ដោយៈ ភ្នំខៀវ / បាត់ដំបងៈ ជ្រុងមួយនៃជំនឿពីបុរាណ តាមប្រពៃណី នៃពិធីបណ្តែតប្រទីប របស់ប្រជាពលរដ្ឋ ក្នុងភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោក ផាន់ ថងដារិទ្ធិ មេក្រុមដឹកនាំរៀបចំធ្វើប្រទីប ប្រចាំភូមិដាំស្ពៃ នៅព្រលប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានប្រាប់ឲ្យដឹងថាៈ លោក ក៏ដូចជា បងប្អូនដទៃទៀត នៅក្នុងភូមិ ដោយសារតែការប្រកាន់ខ្ជាប់ អនុវត្តតាមដូនតា ស្របគ្នានឹងការស្រឡាញ់ គោរពតាមជំនឿ សាសនារបស់លោក តាំងពីតូចៗមកផងនោះ លោកក៏រៀបចំធ្វើនៅឆ្នាំនេះបន្តទៀត មិនឲ្យ ខុសពីទំនៀមទំលាប់ កន្លងមក ឬល្អៀងពីបែបផែនរបស់ព្រលឹងបុព្វបុរស ម្ចាស់ភូមិឡើយ។

លោក ផាន់ ថងដារិទ្ធិ បានបន្ថែមថាៈ ការប្រព្រឹត្តឡើង នៃពិធីបណ្តែតប្រទីបឆ្នាំនេះ ពិតជា មានភាពអធិកអធម សប្បាយរីករាយ និងទទួលបានជាកុសលផលបុណ្យគ្រប់គ្នា ម៉្យាងទៀត ជាឱកាសបង្ហាញដល់អ្នកបន្តវេន រួមមាន កូនចៅអ្នកជំនាន់ក្រោយ បានដឹង និងយល់ពីអត្ថន័យ នៃពិធីបែបសាសនាមួយនេះ។

ចំណែក លោក វ៉ែន វ៉ាន់ អាយុជាង ៦០ ឆ្នាំ ជាប្រជាពលរដ្ឋចាស់ទុំម្នាក់ រស់នៅក្នុងភូមិ បានបញ្ជាក់ដែរថាៈ ពិធីបណ្តែតប្រទីប ដ៏សែនររីករាយនេះ ធ្វើឡើងនៅថ្ងៃ ១៥ កើត ខែអស្សុជ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងថែរក្សា រឹតចំណងសាមគ្គីភាព រវាងបងប្អូនក្នុង និងក្រៅភូមិ ទៅតាមទំនៀមទំលាប់ ប្រពៃណីខ្មែរពីដូនតា។ រីឯអ្នកភូមិ ដែលមានកម្លាំងរឹងមាំ ក្រោយស្វែងរកដើមចេក ចំនួនពី ៣ ទៅ ៤ ដើម ហើយនាំគ្នាច្នៃធ្វើប្រទីបទៅតាមម៉ូត ក្បាច់រចនា ដែលចង់បាន ក្នុងទំហំបណ្តោយប្រវែង ២ ម៉ែត្រកន្លះ និងទទឹង ៧០ សង់ទីម៉ែត្រ វែងជាងនេះ រួចតុបតែងដាក់ផ្កាភ្ញី គោមបំភ្លឺ នំ ផ្លែឈើ អង្ករ អំបិល ប្រហុក ត្រីងៀត ត្រីឆ្អើរ ជាដើម ដើម្បីបានជាស្បៀងសម្រាប់ជូនដំណើរព្រលឹងអមនុស្ស ជាដូនតា ឲ្យត្រឡប់ទៅ កាន់ទីដ្ឋាន ដ៏សមគួរវិញ។

លោក វ៉ែន វ៉ាន់ បានបញ្ជាក់បន្តថាៈ ក្រៅពីអត្ថន័យខាងលើ ពិធីដដែលនេះ ក៏តម្រូវឲ្យអ្នកភូមិ ចូលរួមជាថវិកា ទោះតិចក្តីច្រើនក្តី រួចអ្នកភូមិទាំងនោះ អុជធូបបួងសួង អង្វរសុំទោសដល់ ព្រះគង្គា ព្រះធរណី ព្រះពាយ ព្រះអាទិត្យ និងជាមនុស្សរស់ មានៈ លោកតា លោកយាយ ឳពុកម្តាយ សាច់ញាតិ រៀមច្បងជាច្រើនទៀត ឲ្យលើកទោសឲ្យ ដែលមានកន្លងមក ឲ្យហូរទៅតាមទឹក រសាត់ទៅតាមខ្យល់ ទៅជាមួយវិញ្ញាណដូនតា ដែលបានបញ្ជូនទៅ ពីឋានមនុស្ស បន្តទៀត អ្នកស្រុកបាននាំគ្នាដង្ហែប្រទីប ដែលធ្វើដោយការផ្ចិតផ្ចង់នោះ បណ្តែតទឹកស្ទឹង ទន្លេ បឹង បួរ ដែលមាននៅក្នុងតំបន់ជាការស្រេច៕ V / N