ដោយៈ សុផល / ភ្នំពេញ៖ ស្របពេលដែលចូលរួមកិច្ចប្រជុំកំពូលមន្ត្រីជាន់ខ្ពស់អាស៊ីបូព៌ា លោកស្រី បណ្ឌិត Jung H. Pak ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុក កិច្ចការពហុភាគី បានជួបជាមួយដៃគូសំខាន់ៗ នៅកម្ពុជា នៃគម្រោងភាពជាដៃគូ មេគង្គ- អាមេរិក (MUSP) ដោយបញ្ជាក់ពីការគាំទ្រយូរអង្វែងរបស់អាមេរិក ចំពោះប្រជាជន នៃអនុតំបន់មេគង្គនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា។

បណ្ឌិត Pak បានថ្លែងថាៈ «ប្រទេសតាមទន្លេមេគង្គ អាចពឹងផ្អែកលើសហរដ្ឋអាមេរិក ជាដៃគូដ៏ខ្លាំង និងគួរឱ្យទុកចិត្ត នាពេលបច្ចុប្បន្ន និងទៅអនាគត ។ ទស្សនកិច្ចរបស់ខ្ញុំ នៅកម្ពុជា បង្ហាញពីសារៈសំខាន់ នៃការធ្វើការជាមួយប្រទេស នៃតំបន់មេគង្គជាពហុភាគី និងតាមរយៈភាពជាដៃគូទន្លេមេគង្គ សហរដ្ឋអាមេរិក ក្នុងការជំរុញនូវភាពតភ្ជាប់គ្នា តម្លាភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាពតាមព្រំដែន» ។

ជាការគាំទ្រដល់គំនិតផ្តួចផ្តើមទាំងនេះ ក្នុងប្រទេសកម្ពុជា លោកស្រី បណ្ឌិត Pak បានទៅទស្សនាមជ្ឈមណ្ឌល គ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតក្នុងតំបន់ នៅគណៈកម្មការទន្លេមេគង្គ (MRC) ដែលនៅទីនោះ លោកស្រី បានកោតសរសើរ ពីវិធីសាស្ត្រទូលំទូលាយថ្នាក់តំបន់របស់ MRC ដើម្បីពង្រឹងនូវសមត្ថភាពរបស់ MRC តាមរយៈការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស ។

លោកស្រីបណ្ឌិត ក៏បានស្វែងយល់បន្ថែមពីទស្សនៈផ្សេងៗ របស់អ្នកជំនាញពាក់ព័ន្ធ បញ្ហាទន្លេមេគង្គ ដោយរួមទាំងបញ្ហាអន្តោប្រវេសន៍ ការជួញដូរ ការគ្រប់គ្រងធនធានធម្មជាតិ វិស័យធុរកិច្ច និងថាមពលកកើតឡើងវិញ ព្រមទាំងអាទិភាពរួមរបស់សហរដ្ឋអាមេរិក​ក្នុងអនុតំបន់ទន្លេមេគង្គ ។

ក្នុងកិច្ចពិភាក្សាជាមួយយុវជនវ័យក្មេង នៅ AmCam Exchange ក្រោមការគ្រប់គ្រង របស់មជ្ឈមណ្ឌល EducationUSA របស់ស្ថានទូតអាមេរិក នៅភ្នំពេញ លោកស្រី បណ្ឌិត Pak ក៏បានលើកទឹកចិត្ត ដល់អ្នកដឹកនាំវ័យក្មេងទាំងអស់ ឱ្យធ្វើការរួមគ្នាដោះស្រាយ បញ្ហាប្រឈម ដែលជះឥទ្ធិពល ដល់អនុតំបន់ទាំងមូល ដើម្បីសម្រេចនូវ លទ្ធផលជាទីគាប់ប្រសើរ ។

ភាពជាដៃគូមេគង្គ សហរដ្ឋអាមេរិក លើកកម្ពស់នូវសិ្ថរភាព សន្តិភាព និងវិបុលភាព នៃអនុតំបន់ទន្លេមេគង្គ តាមរយៈកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសដៃគូមេគង្គ និងសហរដ្ឋអាមេរិក ។ វាក៏ពង្រឹងនូវទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែង រវាងសហរដ្ឋអាមេរិក ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ផងដែរ ។

ចាប់ពីឆ្នាំ២០០៩ ដល់ ២០២២ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់នូវជំនួយជាង ៥,៨ ពាន់លានដុល្លារ ជាជំនួយទេ្វភាគី និងក្នុងតំបន់ជូនដល់ប្រទេសដៃគូទាំង ៥ នៃទន្លេមេគង្គ៕/V-PC