​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយថា​លោក​រំពឹង​ថា​នឹង​មាន​ការឆ្លើយតប​ជា​វិជ្ជមាន​នៅ​ថ្ងៃ​ពុធ​ទី​១២​តុលា​ពី​សម្ពន្ធមិត្ត​លោក​ខាង​​លិច​នៅ​ទីក្រុង​ព្រុច​សែល​ចំពោះ​សំណើ​របស់​លោក​សម្រាប់​ការបង្កើន​យ៉ាង​ឆាប់រហ័ស​នូវ​ជំនួយ​យោធា​ខណៈ​ទីក្រុង​នានា​របស់​ប្រទេស​នេះ​ប្រឈមមុខ​នឹង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី​បន្ថែមទៀត​។​

​បន្ទាប់​ពី​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​រុស្ស៊ី​យ៉ាង​ខ្លាំងក្លា លោក​ហ្សេ​លេន​ស្គី​បាន​អំពាវនាវ​ទៅ​កាន់​មេដឹកនាំ​នៃ​ក្រុម​ប្រទេស G7 កាលពី​ថ្ងៃ​អង្គារ​សម្រាប់​សមត្ថភាព​ការពារ​ដែនអាកាស​បន្ថែ​ម​ទៀត ខណៈ G7 បាន​ប្តេជ្ញា​ថា​នឹង​គាំទ្រ​រដ្ឋាភិបាល​ក្រុង​គៀវ “​ឱ្យ​បាន​យូរ​ដរាបណា​ពួកគេ​នៅតែ​ត្រូវការ​ជំនួយ​”​។​

​ក្រុមចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក​នៃ​បណ្តា​ប្រទេស​ចំនួន ៥០ ដែល​គេ​ស្គាល់​ថា​ក្រុម​ទំនាក់ទំនង​ការពារ​អ៊ុយ​ក្រែ​ននឹង​ជួបប្រជុំ​គ្នា​នៅ​ទីក្រុង​ព្រុច​សែល​នៅ​ថ្ងៃ​ពុធ​នៅ​ខាងក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​​ជាតិ​ណា​តូ​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយ​នៅក្នុង​សុន្ទរកថា​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ថា “​ខ្ញុំ​កំពុង​ទន្ទឹងរង់ចាំ​វឌ្ឍនភាព​ពី​ដៃគូ​របស់​យើង​លើ​បញ្ហា​នៃ​ការប្រឆាំង​យន្តហោះ និង​ការការពារ​ប្រឆាំង​មី​ស៊ី​ល​និង​កិច្ច​ព្រម​​ព្រៀង​ស្តីពី​ការផ្គត់ផ្គង់​អាវុធ​និង​គ្រាប់​យុទ្ធភ័ណ្ឌ​ផ្សេងៗ​ដែល​មាន​សារៈសំខាន់​សម្រាប់​យើង​”​។​

​យោធា​អ៊ុ​យក្រែន ដែល​បាន​ដណ្តើម​យក​ទឹកដី​សំខាន់ៗ​ពី​កងកម្លាំង​រុស្ស៊ី​កាលពី​ខែ​មុន បាន​និយាយ​កាលពី​យប់​ថ្ងៃ​អង្គារ​ថា ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី​បាន​បំផ្លាញ​ទីក្រុង​ជាង ១០ រួមទាំង ល្វីវ (Lviv) បាក់​មុត (Bakhmut) អាវ​ឌី​អ៊ីវ​កា (Avdiivka) និង ហ្សា​ប៉ូរី​ហ្ស៍​ហ្សា (Zaporizhzhia)​។ ស៊ី​រ៉ែ​ន​ព្រមាន​អំពី​ការ​វាយឆ្មក់​តាម​អាកាស​បាន​បន្លឺឡើង​ទូទាំង​ប្រទេស​រយៈពេល​ពី​រ​ថ្ងៃ​។​

​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែន​បាន​និយាយថា “​ក្នុង​រយៈពេល ២៤ ម៉ោង​កន្លងមកនេះ ក្រុម​ទាហាន​កាន់កាប់​បាន​ប្រើ​ម្តងទៀត​នូវ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ទ្រង់ទ្រាយ​ធំ​ក្នុងនោះ​មាន​មី​ស៊ី​ល​​នាំ​ផ្លូវ​ជាង ៣០ គ្រាប់ ការវាយប្រហារ​តាម​អាកាស​ចំនួន ៧ ដង និង​ការបាញ់​គ្រាប់ផ្លោង​ឥតឈប់ឈរ​ចំនួន ២៥ ដង​”​។​

​ទីបញ្ជាការ​អ៊ុយ​ក្រែន​បាន​និយាយថា កងកម្លាំង​របស់​ខ្លួន​បានសម្លាប់​ទាហាន​រុស្ស៊ី​ជាង ១០០ នាក់​នៅក្នុង​តំបន់​ឃើ​សុន (Kherson) តែ​ភាគខាងត្បូង​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​មិន​អាច​ផ្ទៀង​​ផ្ទាត់​ដោយ​ឯករាជ្យ​នូវ​របាយការណ៍​សមរ​ភូមិ​នេះ​បានទេ​៕

​លោក​ហ្សេ​លេន​ស្គី​រំពឹង​មាន​ការឆ្លើយតប​ជា​វិជ្ជមាន​នៅ​ថ្ងៃ​ពុធ​ទី​១២​តុលា​ពី​សម្ពន្ធមិត្ត​លោកខាងលិច​នៅ​ទីក្រុង​ព្រុច​សែល​ចំពោះ​សំណើ​របស់​លោក​សម្រាប់​ការបង្កើន​យ៉ាង​ឆាប់រហ័ស​នូវ​ជំនួយ​យោធា​