ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធ កីឡាបាល់ទះកម្ពុជា និងអ្នកតំណាងក្រុមទំាង១១ ក្រុម បានអញ្ជើញចូលរួមពិធីសន្និសីទ សារព័ត៌មាន ការប្រកួតកីឡាបាល់ទះ ដណ្តើមពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឹនកីឡា។

លោកអគ្គលេខាធិការ បានមានប្រសាសន៍ថាៈ ក្រុមបាល់ទះជើងខ្លាំងទំាង ១១ក្រុម ប្រសិនបើមិនគោពរបទបញ្ជាការប្រកួត និងអាងអ្នកធំណាមួយ ធ្វើឲ្យខួចព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទះ ដណ្តើមពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងបោះបង់ការប្រកួត ដោយសារតែដឹងក្រុម ខ្លួនឯងធ្លាក់ ដោយស្វ័យប្រវត្តិ សហព័ន្ធ នឹងដាក់ពិន័យតាមបទបញ្ជាតែម្តង ។

កន្លងមក ទង្វើបែបនេះ បានកើតឡើងជាង ៦ ឬ ៧ ឆ្នាំមុនហើយ ដូច្នេះរូបលោក ជាអគ្គលេខាធិការសហព័ន្ធ ត្រូវកែប្រែមិនឲ្យកើតមានឡើយ។

លោកអគ្គលេខាធិការ បានបន្តថាៈ ក្រុមដែលចូលរួមការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកនេះ សុទ្ធសឹងជាក្រុមជើងខ្លាំង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងពិភពកីឡាបាល់ទះ ព្រមទំាងឆ្លងកាត់ការប្រកួតជា
ច្រើនថែមទៀត ហើយគោពរបទបញ្ជាការប្រកួតកន្លងមក។ ព្រឹត្តិការណ៍នេះចាប់ផ្តើមពីថ្ងៃទី ១៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានព្រីនស៍ រាជធានីភ្នំពេញ ។

ក្រុមបាល់ទះទាំង១១ក្រុម ដែលចូលរួម មាន ក្លិបកីឡាបាល់ទះវិសាខា ក្លិបកីឡាបាល់ទះ រដ្ឋបាលរាជធានីភ្នំពេញ ក្លិបកីឡាក្លិបបាល់ទះ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក្លិបកីឡា បាល់ទះបញ្ជាដ្ឋានអង្គរក្ស ក្លិបកីឡាបាល់ទះ ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ក្លិបកីឡាបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។ ក្លិបកីឡាបាល់ទះកងពលធំ អន្តាគមន៍លេខ៣ ក្លិបកីឡាបាល់ទះ កូននាគឧត្តរ ខេត្តឧត្តរមានជ័យ ក្លិបកីឡាក្លិបបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្លិបកីឡាបាល់ទះក្រសួងមហាផ្ទៃ និងក្លិបកីឡា បាល់ទះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សុទ្ធសឹងជាក្រុមជើងខ្លាំងប្រទេស ដែលមានសិទ្ធិចូលរួមការប្រកួតកម្រិតកំពូល ។

សម្រាប់ពានរង្វាន់ និងរង្វាន់របស់ក្រុមជ័យលាភីវិញ គឺក្រុមជើងឯកបានពានរង្វាន់ធំ១ មេដាយមាសម្នាក់១ អមដោយថវិកា១ម៉ឺនដុល្លារ។ ជើងឯករង៖ មេដាយប្រាក់ម្នាក់១ អមដោយថវិកា ៥ ពាន់ដុល្លារ។ លេខ៣ មេដាយសំរឹទ្ធិ ម្នាក់១ អមដោយថវិកា ៣ ពាន់ដុល្លារ។ លេខ៤ ថវិកា ២ ពាន់ដុល្លារ។ ក្រៅពីនោះ ក៏មានពានរង្វាន់ឯកត្តជនដែរ គឺសម្រាប់កីឡាករល្អជាងគេ ប្រចាំព្រឹត្តិការណ៍ កីឡាករលើកបាល់ល្អ កីឡាករធ្វើរនាំងល្អ និងកីឡាករវាយសេវាល្អជាងគេជាដើម។

អ្វីដែលពិសេសថែមទៀតនោះ ក្នុងការប្រកួតពានរង្វាន់បាល់ទះ សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ នេះ ក៏មានការប្រកួតមិត្តភាពអន្តរជាតិ ចំនួន ២គូដែរ គឺថ្ងៃទី១៥ តុលា ២០២២ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប៉ះ សិង្ហបុរី វេលាម៉ោង ៧ យប់ថ្ងៃទី២០ តុលា ២០២២ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប៉ះ គុយបា វេលាម៉ោង ៧យប់៕/V-PC