ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅក្រោយបញ្ចប់កិច្ចប្រជុំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគាំទ្រខាងក្រៅ ពីគល់ស្ពានជ្រោយចង្វារ បាញ់ឆ្ពោះទៅមហាវិថីឈ្នះឈ្នះ ដល់ពហុកីឡដ្ឋានជាតិមរតកកតេជោ ស្ថិតក្នុងខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ នឹងត្រូវសាងសង់ និងជួសជុលកែលម្អ មុនពេលស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចូលមកដល់។

ចំណែកផ្លូវ ១ខ្សែ សម្រាប់ស៊ីហ្គេម ២០២៣ នឹងត្រូវបានកំណត់អាទិភាព ក្នុងចំណោម ផ្លូវស្របគ្នាជាច្រើនខ្សែ ដើម្បីបង្ការគ្រោះថ្នាក់ និងដឹកជញ្ជូនប្រតិភូអត្តពលិក មកប្រកួត ឲ្យទាន់ពេលវេលា។

លោកបានគូសបញ្ជាក់ថាៈ ថ្ងៃនេះ កិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ដឹកនាំដោយលោកបណ្ឌិត ថោង ខុន ក្រោមការចង្អុលបង្ហាញ ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ត្រួតពិនិត្យឲ្យបានរួចរាល់មុន ១០០ ថ្ងៃ។ ប្រការនេះ មានន័យថា ចាប់ពីខែមករា ឆ្នាំ២០២៣ គឺការត្រៀមលក្ខណៈទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ត្រូវឲ្យបានរួចរាល់ទាំងអស់ ហើយកម្ពុជា នឹងធ្វើកម្មវិធី Cambodia Ready សម្រាប់ ស៊ីហ្គេម ២០២៣ ។
ចំណុចសំខាន់ នៅក្នុងកិច្ចប្រជុំថ្ងៃនេះ​ លោកបណ្ឌិត ប្រធានអង្គប្រជុំ ថោង ខុន បាន
ដាក់ចេញនូវ ២ ចំណុចសំខាន់ៗ មួយចំនួន។ ទី១ គឺហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដល់ពហុកីឡដ្ឋាន ជាតិមរតកតេជោ ដូចជាប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធភ្លើង ប្រព័ន្ធលូ ដែលហេដ្ឋារចនាសម្ព័ន្ធគាំទ្រនេះ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ។

រាជធានីភ្នំពេញ បានកសាងផ្លូវតភ្ជាប់ ៣ ខ្សែ ពីស្ពានជ្រោយចង្វារ មកមហាវិធីឈ្នះឈ្នះ ឆ្ពោះមកពហុកីឡដ្ឋានជាតិមរតកតេជោ ក្រៅពីផ្លូវសំខាន់ៗ គឺផ្លូវជាតិលេខ៦A និងផ្លូវជាតិលេខ៥ ដែលមានប្រព័ន្ធផ្លូវ ប្រទាក់ក្រឡាគ្នា ជាច្រើនខ្សែ។

លោកបានបន្តថាៈ លើបញ្ហានេះ មិនមានក្តីបារម្ភពីការកកស្ទះ ក្នុងពេលកម្ពុជា ប្រារព្ធពិធី បើក-បិទ ឬក្នុងអំឡុងពេលប្រកួតស៊ីហ្គេម លើកទី៣២ ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នោះទេ។ គ្រប់ដំណើរការសាងសង់ផ្លូវ និងផ្លូវដែលកំពុងដំណើរការជួសជុល កែលម្អ ដូចជាមហាវិថីឈ្នះឈ្នះជាដើម ត្រូវរួចរាល់ មុនពេលស៊ីហ្គេម ឆ្នាំ២០២៣ ជាមួយនឹងសោភ័ណភាពស្រស់ស្អាត។

ជាមួយគ្នានេះ ផ្លូវ១ខ្សែ (SEA Games Lane) នឹងត្រូវរៀបចំសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដោយអនុញ្ញាតឲ្យតែរថយន្តដឹកជញ្ជូនប្រតិភូកីឡាករ កីឡាការិនី តែប៉ុណ្ណោះ។ ការបើកបរផ្សេងៗ ដែលមិនមានអាទិភាព ត្រូវប្រើប្រាស់ផ្លូវរណបផ្សេងៗ ដើម្បីបញ្ចៀស ការកកស្ទះចរាចរណ៍ មិនបង្កគ្រោះថ្នាក់ ក្នុងគោលបំណងឲ្យប្រតិភូអត្តពលិក មកប្រកួត ទាន់ពេលវេលា។ ដូច្នេះហើយ ទើបយើងរៀបចំក្រោមកិច្ចសហការរបស់ គណៈកម្មាធិការជាតិ CAMSOC និងអាជ្ញាធរ ដើម្បីជំរុញឲ្យមហាព្រឹត្តិការណ៍កីឡា ជាប្រវត្តិសាស្ត្រដំបូងរបស់ ព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យ៕/V-PC