ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូងនោះ កីឡាករ កីឡាការិនីកម្ពុជាគ្រប់ៗរូប បានដាក់ក្ដីសង្ឃឹម ពីការប្រជែង យកមេដាយមាស ក្នុងឋានៈជាម្ចាស់ផ្ទះ។

ដោយឡែក កីឡាករប្រដាល់ Kick-Boxing ដែលកាលស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម គេដណ្ដើមបានមេដាយប្រាក់នោះ បាននិយាយថាៈ «ក្ដីស្រមៃខ្ញុំ ចង់វ៉ៃ នៅស៊ីហ្គេម២០២៣ នៅស្រុកខ្មែរ ហើយចង់យកមេដាយមាសទៀត»។

ជើងខ្លាំងក្នុងប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាម បានរៀបរាប់ថាៈ រូបគេពិតជាមានក្ដីស្រមៃដ៏ធំ គឺចង់យកមេដាយមាស ជូនជាតិ សម្រាប់ស៊ីហ្គេម​នាឆ្នាំក្រោយ។ ប៉ុន្តែយ៉ាងណាក្ដីស្រមៃ មួយនេះ ខ្លួនមិនហ៊ានអះអាងថា នឹងសម្រេចបាន ឬយ៉ាងណានោះឡើយ ដ្បិតថា កីឡាករជម្រើសជាតិគ្រប់ប្រទេស សុទ្ធតែខ្លាំងៗ ហើយប្រទេសផ្សេងៗ ក៏គេមានការពង្រឹង និងការហ្វឹកហាត់ខ្លាំងដូចគ្នា។

បញ្ញា បានបន្តថាៈ គោលដៅរបស់យើង គឺយើងបានកំណត់រួចហើយថា ត្រូវតែយកមេដាយ
មាស តែការប្រកួត យើងមើលមិនឃើញទេ។ ហេតុនេះ យើងមានតែប្រឹងប្រែងហ្វឹកហាត់ ប៉ុណ្ណោះ។ សម្រាប់អារម្មណ៍របស់ខ្ញុំ គឺខ្ញុំគិតថា ខ្ញុំនឹងអាចមានការខកចិត្តខ្លះៗដែរ បើសិនយើងប្រឹងប្រែងហើយ តែមិនអាចសម្រេចបាន តាមក្ដីស្រមៃរបស់យើងនោះ។

កាលពីស៊ីហ្គេម នៅវៀតណាម ឆ្នាំ២០២២ កីឡាករជម្រើសជាតិកម្ពុជា រូបនេះ ធ្វើបានល្អមែនទែន ដោយឡើងដល់វគ្គផ្ដាច់ព្រ័ត្រ តែចាញ់ម្ចាស់ផ្ទះវៀតណាម ដោយពិន្ទុ ០ទល់៣ ហើយទទួលបានមេដាយប្រាក់ លើប្រភេទកីឡា Kick-Boxing ក្នុងប្រភេទទម្ងន់ ៦៧ គីឡូក្រាម៕/V-PC