​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​,thaipbsworld)៖​ថៃ​នឹង​បង្កើន​ការបង្ក្រាប​ក្រុម​ផលិត​និង​ចែក​ចាយប្រាក់​ដុល្លារ​ក្លែងក្លាយ​ដើម្បី​ការពារ​អ្នកវិនិយោគ​ក្នុងស្រុក​ដែល​ស្វះស្វែង​រក​ទ្រព្យ​សុវត្ថិភាព​ដោយ​​ទិញ​ប្រាក់​ដុល្លារ​ទុក​នៅ​ពេល​លុយ​បាត​ធ្លាក់​ថ្លៃ​ទាប​បំផុត​ធៀប​នឹង​ដុល្លារ​នៅ​រយៈពេល​១៦​ឆ្នាំ​មកនេះ​។​

​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​បញ្ជា​អោយ​បណ្តា​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​តាមដាន​ត្រួតពិនិត្យ​អោយ​ម៉ឺងម៉ាត់​ទៅលើ​ចរាចរណ៍​លុយ​ក្លែងក្លាយ​និង​ចាប់​វា នេះ​បើ​តាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​​លោក អានុ​ចា ប៊ូ​រ៉ា​ផា​ឆៃ​ស្រ៊ី​(Anucha Burapachaisri)​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​។​

​ការ​បញ្ជា​អោយ​បង្ក្រាប​នេះ​កើត​ឡើង​ក្រោយ​ការចាប់​បាន​ដុល្លារ​ក្លែងក្លាយ​៩០០.០០០​ដុល្លារ​នៅ​ក្បែរ​ទីក្រុង​បាងកក​កាលពី​សប្តាហ៍​មុន​ក្នុង​ប្រតិបត្តិ​ការរួម​គ្នា​រវាង​ការិយាល័យ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​អេ​ឡិ​ច​​ត្រូ​និច​ថៃ និង​មន្ត្រី​ទៅ​ពី​ស្ថានទូត​អាម៉េរិក​។​

​លោក អានុ​ចាបា​ននិយាយថា​ដុល្លារ​ក្លែងក្លាយក៏​ត្រូវបាន​គេ​រកឃើញ​ថា​ធ្វើ​ចរាចរណ៍​នៅក្នុង​ប្រទេស​ក្បែរ​ខាង​របស់​ថៃ​នា​ពេលកន្លងមក​។​អ្នកណា​ដែល​រកឃើញ​ថា​មាន​កំហុស​ក្នុង​ការផលិត​ឬ​ជួញដូរ​រូប​បិយ​​ប័ណ្ណ​ក្លែងក្លាយ​អាច​ជាប់គុក​មួយជីវិត ឬ​ជាប់គុក​២០​ឆ្នាំ​និង​រង​ការ​ពិន័យ​ប្រាក់​២០.០០០​បាត​។​

​សូមបញ្ជាក់​ថា​លុយ​បាត​បាន​ធ្លាក់​ថ្លៃ​អស់​មួយ​ភាគ​ប្រាំ​ទល់នឹង​ប្រាក់​ដុល្លារ​ចាប់តាំងពី​ដើមឆ្នាំ​២០២០​ដោយ​ជំរុញ​អោយ​វិនិយោគិន​នាំគ្នា​ដូរ​ប្រាក់​ដុល្លារ​ទុក​ដើម្បី​សុវត្ថិភាព​។​លុយ​បាត​បាន​ធ្លាក់​ដល់​ក្រោយ​៣៧​បាត​ក្នុង​មួយ​ដុល្លារ ជាហេតុ​នាំ​អោយ​លេច​ពាក្យ​ចចាមអារ៉ាម​ថា​វា​អាច​នឹង​ចុះ​ដល់​៤០​បាត​ក្នុង​មួយ​ដុល្លារ​។​

​ដុល្លារ​ក្លែងក្លាយ​នេះ​ត្រូវបាន​ប្រកាស​លក់​តាម​អន​ឡាញ​។​ប៉ូលិស​ដែល​ក្លែង​ជា​អ្នកបើក​តាក់ស៊ី​បាន​ទាក់ទង​ទិញ​ដុល្លារ​ក្នុង​បរិមាណ​ដ៏​ច្រើន​និង​ចាំ​ទទួលយក​វា​នៅក្បែរ​ខុន​ដូរ​មួយ​។​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​​បង្ហាញខ្លួន ជាមួយនឹង​ស្បោង​ខ្មៅ​ផ្ទុក​ក្រដាសប្រាក់​១០០​ដុល្លារ​ចំនួន ២.០០០​សន្លឹក​។​ក្រោយ​ត្រូវ​បាន​ចាប់ខ្លួន ស្ត្រី​នោះ​បាន​ប្រាប់ថា​ខ្លួន​បាន​ទទួល​ស្បោង​នេះ​ពី​បុរស​ម្នាក់​ឈ្មោះ ប៉ានូ​ដេត​ដើម្បី​នាំ​មក​​អោយ​បុរស​ម្នាក់​នៅ​ខុន​ដូរ​នោះ​។​

​ក្រោយមក​ប៉ូលិស​បាន​ចាប់​បុរស​ឈ្មោះ ប៉ានូ​ដេត ជាមួយនឹង​លុយ​ដុល្លារ​ក្លែងក្លាយ​៧​សែន​ដុល្លារ​ទៀត​នៅក្នុង​ខេត្ត​ណុន​ថា​ប៊ូ​រី​។​

​ប៉ូលិស​ថៃ​បានអោយដឹងថា មន្ត្រី​ស្ថានទូត​អាម៉េរិក​បាន​ទទួល​ស្គាល់​ថា ដុល្លារ​ក្លែងក្លាយ​នេះ​គុណភាព​ល្អ​ដែល​បាន​ចរាចរណ៍​នៅក្នុង​ប្រទេស​ថៃ​និង​នៅក្នុង​ប្រទេស​ក្បែរ​ខាង​៕

​លុយ​ដុល្លារ​ក្លែងក្លាយ​ត្រូវ​បា​ប់​បាន​នៅក្នុង​ខេត្ត​ណុន​ថា​ប៊ូ​រី​