ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានត្រួតពិនិត្យបន្ថែម លើការសាងសង់ ភូមិកីឡា សម្រាប់បម្រើដល់ការស្នាក់នៅរបស់ប្រតិភូកីឡាករ កីឡាការិនី និងចំណតយានយន្ត សម្រាប់ពិធីបើកបិទជាផ្លូវការ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងពេលកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ឲ្យកាន់តែគ្រប់ជ្រុងជ្រោយ។

នេះបើតាមការបញ្ជាក់ពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC នៅក្រោយបញ្ចប់កិច្ចប្រជុំ ស្តីពីកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ជាតិ CAMSOC-CAMAPGOC ដើម្បីពិភាក្សាការងារ ពាក់ព័ន្ធដំណើការ សាងសង់អគារហេដ្ឋារចនាសម្ព័ន្ធ ធានាដល់ការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន ប្រតិភូកីឡា កីឡាករ កីឡាការិនីជាតិ-អន្តរជាតិនៅភូមិកីឡា(Sport Village) និងការជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធ អមពហុកីឡដ្ឋានជាតិមរតកតេជោ និងការងារ ពាក់ព័ន្ធមួយចំនួនទៀត ដើម្បីសម្រួលដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថាៈ​ ការរៀបចំការស្នាក់នៅក្នុងភូមិកីឡាសម្រាប់ចំនួនមនុស្សជាង ៤,០០០ នាក់ ដោយអ្នកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមហ៊ុនសាងសង់ភូមិកីឡា បានអះអាងនៅក្នុងអង្គប្រជុំ យ៉ាងជាក់ច្បាស់ហើយថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នឹងត្រូវបិទការដ្ឋានសាងសង់ ហើយត្រូវបំពាក់ការតុបតែងលម្អ ដោយគណៈកម្មការរៀបចំបន្ទប់ស្នាក់នៅ។ ការរៀបចំតុបតែងបន្ទប់នេះ សម្រាប់ទទួលប្រតិភូ មន្ត្រីកីឡា កីឡាករ កីឡាការិនី ក្នុងរង្វង់ជាង ៤,០០០នាក់។ ពេលនេះ នៅភូមិកីឡា គឺសម្រេចបានចំនួន ៣,៧០០គ្រែហើយៗបន្ទប់សម្រាប់ការហូបចុកស្នាក់នៅនៃចំនួននេះគឺ១០០%នឹងប្រគល់ជូនគណៈកម្មាធិការជាតិ CAMSOC នាចុងខែធ្នូ ឆ្នាំ២០២២។

បញ្ហាសំខាន់មួយទៀត គឺចំណតរថយន្ត នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងពេលពិធី បើក បិទស៊ីហ្គេម ជាផ្លូវការ ដែលមានមនុស្សចំនួន ៦ ម៉ឺននាក់ ចូលរួម ដោយត្រូវកំណត់ ការរៀបចំឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ សម្រាប់ចំណតរថយន្ត របស់មហាជន ភ្ញៀវ VIP និងចំណតរបស់ប្រតិភូកីឡា។ ពេលនេះ លោកបណ្ឌិត ថោង ខុន បានត្រួតពិនិត្យ លើគម្រោងចំណតយានយន្តនេះ ឲ្យមានរបៀបរៀបរយ និងមានសោភ័ណភាពផងដែរ។

កិច្ចប្រជុំដ៏មានសារសំខាន់មួយនេះសម្រេចបាននូវលទ្ធផលល្អប្រសើរមួយជំហានទៀត ទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ក្រៅពហុកីឡដ្ឋានមរតកតេជោ​ និងផ្នែកខាងក្នុងបរិវេណ ពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់ មុនពេល ១០០ ថ្ងៃ នៃស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

នៅក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជានឹងប្រារព្ធពិធីរាប់ថយក្រោយ ១០០ ថ្ងៃ ដោយមាន អ្នកជំនាញការ មកពីក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ប្រធានក្រុមប្រតិភូ នៃប្រទេសនីមួយៗ មកត្រួតពិនិត្យមើលផងដែរ។

លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថាៈ មុនរយៈពេល១០០ថ្ងៃ នៃស៊ីហ្គេម ២០២៣នេះផងដែរ កម្ពុជានឹងរៀបចំកម្មវិធីដ៏ធំមួយ នៃការត្រៀមខ្លួនរួចរាល់ (CAMBODIA READY) គ្រប់ទម្រង់ គ្រប់ជ្រុងជ្រោយទាំងអស់ ដើម្បីឲ្យអាស៊ីអាគ្នេយ៍ នឹងបានមើលឃើញ ពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ដើម្បីជំរុញឲ្យការរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ទទួលបានជោគជ័យ។

ការខិតខំរៀបចំទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាដំណាក់កាលៗនេះ គឺដើម្បីកិត្តិយស សេចក្តីថ្លៃថ្នូរបស់ជាតិ យើងទាំងមូល៕/V-PC