​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​បោសសម្អាត​ថ្ម​និង​ភក់​ចេញពី​ផ្លូវ​នៃ​ទីក្រុង​មួយ​នៅ​ភាគ​កណ្តាល​ប្រទេស​វ៉េណេស៊ុយ​អេ​ឡា​កាលពី​ថ្ងៃ​អង្គារ​ទី​១១​តុលា​ពោល​បី​ថ្ងៃ​បន្ទាប់​​ពី​ទីក្រុង​ត្រូវ​បាន​វាយប្រហារ​ដោយ​ការ​រអិល​បាក់​ដី​ដ៏​ធំ​និង​ដ៏​ប្រល័យ និង​កំពុង​ពង្រីក​ការស្វែងរក​សាកសព​ដែល​កប់​នៅ​ក្រោម​ដី​ភក់​។​

​ក្រុមមន្ត្រី​បាន​បង្កើន​ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​រអិល​បាក់​ដី​នៅ​ទីក្រុង​ឡាស​តេជើ​រី​អាស (Las Tejerias) រហូត​ដល់​យ៉ាង​ហោច ៤៣​នាក់​ហើយ​បាន​ព្រមាន​ថា​ចំនួន​នេះ​អាច​កើនឡើង​បន្ថែម​​ទៀត​នៅពេល​ដែល​សាកសព​ត្រូវបាន​រកឃើញ​នៅ​តាម​ស្ទឹង​នៅ​សង្កាត់​ដែល​រងគ្រោះ​ខ្លាំង​បំផុត​។ ក្រុម​សង្គ្រោះ​បាន​ពង្រីក​បរិវេណ​ស្វែងរក​របស់​ពួកគេ​ដើម្បី​រួមបញ្ចូល​តំបន់​តាម​ដងស្ទឹង​ដែល​មាន​ចម្ងាយ​​ប្រហែល ២ គីឡូម៉ែត្រ​នៅ​ខាងក្រៅ​ទីក្រុង​។​

​យ៉ាងហោច​ណាស់​មនុស្ស ៥៦ នាក់​ត្រូវ​គេ​និយាយ​ថា​កំពុង​បាត់​ខ្លួន ហើយ​អ្នកស្រុក​មួយចំនួន​បាន​ចូលរួម​នៅក្នុង​ការស្វែងរក​ពួកគេ​។​

​អ្នកស្រុក​ឈ្មោះ ម៉ា​ហ្គាលី ខូល​មេណា​រ៉េស (Magaly Colmenares)​បាន​និយាយថា លោកស្រី​បាន​នៅ​ជាមួយ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ដែល​បាន​ទាញ​យក​សាកសព​ចៅប្រុស​របស់​លោកស្រី​កាលពី​ថ្ងៃ​ចន្ទ​​ពី​ផ្ទះ​ដែល​លិច​ក្រោម​ភក់​។ សព​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​មណ្ឌល​សុខភាព​។​

​លោក​ស្រីខូល​មេណា​រ៉េស​បាន​និយាយថា “​ចៅ​បាន​កប់​ជាមួយ​បុរស​ម្នាក់​ដែល​ព្យាយាម​ជួយ​គេ​និង​ប្អូនស្រី​អាយុ ៣ ខែ​របស់​គេ​។ ខ្ញុំ​បាន​រកឃើញ​ទេវបុត្រ​របស់ខ្ញុំ ហើយ​យើង​ត្រូវតែ​ស្វែងរក​ប្អូនស្រី​តូច​របស់​គេ​ផងដែរ​”​។​

​ស្ថិតនៅ​ឆ្ងាយ ៨០ គីឡូម៉ែត្រ​ក្នុង​រដ្ឋធានី​កា​រ៉ា​កាស អង្គការ​ជា​ច្រើន​កំពុង​ប្រមូល​អំណោយ​សម្រាប់​អ្នក​រស់រានមានជីវិត​។ ក្នុងចំណោម​នោះ​គឺ​មាន​ក្លិប​កីឡា​បេ​ស្ប​ល​អាជីព Leones ដែល​បាន​សុំ​អ្នកគាំទ្រ​ផ្តល់​ទំនិញ​ដូចជា​អាហារ ទឹក សម្លៀក​បំពាក់ និង​ម្សៅ​ទឹកដោះគោ​ទារក​៕

​ក្រុម​អ្នក​សង្គ្រោះ​កំពុង​បន្ត​ស្វែងរក​អ្នក​បាត់​ខ្លួន​នៅ​ទីក្រុង​ឡាស​តេជើ​រី​អាស ក្រោយ​ហេតុការណ៍​រអិល​បាក់​ដី