​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​ចន្ទទី​១០​តុលា​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូថា​បាន​ប្រើប្រាស់​ដ្រូ​ន​ផលិត​ដោយ​អ៊ីរ៉ង់​ជា​ផ្នែក​នៃ​ការវាយប្រហារ​ដ៏​សាហាវ​ជា​​ច្រើន​ដែល​កងកម្លាំង​រុស្ស៊ី​បាន​បើក​ធ្វើ​នៅ​ទូទាំង​អ៊ុ​យក្រែន​។​

​រដ្ឋាភិបាល​ក្រុង​គៀវ​បាន​និយាយថា មី​ស៊ី​ល​ឬ​ដ្រូ​ន​ចំនួន ៨៣ ត្រូវ​បាន​បាញ់​ប្រឆាំង​នឹង​ប្រទេស​អ៊ុយ​ក្រែន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ដោយបាន​វាយប្រហារ​រដ្ឋធានី​និង​ទីក្រុង​ជា​ច្រើន​ផ្សេង​ទៀត​ដោយ​សម្លាប់​ជន​​ស៊ីវិល​ជា​ច្រើន​នាក់​នៅក្នុង​ដំណើរការ​នេះ​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយថា កងកម្លាំង​រុស្ស៊ី​បាន​ប្រើប្រាស់​ទាំង​មី​ស៊ី​ល​និង​ដ្រូ​ន​ផលិត​ដោយ​អ៊ីរ៉ង់ ដែល​គេ​ជឿ​ថា​ត្រូវ​បាន​បញ្ជូន​ពី​ប្រទេស​បេឡា​រូស​ដើម្បី​វាយប្រហា​រប្រ​​ទេស​របស់គាត់​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយ​នៅក្នុង​សុន្ទរកថា​វីដេអូ​នៅលើ Telegram ថា “​ពួក​គេ​ចង់ឱ្យ​មាន​ភាព​ភ័យ​ស្លន់ស្លោ​និង​ភាពវឹកវរ​។ ពួក​គេ​ចង់​បំផ្លាញ​ប្រព័ន្ធ​ថាមពល​របស់​យើង​”​។ លោក​បាន​បន្ថែមថា “​រុស្ស៊ី​កំពុង​ព្យាយាម​បំផ្លាញ​យើង ហើយ​លុបបំបាត់​យើង​ឱ្យ​ផុត​ពី​ផែនដី​”​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ Facebook យោធា​អ៊ុយ​ក្រែន​បាន​បញ្ជាក់​ថា ស​ត្រូវបាន​ប្រើ​ដ្រូ​ន Shahed-136​របស់​អ៊ីរ៉ង់​ក្នុង​ការវាយប្រហារ​ដែល​បាន​ចាប់ផ្តើម​ពី​ទឹកដី​បេឡា​រូស​និង​ឧបទ្វីប​​គ្រី​ម៉េ ដែល​រុស្ស៊ី​កាត់​យក ដោយ​បន្ថែម​ថា ដ្រូ​ន​ចំនួន​ប្រាំបួន​គ្រឿង​ត្រូវបាន “​បំផ្លាញ​”​។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ អ៊ុយ​ក្រែន​បាន​និយាយថា ខ្លួន​បាន​បាញ់​ទម្លាក់ដ្រូន HESA Shahed 136 ជាច្រើន​គ្រឿង ដែល​កំពុង​ហោះ​សំកាំង (​គេ​ស្គាល់​ផងដែរ​ថា​ដ្រូ​ន​អត្តឃាត ឬ ដ្រូ​ន Kamikaze)​។​

​រវាង​ថ្ងៃទី ៣០ ខែកញ្ញា​ដល់​ថ្ងៃទី ៦ ខែតុលា​តែឯង ក្រសួងការពារជាតិ​អ៊ុយ​ក្រែន​បាន​និយាយថា ខ្លួន​បាន​បំផ្លាញ​អាវុធ​បែប​នេះ​ចំនួន ២៤ គ្រឿង​ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​ហោះហើរ​ដោយ​ផ្ទាល់​ទៅ​កាន់​​គោលដៅ ក្នុង​ចំនួន​ច្រើន​លើសលប់​និង​គេច​ពី​ខែល​ការពារ​ដែនអាកាស​នៅតាម​ផ្លូវ​។​

​ជាមួយនឹង​រយៈ​ចម្ងាយ​ជាង ៦០០ ម៉ា​យ (​ជិត​១.០០០​គីឡូម៉ែត្រ​) ដ្រូ​ន​ផ្ទុក​គ្រឿងផ្ទុះ​ទាំងនេះ​អាច “​រង់ចាំ​” ពីលើ​គោលដៅ​សក្តានុពល​ជាច្រើន​ម៉ោង មុន​ពេល​បំបុក​ដោយ​ផ្ទាល់​ទៅលើ​ទាហាន​សត្រូវ យានយន្ត ឬ អគារ​ពី​ខាងលើ ដែល​បង្ក​ឱ្យ​មាន​ការផ្ទុះ​យ៉ាងខ្លាំង​។​

​របាយការណ៍​ចេញមក​ពី​ប្រទេស​អ៊ុយ​ក្រែន​បាន​បង្ហាញ​ថា ដ្រូ​ន​នេះ​បាន​បង្ក​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​កងកម្លាំង​របស់​រដ្ឋាភិបាល​ក្រុង​គៀវ​ក៏ដូចជា​ហេដ្ឋារចនាសម្ពន្ធ​រប​ស់អ៊ុយ​ក្រែន​ផងដែរ​។​

​ប្រជាជន​អ៊ុយ​ក្រែន​ដែល​បាន​ឃើញ​ការវាយ​ប្រ​ហារ​ដោយ​ដ្រូ​ន​នេះ​បាន​និយាយថា ពួក​វា​បញ្ចេញ​សំឡេង​ដែល​អាច​សម្គាល់​បាន ហើយ​បាន​ពណ៌នា​ថា ពួក​វា​ស្តាប់​ទៅ​ដូចជា “​ម៉ូតូ​” នៅលើ​អាកាស​ខណៈ​ទា​​ហាន​មួយចំនួន​បាន​ហៅ​វា​ថា “​ម៉ាស៊ីន​កាត់​ស្មៅ​ហោះ​”៕

​ដ្រូ​ន Shahed-136 របស់​អ៊ីរ៉ង់​ត្រូវបាន​ប្រើ​ដើម្បី​វាយ​អ៊ុយ​ក្រែន​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​