​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,​ស្ត្រេត​ថែមស៍​)៖​កំណើន​សេដ្ឋកិច្ច​សកល​ត្រូវ​រំពឹងថា​នឹង​ថយ​ចុះ​ថែមទៀត​នៅ​ឆ្នាំក្រោយ នេះ​បើ​តាម​ការបញ្ជាក់​ពី​អង្គការ​រូបិយវត្ថុ​អន្តរជាតិ​IMF​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ ​ដោយ​បន្ទាប​ការព្យាករណ៍​របស់​ខ្លួន​កាលពី​មុន​នៅ​ពេល​ប្រទេស​ជាច្រើន​កំពុង​តស៊ូ​ជាមួយនឹង​ផលប៉ះពាល់​បណ្តាលមកពី​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន ដែល​រាលដាល​ដល់​ការចំណាយ​លើ​ការរស់នៅ​ខ្ពស់​​ឡើង​និង​ការធ្លាក់​ចុះ​សេដ្ឋកិច្ច​។​

​ក្នុង​របាយការណ៍​របស់ខ្លួន IMF​បាន​បន្ថយ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ស​កល​របស់​ខ្លួន​មក​នៅត្រឹម​២,៧​ភាគរយ​សំរាប់​ឆ្នាំ​២០២៣​ដោយ​ចុះ​០,២​ភាគរយ​ពី​ការព្យាករណ៍​កាលពី​ខែកក្កដា​។​

​សេដ្ឋកិច្ចពិភពលោករ​ង​ការ​វាយ​សំពង​ជាច្រើន​ទិស ដោយ​សង្គ្រាម​អ៊ុយ​ក្រែន​រុញ​អោយ​ស្បៀង​និង​ថាមពល​ឡើងថ្លៃ​ក្រោយ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩ នៅពេល​ការចំណាយ​លើ​ការរស់នៅ​កើនឡើង​និង​ការដំឡើង​​អត្រា​ការប្រាក់​គំរាម​ជះ​ផល​ត្រឡប់​វិញ​នៅ​ទូទាំង​ពិភពលោក​។​

​ប្រធាន​IMF​លោក​ព្យែ​-​អូ​លី​យ៉េ ហ្គោ​រិនឆឹ​ស​(Pierre-Olivier Gourinchas)​បាន​សរសេរ​បង្ហោះ​អម​ជាមួយនឹង​របាយការណ៍​ស្តីពី​ទស្សនវិស័យ​សេដ្ឋកិច្ចពិភពលោក​ចុងក្រោយ​របស់​ស្ថាប័ន​លោក​​ថា «​ព្រឹត្តិការណ៍​តក់ស្លុត​នៅ​ឆ្នាំ​នេះ​នឹង​បើក​ស្នាមរបួស​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​បាន​ធ្វើអោយ​ជាសះស្បើយ​ខ្លះ​នៅក្រោយ​ការផ្ទុះ​ជំងឺឆ្លង​សកល​»​។​

​ប្រធាន​IMF​លោក​ព្យែ​-​អូ​លី​យ៉េ ហ្គោ​រិនឆឹ​ស​និយាយ​នៅ​សន្និសីទកាសែត​មួយ​ក្រោយ​ចេញ​ទស្សនវិស័យ​សកល​ឆ្នាំ​២០២២​របស់​ស្ថាប័ន​ផ្តល់​កំចី​ដែល​មាន​មូលដ្ឋាន​នៅ​វ៉ាស៊ីនតោន​នេះ​

​លោក​បាន​ព្រមាន​ថា សេដ្ឋកិច្ច​ព​ភព​លោក​មួយ​ភាគ​បី​កំពុង​ធ្វើដំណើរ​ទៅ​រក​ការដើរថយក្រោយ​នៅ​ឆ្នាំនេះ ឬ​នៅ​ឆ្នាំ​ក្រោយ​ហើយ​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​បី​គឺ សហរដ្ឋ​អាម៉េរិក សហភាព​អឺរ៉ុប​និង​ចិន​នឹង​បន្ត​​ជាប់គាំង ដោយ​«​ហេតុការណ៍​សេដ្ឋកិច្ច​អាក្រក់​បំផុត​នៅ​មិន​ទាន់​ចូល​មក​ដល់​នៅឡើយ​ទេ ហើយ​សំរាប់​មនុស្ស​ជាច្រើន នៅ​ឆ្នាំ​២០២៣​នឹង​មាន​អារម្មណ៍​ថា​កំពុង​ស្ថិតក្នុនឳ​នភា​ពមួយ​»​។​

​ក្នុង​របាយការណ៍​របស់ខ្លួន IMF កាត់​តម្រឹម​ព្យាករណ៍​កំណើន​ផលិតផល​សរុប​ក្នុងស្រុក​(GDP)​សកល​ឆ្នាំ​២០២៣​មក​នៅត្រឹម​២,៧​ភាគរយ ចុះ​០,២​ភាគរយ​ពី​ការព្យាករណ៍​កាលពី​ខែកក្កដា​។​ព្យាករណ៍​កំណើន​​សេដ្ឋកិច្ច​ព​ភព​លោក​នៅ​ឆ្នាំ​នេះ​មិន​ផ្លាស់ប្តូរ​គឺ​៣,២​ភាគរយ​។​

​ក​ក្កតា​សំខាន​មួយ​ដែល​ចូលរួមចំណែក​ក្នុង​ការធ្លាក់ចុះ​នេះ​គឺ​ការដូរ​គោលនយោបាយ​មួយ នៅពេល​បណ្តា​ធនាគារ​កណ្តាល​ព្យាយាម​ទម្លាក់​អតិផរណា​ជាមួយនឹង​ការ​យកការប្រាក់​ខ្ពស់​ឡើង​ដែល​ធ្វើ​ជួយ​​សម្រាល​សេចក្តីត្រូវការ​ក្នុងស្រុក​៕