​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១១​តុលា​ថា លោក​ជឿថា សម​ភាគី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន គឺជា​តួអង្គ​មាន​ហេតុផល​ធម្មតា ដែល​បាន​ប៉ាន់ស្មាន​ខុស​យ៉ាង​អាក្រក់​ចំពោះ​អនាគត​ក្នុង​ការកាន់កាប់​អ៊ុយ​ក្រែន​របស់គាត់​។​

​លោក​ប្រធានាធិបតី​បាន​និយាយ​បែបនេះ​នៅក្នុង​បទ​សម្ភាសន៍​តាម​កញ្ចក់​ទូរទស្សន៍​ដ៏​កម្រ​មួយ ខណៈ​រដ្ឋបាល​របស់​លោក​ព្យាយាម​ស្វែងរក​អ្វី​ដែល​លោក​ពណ៌នា​ថា​ជា “​ច្រក​ចេញ​តែ​មួយ​ផ្លូវ​”​សម្រាប់​​លោកពូ​ទីន ដើម្បី​បន្ថយ​ការឈ្លានពាន​របស់គាត់​លើ​អ៊ុ​យក្រែន មុនពេល​ដែល​គាត់​ងាក​ទៅរក​អាវុធ​ប្រល័យ​លោក​។​

​បន្ទាប់​ពី​ការបាញ់​មី​ស៊ី​ល​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ទៅលើ​គោលដៅ​ជន​ស៊ីវិល​នៅ​ទូទាំង​ប្រទេស​ជិតខាងរ​បស់​ខ្លួន​បាន​បង្ហាញ​ពី​ការកើនឡើង​ជម្លោះ​រយៈពេល​ប្រាំពីរ​ខែ លោកបៃ​ដិនបាន​ប្រាប់​ទូរទស្សន៍ CNN ថា “​ខ្ញុំ​គិតថា​គាត់​គឺជា​តួអង្គ​មាន​ហេតុផល​មួយ ដែល​បាន​ប៉ាន់ស្មាន​ខុស​គួរឱ្យកត់សម្គាល់​”​។​

​លោកបៃ​ដិនបាន​ព្រមាន​កាលពី​សប្តាហ៍​មុន​ថា ពិភពលោក​ប្រថុយ​នឹង “​ថ្ងៃ​អ​វសា​ន្ត​”​នៅក្នុង​ការនិយាយ​សំដៅ​ដោយផ្ទាល់​ខុសពី​ធម្មតា​អំពី​គ្រោះថ្នាក់​ពី​ការគំរាមកំហែង​របស់​ពូ​ទីន​ក្នុង​ការប្រើប្រាស់​​អាវុធ​នុយក្លេអ៊ែរ ដើម្បី​ជួយ​ដល់​ការប៉ុនប៉ង​បរាជ័យ​របស់​រុស្ស៊ី​ក្នុងការ​កាន់កាប់​ប្រទេស​អ៊ុ​យក្រែន​។​

​ស្ថានភាព​ផ្លូវចិត្ត​របស់​លោក​ពូ​ទីន​គឺជា​ប្រធានបទ​នៃ​ការជជែក​ដេញដោល​គ្នា​ជា​ច្រើន បន្ទាប់​ពី​ប្រធានាធិបតី​រុស្ស៊ី​បាន​ទទួលរង​នូវ​បរាជ័យ​ផ្នែក​យោធា​នាពេល​ថ្មីៗ​នេះ នៅក្នុង​ការ​លុកលុយ ដែល​លោក​បាន​ចាប់ផ្តើម​កាលពី​ខែ​កុម្ភៈ​។​

​នៅក្នុង​ការកត់សម្គាល់​ដែល​ចេញផ្សាយ​ដោយ CNN មុន​ពេល​ការផ្សាយ​របស់ខ្លួន​នៃ​បទសម្ភាសន៍​នៅ​យប់​ថ្ងៃ​អង្គារ លោកបៃ​ដិនបាន​និយាយថា ខណៈ​លោក​ជឿ​ថា​លោក​ពូ​ទីន​មាន​ហេតុផល មេដឹកនាំ​​រុស្ស៊ី​នេះ​បាន​មើលស្រាល​ការតស៊ូ​របស់​អ៊ុ​យក្រែន​។​

​លោកបៃ​ដិនបាន​និយាយថា “​ខ្ញុំ​គិតថា​…​គាត់​ប្រហែល​នឹកស្មានថា​គាត់​នឹង​ត្រូវបាន​ស្វាគមន៍​ដោយ​ដៃ​ទាំង​ទ្វេ ព្រោះថា​នេះ​គឺ​ជា​ទីកន្លែង​កំណើត​នៃ​មាតុភូមិ​រុស្ស៊ី​នៅ​ទីក្រុង​គៀវ​ហើយ​ជា​កន្លែង​ដែល​​គាត់​នឹង​ត្រូវ​បាន​ស្វាគមន៍ ហើយ​ខ្ញុំ​គិតថា គាត់​គ្រាន់តែ​ប៉ាន់ស្មាន់​ខុស​ទាំង​ស្រុង​ប៉ុណ្ណោះ​”៕

​លោកបៃ​ដិនថា​ពូទី​ន​ស្មាន​ខុស​អំពី​សមត្ថភាព​របស់​រុស្ស៊ី​ក្នុង​ការកាន់កាប់​អ៊ុ​យក្រែន