ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ខ្លួន បន្ទាប់​ពី​ទីក្រុង​នេះ​បាន​និយាយថា​ខ្លួន​នឹង​មិន​អនុវត្ត​ទណ្ឌកម្ម​លើ​នាវា​ទំនើប​នេះ​ទេ​។​

​នាយក​ប្រតិបត្តិ​ហុងកុង​លោក ច​ន លី (John Lee) ខ្លួនឯង​ផ្ទាល់​គឺជា​មន្ត្រី​ចិន​ម្នាក់​ក្នុងចំណោម​មន្ត្រី​ចិន​ជាច្រើន​នាក់​ដែល​ត្រូវបាន​ដាក់​ទណ្ឌកម្ម​ដោយ​សហរដ្ឋ​អាម៉េរិក​ក្នុង​ឆ្នាំ ២០២០​សម្រាប់​​តួនាទី​របស់​ពួកគេ​ក្នុង​ការបង្ក្រាប​សេរីភាព​នយោបាយ​នៅក្នុង​ទីក្រុង​។​

​ធនាគារ​និង​ក្រុមហ៊ុន​ផ្សេងទៀត​ប្រថុយ​នឹង​ការបាត់បង់​ការចូលទៅ​កាន់​ទីផ្សារ​ពិភពលោក ដែល​គ្រប់គ្រង​ដោយ​សហរដ្ឋ​អាម៉េរិក ប្រសិន​បើ​ពួកគេ​ធ្វើ​ជំនួញ​ជាមួយ​មន្ត្រី​ដែល​ជាប់​ទណ្ឌកម្ម​។​

​នៅពេល​សួរ​អំពី​ផលប៉ះពាល់​នៃ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំងនឹង​គាត់​កាលពី​ថ្ងៃ​អង្គារ លោក​លី​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា “​វា​គឺជា​ទង្វើ​ព្រៃផ្សៃ​បំផុត​ហើយ​ខ្ញុំ​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​​អំពី​ឥទ្ធិពល​នៃ​ទង្វើ​ព្រៃផ្សៃ​បែបនេះ​ទេ​។ យើង​គ្រាន់តែ​អស់សំណើច​នឹង​អ្វី​ដែល​គេ​ហៅថា​ទណ្ឌកម្ម​ប៉ុណ្ណោះ​”​។​

​មហាសេដ្ឋី​ជាប់​ទណ្ឌកម្ម​មួយចំនួន​ត្រូវបាន​គេ​រឹបអូស​នាវា​ប្រណីត​របស់​ពួកគេ​នៅ​កន្លែង​ដូចជា​អេ​ស្ប៉ាញ​និង​ហ្វី​ជី ប៉ុន្តែ​ហុងកុង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ខណៈ​ខ្លួន​អនុវត្ត​ទណ្ឌកម្ម​របស់​អង្គការ​​សហប្រជាជាតិ ខ្លួន​នឹង​មិន​អាច​អនុវត្ត​ការដាក់ទណ្ឌកម្ម “​ឯកតោ​ភាគី​” ដោយ​ប្រទេស​ឬ​ប្លុក​នោះទេ​។​

​លោក​លី​បាន​និយាយ​ឡើងវិញ​នូវ​អំណះអំណាង​នោះ​កាលពី​ថ្ងៃ​អង្គារ ដោយ​ពណ៌នា​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋ​អាម៉េរិក​និង​អឺរ៉ុប​ថា​មិន​មាន “​មូលដ្ឋាន​ច្បាប់​” ។​

​លោក​បាន​និយាយថា “​យើង​នឹង​អនុវត្តតាម​សេចក្តីសម្រេចចិត្ត​ណាមួយ​របស់​អ​.​ស​.​ប​ស្តីពី​ការដាក់ទណ្ឌកម្ម ពីព្រោះ​ហុងកុង​មាន​មូលដ្ឋាន​ច្បាប់​ដើម្បី​អនុវត្ត​វា​”​។​

​ប៉ុន្តែ​លោក​បាន​បន្ថែមថា “​យើង​មិន​អាច​និង​មិន​ធ្វើ​អ្វី​ដែល​គ្មាន​មូលដ្ឋាន​ច្បាប់​នោះ​ទេ​”៕

​ការមកដល់​នៃ​នាវា​គ្រប់គ្រង​ដោយ​មហាសេដ្ឋី​រុស្ស៊ី​នៅក្នុង​ទីក្រុង​ហុងកុង​បាន​បន្ត​ជម្លោះ​ជុំវិញ​ការដាក់ទណ្ឌកម្ម​