ដោយ:ប៉ូលីទិក/ភ្នំពេញ:លើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១១ខែតុលាឆ្នាំ២០២២លោក ហ៊ុន ម៉ានី បានសរសេរថា សេចក្តីសម្រេចរបស់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ដែលសម្រេចថា«សម្តេចតេជោ ហ៊ុន សែន មិនមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក ហុក ឡង់ឌី» ដែលចេញផ្សាយជាផ្លូវការនាព្រឹកនេះ (១១ខែតុលា)គឺជាការផ្តល់នូវភាពស្អាតស្អំនិងភាពយុត្តិធម៌បំផុតចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលរងនូវការចោទប្រកាន់ពីជនអគតិ ដែលតែងតែរិះរកវិធីសាស្ត្រក្នុងការបំភ្លៃ និងបំផ្លាញកិត្តិយសថ្នាក់ដឹកនាំកម្ពុជា។

ទន្ទឹមនឹងការចូលរួមអបអរសាទរជាមួយនឹងសេចក្តីសម្រេចនេះ លោក ហ៊ុន ម៉ានី បានកត់សម្គាល់ផងដែរថា ទង្វើប៉ុនប៉ងដោយចេតនាក្នុងការចោទប្រកាន់ដោយគ្មានភស្តុតាងនិងបំភ្លៃការពិតដែលនាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺតែងត្រូវបានបង្កឡើងជាបន្តបន្ទាប់ដោយមេដឹកនាំនិងសកម្មជនក្រុមប្រឆាំង។ តែយ៉ាងណាក្តី ទង្វើទាំងនោះតែងបរាជ័យ ដោយសារ «មាសសុទ្ធមិនខ្លាចភ្លើង»។

លោកបានបន្តថាតាមរយៈសេចក្តីសម្រេចនាពេលនេះ ជាអាទិ៍ គឺជាសក្ខីភាពមួយដែលបញ្ជាក់ថាសម្តេចតេជោ ជា”មាសសុទ្ធ” ដែលមិនខ្លាចការប្រឈមជាមួយសកម្មភាពចោទប្រកាន់អគិតណាមួយឡើយ។

ការប៉ុនប៉ងទាំងនេះ ពិតណាស់មិនអាចកែប្រែតថភាពប្រវត្តិសាស្រ្តរបស់កម្ពុជានោះឡើយ ជាពិសេសចំពោះតួនាទី និងគំរូវីរភាពរបស់សម្តេចនាយករដ្ឋមន្រ្តីដែលធ្លាប់ឆ្លងកាត់សង្រ្គាមចំនួន១០៥សមរភូមិរំដោះប្រទេសជាតិបានយ៉ាងជោគជ័យពីរបបខ្មែរក្រហមដ៏ខ្មៅងងឹតនិងជាវីរជនស្វែងរកសន្តិភាពនិងការបង្រួបបង្រួមជាតិក្រោមនយោបាយឈ្នះឈ្នះឆ្នាំ១៩៩៨។រឹងរិតតែមិនអាចបំភ្លៃបាននោះគឺស្នាដៃសម្តេចនាយករដ្ឋមន្រ្តីក្នុងការការពារបូរណភាពទឹកដីចេញពីការឈ្លានពានរបស់ប្រទេសជិតខាងកាលឆ្នាំ២០០៨ដល់ឆ្នាំ២០១១ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយក្នុងរយៈពេល២០ឆ្នាំចុងក្រោយនិងជាពិសេសស្នាដៃដ៏គួរជាទីមោទនៈក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ នាពេលថ្មីៗនេះ ក្រោមការដាក់ចេញនូវយុទ្ធសាស្រ្តដ៏ត្រឹមត្រូវរួមផ្សំនឹង គោលនយោបាយដ៏មានប្រសិទ្ធភាពជាពិសេសគោលនយោបាយគាំពារសង្គមដែលផ្តល់អត្ថប្រយោជន៍ជាពិសេសដល់ជនក្រីក្រ។

លោកបានបន្តថា:សម្រាប់បុគ្គលណា ដែលតាំងខ្លួនថាជាអ្នកនយោបាយ ឬអ្នកវិភាគនយោបាយតែមិនខ្វាយខ្វល់ តាមដានពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាទាំងមូល ដែលកំពុងបន្តទទួលរងផលប៉ះពាល់ដោយជំងឺ CoVID19 បញ្ហាអតិផរណា ដែលកើតចេញពីសង្គ្រាម Ukraine-Russia និងផលអវិជ្ជមានជារួមចេញពីទណ្ឌកម្មសេដ្ឋកិច្ច (Economicsanctions)នានានោះគឺទុកឲ្យទៅតាមហ្នឹងចុះ។ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋខ្មែរបង្វែរមកមើលការខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន និងមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តីដែលតែងតែនៅជាមួយប្រជាជនបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលប៉ះពាល់ជីវភាពរបស់ប្រជាជនតាមរយៈការអនុវត្តផែនការយុទ្ធសាស្រ្តនិងគោលនយោបាយដែលមានលក្ខណៈស័ក្តិសមជាគណបក្សកាន់អំណាចក្នុងការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាចម្បង និងជាប្រចាំ៕