ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ដោយធ្លាប់ឈ្នះមេដាយសំរឹទ្ធ ពីស៊ីហ្គេម ចំនួន២លើកមកហើយនោះ កីឡាករវាយកូនបាល់ខ្មែរ កូនកាត់បារាំង ប៊ុន កេន្នី បានបង្ហាញពីមហិច្ឆតា ប្រជែងយកមេដាយមាស ពីព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ឲ្យបាន។

ប៊ុន កេន្នី ជាកីឡាករ វាយកូនបាល់កម្ពុជា ដែលធ្លាប់ឈ្នះមេដាយសំរឹទ្ធ ក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី២៨ ឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី ដែលជាលើកដំបូងរបស់គេ សម្រាប់វិញ្ញាសាឯកត្តជន។

កីឡាកររូបនេះ ទើបតែបញ្ចប់ការប្រកួត ក្នុងព្រឹត្តិការណ៍ពីរ នៅប្រទេសវៀតណាម ដោយទទួលបានលទ្ធផលល្អ តាមរយៈការបានឡើងទៅដល់ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលជាសមិទ្ធផលល្អបំផុតមួយរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាពិសេស បានបំបែកកំណត់ត្រា ចំណាត់ថ្នាក់ពិភពលោក (ATP Ranking-Single) ដោយឈរនៅលេខ ៩៩៩ ខណៈកំណត់ត្រាចាស់ ធ្វើបានល្អបំផុត ឈរនៅលេខ១០៨០ កាលពីខែកក្កដា ឆ្នាំ២០១២។

កីឡាករខ្មែរកាត់បារាំងរូបនេះកំពុងត្រៀមខ្លួនចូលរួមប្រកួតព្រឹត្តិការណ៍លំដាប់ពិភព
លោកដ៏មានសក្ដានុពល “ 2022 Davis Cup ” នៅប្រទេសបារ៉ែន។ រូបគេ ស្ថិតក្នុងចំណោមជម្រើសជាតិ ៥ រូប រួមមាន កីឡាករ ឡុង សំនៀង, ឃ្លាំង ពន្លក, ទេព ទីម៉ូធី និង Matthew David Krusling។ កេន្នី ចាត់ទុកព្រឹត្តិការណ៍ ខាងលើនេះ ជាការត្រៀមខ្លួនដ៏ល្អមួយ សម្រាប់ស៊ីហ្គេម ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ។

កីឡាកររូបនេះ បាននិយាយពីការត្រៀមខ្លួនដូច្នេះថា គេគិតថា រូបគេមានការរៀបចំដ៏ល្អ ដោយសារគេ ទើបតែត្រឡប់មកពី ការប្រកួតព្រឹត្តិការណ៍ ២ នៅវៀតណាម។ ក្នុងនោះ រូបគេ បានឡើងដល់វគ្កពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ នេះគឺជាលទ្ធផលល្អបំផុត សម្រាប់រូបគេ ហើយឥឡូវនេះ​ តារាងចំណាត់ថ្នាក់ពិភពលោក ក៏បានចេញថ្មី ដោយរូបគេបានស្ថិតនៅក្នុង ចំណោមអ្នកកំពូលទាំង ១០០០ នៅលើពិភពលោក ដូច្នេះវាក៏ជាចំណាត់ថ្នាក់ពិភពលោក ដ៏ល្អរបស់រូបគេដែរ ហើយពិតណាស់ វាធ្វើឲ្យខ្ញុំកាន់តែមានទំនុកចិត្តបន្ថែម។

កីឡាករវ័យ ៣២ ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថាៈ ការធ្វើឲ្យមានទំនុកចិត្តបន្ថែមនេះ គឺគ្រប់
ព្រឹត្តិការណ៍ទាំងអស់ ប៉ុន្តែអ្វីដែលសំខាន់គឺ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ព្រោះវាជា គោលដៅចុងក្រោយ សម្រាប់រូបខ្លួន។

កេន្នី បានបន្តថាៈ «វាធ្វើឲ្យខ្ញុំមានទំនុកចិត្តគ្រប់កម្មវិធីប្រកួត ប៉ុន្តែខ្ញុំគិតថា វាគឺជាលទ្ធផលដ៏ល្អ​សម្រាប់ស៊ីហ្គេម។ ខ្ញុំអាចនិយាយបានថា ស៊ីហ្គេម គឺជាគោលដៅ ចុងក្រោយរបស់ខ្ញុំ ហើយព្រឹត្តិការណ៍មុនៗ ដែលខ្ញុំបានចូលរួម ក៏ជាការត្រៀមដ៏ល្អ។ ខ្ញុំបានព្យាយាមខ្លាំង។ ស៊ីហ្គេម ជាគោលដៅចុងក្រោយរបស់ខ្ញុំ។ ខ្ញុំចង់និយាយថា យើងមិនមែនចេះតែមានឱកាសបានប្រកួតស៊ីហ្គេម នៅលើទឹកដីរបស់យើងនោះទេ ដូច្នេះវាគឺឱកាសជីវិត ពីព្រោះយើងមិនបានដឹងថា នៅពេលណា យើងធ្វើម្ចាស់ផ្ទះស៊ីហ្គេម ម្ដងទៀត។ ដូច្នេះវាជាពេលវេលា សម្រាប់យើង ក្នុងការចាប់យកឱកាសនេះ និងសង្ឃឹមថា យើងអាចធ្វើបាននៅលើទឹកដីរបស់យើង»។

សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ប៊ុន កេន្នី រំពឹងថា អាចនឹងបំបែកកំណត់ត្រា លើការឈ្នះមេ
ដាយសំរឹទ្ធ កាលពីស៊ីហ្គេមឆ្នាំ២០១៥ របស់ខ្លួន លើវិញ្ញាសាឯកត្តជន ខណៈពេលរូបគេ ក៏បានបង្ហាញចំណាប់អារម្មណ៍ អំពីគូប្រជែងដទៃទៀត ក្នុងតំបន់ដែលខ្លួនធ្លាប់ជួបប្រកួត កន្លងមកផងដែរ។ អាចនិយាយបានថា ឥឡូវនេះ កីឡាវាយកូនបាល់ គឺមានការរីកចម្រើន លឿន។ ស្ទើរតែគ្រប់ប្រទេស ព្យាយាមអភិវឌ្ឍន៍ ហើយខ្ញុំគិតថា វៀតណាម គឺជាក្រុមដែល មានភាគរយច្រើន ទាំងវិញ្ញាសាជាក្រុម និងវិញ្ញាសាឯកត្តជន ពីព្រោះពួកគេ មានកីឡាករ ល្អៗ។ ថៃ ក៏ខ្លាំង រួមទាំងហ្វីលីពីន និងឥណ្ឌូណេស៊ីផងដែរ។

នៅពេលអ្នកលេងតំណាងប្រទេស វាតែងតែមានអារម្មណ៍ពិសេស និងអស្ចារ្យ ក្នុង ១ ឬ ២ ប្រកួត អ្វីៗក៏អាចកើតឡើងបានដែរ។ រូបគេនឹងព្យាយាម ដើម្បីចូលក្នុងចំណោមមេដាយ ជាមុនសិន ក្នុងវិញ្ញាសាឯកត្តជន និងប្រហែលជាចង់បានលើសពី មេដាយសំរឹទ្ធ ពីព្រោះវាល្អជាងអ្វី ដែលខ្ញុំធ្លាប់ឈ្នះ ហើយសម្រាប់វិញ្ញាសាជាក្រុម ខ្ញុំក៏សង្ឃឹមថា យើងអាចប្រជែងមេដាយ បានទៀតផងដែរ។

ប៊ុន កេន្នី កើតនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ១៩៩០ នៅទីក្រុង Metz ប្រទេសបារាំង ធ្លាប់ដណ្តើមបានមេដាយសំរិទ្ធជូនកម្ពុជា នៅស៊ីហ្គេម បានចំនួន ២លើករួចមកហើយ ដោយលើកទី១ ស៊ីហ្គេម នៅឥណ្តូនេស៊ី ក្នុងឆ្នាំ២០១១ មេដាយសំរិទ្ធវិញ្ញាសាជាក្រុម ជាមួយកីឡាករ អន សម្បត្តិ និងកីឡាករ ឡុង សំនៀង និង មេដាយសំរិទ្ធ លើកទី២ ក្នុងព្រឹត្តិការណ៍កីឡាហ្គេម នៅប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០១៥ លើវិញ្ញាសាឯកក្តជន៕/V-PC