​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋាភិបាល​នូវែល​សេឡ​ង់​បាន​ស្នើ​ឱ្យ​យក​ពន្ធ​លើ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​សត្វ​ចិញ្ចឹម​តាម​កសិដ្ឋាន​បង្កើត​ចេញ​ពី​ការ​ភើ​និង​ការ​នោម​ជា​ផ្នែក​នៃ​ផែនការ​ដើម្បី​ដោះស្រាយ​​ការប្រែប្រួល​អាកាសធាតុ​។​

​រដ្ឋាភិបាល​បាន​និយាយថា ពន្ធ​លើ​កសិដ្ឋាន​នឹង​ក្លាយជា​ពន្ធ​ដំបូង​គេ​លើ​ពិភពលោក ហើយ​ថា​កសិករ​គួរតែ​អាច​ប្រមូល​ថ្លៃដើម​មក​វិញ​បាន​ដោយ​គិត​ថ្លៃ​បន្ថែម​សម្រាប់​ផលិតផល​ដែល​ល្អ​ចំពោះ​អាកាស​​ធាតុ​។​

​ប៉ុន្តែ​កសិករ​បាន​ថ្កោលទោស​ផែនការ​នេះ​យ៉ាង​រហ័ស ដោយ​ក្រុម​ការពារ​ឧស្សាហកម្ម​ដ៏​សំខាន់​នេះ ហៅថា​កសិករ​សហព័ន្ធ (Federated Farmers) និយាយថា ផែនការ​នេះ​នឹង​”​ប៉ះពាល់​ដល់​ប្រ​​ជា​ជន​នៅ​ទីប្រជុំជន​តូចៗ​នៅ​នូវែ​លសេ​ឡង់​” ហើយ​នឹង​ឃើញ​កសិដ្ឋាន​ជំនួស​ដោយ​ដើមឈើ​។​

​ប្រធាន​កសិករ​សហព័ន្ធ លោក អេន​ឌ្រូ ហុក​ហ្គាដ (Andrew Hoggard) បាន​និយាយ​ថា​កសិករ​បាន​ព្យាយាម​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​លើ​ផែនការ​កាត់បន្ថយ​ការបំភាយ​​ឧស្ម័ន ដែល​នឹង​មិន​កាត់បន្ថយ​ផលិតកម្ម​ស្បៀងអាហារ​។​

​លោក​ហុក​ហ្គាដ​បាន​និយាយថា “​ផែនការ​របស់​យើង​គឺ​រក្សា​កសិករ​ឱ្យនៅ​ធ្វើ​កសិកម្ម​”​។​

​ផ្ទុយទៅវិញ លោក​បាន​និយាយថា កសិករ​នឹង​លក់​កសិដ្ឋាន​របស់​ពួកគេ “​យ៉ាង​រហ័ស​សូម្បីតែ​សំឡេង​ឆ្កែ​ព្រុស​នៅ​ខាងក្រោយ​ឡាន​ភី​ក​អាប់​ក៏​ស្តាប់​មិនឮ​ផង នៅ​ពេល​ពួកគេ​បើកឡាន​ចេញទៅ​”​។​

​ក្រុម​សមាជិក​សភា​បក្សប្រឆាំង​មកពី​គណបក្ស​អភិរក្ស ACT បាន​និយាយថា ផែនការ​នេះ​ពិតជា​នឹង​បង្កើន​ការបំភាយ​ឧស្ម័ន​ជុំវិញ​ពិភពលោក​ដោយ​ការរើ​កសិដ្ឋា​នទៅ​កាន់​ប្រទេស​ផ្សេង​​ទៀត​ដែល​មិនសូវ​មាន​ប្រសិទ្ធភាព​ក្នុង​ការផលិត​អាហារ​។​

​ឧស្សាហកម្ម​កសិកម្មរ​បស់​នូវែ​លសេ​ឡង់​មាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច​របស់ខ្លួន​។​

​ផលិតផល​ទឹកដោះគោ រួម​ទាំង​ផលិតផល​ដែល​ប្រើ​សម្រាប់​ផលិត​ម្សៅ​ទឹកដោះគោ​ទារក​នៅ​ក្នុងប្រទេស​ចិន គឺជា​អ្នក​រក​ចំណូល​ច្រើន​ជាង​គេ​បំផុត​របស់​ប្រទេស​៕

​នូវែ​លសេ​ឡង់​មាន​ប្រជាជនតែ​៥​លាន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​មាន​គោ​ប្រហែល ១០ លាន​ក្បាល និង​ចៀម ២៦ លាន​ក្បាល​