ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល កាលពីថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២២ បានចុះពិនិត្យក្នុងដំណើរការកត់ត្រាទិន្នន័យស្លរ៉ែមាសលើកទី១ របស់ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ដោយមានការចូលរួមពីលោក វ៉ា ថន អភិបាល ខេត្តក្រចេះ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។

នៅថ្ងៃនោះ ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd បានបើកដំណើរការកត់ត្រាទិន្នន័យស្លរ៉ែមាសលើកទី១ របស់ខ្លួន ដែលក្នុងនោះបានកត់ត្រាថ្លឹងកំហាប់រ៉ែមាស (Gold Concentrates) មានទម្ងន់ ៧.៨៤៩ ក្រាម និងបានយកកំហាប់រ៉ែមាសនោះទៅស្ល និងចាក់ចេញជាដុំមាស (Gold Doré) បានចំនួន ៧ដុំ មានទម្ងន់សរុប ៨.២១២,២៧ ក្រាម ដែលមានអត្រាភាពសុទ្ធ ៩៩,៩% ។

ក្រសួងបានអះអាងថា តាមគម្រោងសាកល្បង ៣ខែ ដំបូង ក្រុមហ៊ុនគ្រោងផលិតឱ្យបាន ២០គីឡូក្រាមក្នុងមួយខែ ដែលគិតត្រឹមខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ក្រុមហ៊ុនគ្រោងផលិតឱ្យបាន ចំនួន ៦០គីឡូក្រាម។

ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ទទួលបានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មរ៉ែមាស ពីក្រសួងរ៉ែនិងថាមពល កាលពីខែសីហា ឆ្នាំ២០១៨ លើទំហំដីចំនួន ២៨ គីឡូម៉ែត្រក្រឡា ដើម្បីប្រតិបត្តិការអាជីវកម្មរ៉ែមាសរបស់ខ្លួននៅស្រុកសំបូរ ខេត្តក្រចេះ។ ក្រោយពីទទួលបានអាជ្ញាបណ្ណ ក្រុមហ៊ុនបានតម្លើងខ្សែសង្វាក់ផលិតកម្មអាជីវកម្មរបស់ខ្លួន តែដោយសារតែបញ្ហាកូវីដ១៩ ក្រុមហ៊ុនទើបតែបានបញ្ចប់ការសាងសង់ និងរៀបចំខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននៅក្នុងខែតុលា ឆ្នាំ២០២២ នេះ៕