ដោយៈ ទេពកង្រី / កំពង់ឆ្នាំង៖ ដោយសារតែស្ថានភាពជំនន់ទឹកទន្លេ ឆ្នាំនេះ ឡើងខ្ពស់ បានធ្វើឱ្យដំណាំស្រូវរបស់ប្រជាពលរដ្ឋ ប្រមាណ ៨០០ ហិកតា ក្នុងស្រុកចំនួន ៣ ក្នុងខេត្តកំពង់ឆ្នាំង បានរងការប៉ះពាល់ធ្ងន់ធ្ងរ ហើយក្នុងរយៈពេលត្រឹមតែ ១សប្តាហ៍ បើស្ថានភាពទឹកទន្លេ មិនស្រកចុះទេ ស្រូវទាំងអស់ នឹងត្រូវរងការខូចខាតទាំងស្រុង។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង លោក ងិនហ៊ុន បានឱ្យដឹង នៅសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នេះថាៈ ផលប៉ះពាល់ដោយសារទឹកជំនន់ ចំពោះដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ នៅក្នុងភូមិសាស្ត្រ ឃុំសែប ស្រុកកំពង់ត្រឡាច , ឃុំគោកបន្ទាយ ស្រុករលាប្អៀរ និងឃុំខុនរ៉ង ឃុំពន្លៃ ស្រុកបរិបូណ៌ ដោយស្ថានភាពទឹកទន្លេ ឆ្នាំនេះ ឡើងខ្ពស់ជាង ឆ្នាំចាស់ កំពស់ ២,៦០ ម៉ែត្រ ធ្វើឲ្យដំណាំស្រូវស្រាល បង្កើនរដូវ ជាង ៧៩០ ហិកតា បានទទួលរងនូវផលប៉ះពាល់ ដោយជំនន់ទឹកទន្លេ ។

លោកបានដឹងទៀតថាៈ ប្រសិនបើទឹកទន្លេ មិនស្រក ឬមានការស្រកយឺតយ៉ាវ ក្នុងរយៈពេលតែ ១សប្តាហ៍ នឹងទទួលការខូចខាតទាំងស្រុង ហើយផ្ទៃដីខូចខាត ទាំងអស់នោះ អាចនឹងត្រូវស្តារឡើងវិញ នៅពេលទឹកស្រកចុះផុតទៅវិញ។

គួរឲ្យដឹងថា ជារៀងរាល់ឆ្នាំ ពេលមានទឹកជំនន់ជន់ឡើងខ្ពស់ បង្ករការខូចខាតដំណាំស្រូវ របស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម តាមរយៈមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង តែងនាំយក ស្រូវពូជ មកផ្តល់ជូនប្រជាពលរដ្ឋ ដែលរងការខូចខាត ដើម្បីពួកគាត់មានលទ្ធភាព ស្តារឡើងវិញ នៅពេលទឹកទន្លេ ស្រកចុះទៅវិញ ។

បើយោងតាមរបាយការណ៍របស់ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុនថុន បានឱ្យដឹងថាៈ ស្ថានភាពកម្ពស់ទឹកទន្លេ នៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោម ថ្ងៃទី១១ តុលា ២០២២ ទឹកទន្លេ មានកម្ពស់ ៩,៨៨ ម៉ែត្រ បើធៀបនឹងឆ្នាំ២០២១ ទឹកមានកម្ពស់ត្រឹមតែ ៧,២៥ ម៉ែត្រ ស្ថានភាពទឹកភ្លៀង មានកម្ពស់ ៧៩,៨ មីលីម៉ែត្រ៕ V / N