ដោយៈសុក្ខារិន / ពោធិសាត់ៈ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ គណៈបញ្ជាការ ឯកភាពខេត្តពោធិ៍សាត់ បានប្រជុំប្រចាំខែកញ្ញា និងត្រៀមរៀបចំការប្រណាំងទូក នៅខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ចេង ឡៃ អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ស្ដីទី។

កិច្ចប្រជុំ បានដំណើរការទៅតាមការគ្រោងទុក ដោយមានការពិនិត្យ ពិភាក្សា លើសេចក្ដីព្រាងរបាយការណ៍ ប្រចាំខែកញ្ញា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត សេចក្ដីរាយការណ៍ អំពីវឌ្ឍនភាពរបស់អនុគណៈកម្មការទាំង៦ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព នៃការត្រៀមលក្ខណៈរៀបចំពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្ដែតប្រទីប នៅថ្ងៃទី១៦ -១៧ និង ១៨ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ព្រមទាំងមានបែងចែក អនុគណៈកម្មការ ចំនួន៦ ដើម្បីដំណើរការពិធី តាមកម្មវិធីដែលបានគ្រោងទុក។

ក្នុងឱកាសនោះ លោក ចេង ឡៃ ប្រធានអង្គប្រជុំតំណាងលោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថាៈ នៅថ្ងៃទី១៦ -១៧ និង ១៨ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ខេត្តពោធិ៍សាត់យើង នឹងមានការប្រណាំងទូក ដើម្បីអបអរសាទរ ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្ដែតប្រទីប តាមប្រពៃណី ដូនតាយើង ដែលមានតាំងពីដើមមក។ យើងបានរៀបចំភ្លើងពណ៌ បដា ពាក្យស្លោក ស្ដង់តាំងពិពណ៌ ធុងសំរាម បង្គន់អនាម័យ និងចំណតរថយន្តម៉ូតូ យ៉ាងមានរបៀបរៀបរយ ដើម្បីបង្កលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្តសប្បាយរីករាយ។

លោក ចេង ឡៃ សូមឲ្យមន្ទីរធនធានទឹក និងឧតុនិយម គ្រប់គ្រងទឹកស្ទឹងពោធិ៍សាត់ ឲ្យបានល្អ ដើម្បីធានាដល់ការប្រណាំងទូក ប្រព្រឹត្តទៅដោយរលូន។ សមត្ថកិច្ច ត្រូវពង្រឹង កម្លាំងការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការធ្វើចរាចរណ៍ ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ។ ដោយឡែក មន្ទីរព័ត៌មានខេត្ត ត្រូវផ្សព្វផ្សាយសកម្មភាពជាក់ស្ដែង និងទិដ្ឋភាពទាំងស្រុង តាមវិទ្យុ ទូរទស្សន៍ និងបណ្ដាញសង្គមនានា ដើម្បីបង្ហាញដល់ មហាជន បានដឹងពីការប្រណាំងទូក នៅខេត្តពោធិ៍សាត់របស់យើង។

ជាមួយគ្នានេះ លោក ចេង ឡៃ ក៍បានសុំឲ្យក្រុង ស្រុក មន្ទីរពាក់ព័ន្ធ និងអភិបាលរងខេត្ត ទទួលបន្ទុកការងារគ្រោះមហន្តរាយ ធ្វើផែនការស្ដារឡើងវិញ នូវដំណាំស្រូវ ដែលខូចខាត ដោយគ្រោះទឹកជំនន់ ឲ្យបានទាន់ពេលវេលា ដែលសម្ដេចតេជោ យកចិត្តទុកដាក់ខ្លាំង ណាស់ ចំពោះបញ្ហានេះ ព្រោះវាជាជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ការប្រណាំងទូក នៅខេត្តពោធិ៍សាត់ ឆ្នាំ២០២២នេះ មានទូកចូលរួមពី បណ្ដាមន្ទីរអង្គភាពក្រុង ស្រុក សរុបទាំងអស់ចំនួន ២៦ ទូក គឺស្មើនឹង ១៣ គូ ៕/V-PC