ដោយៈ គង់ហេង / កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការី បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យសិក្សា អំពីផលប៉ះពាល់ ខូចខាតដំណាំស្រូវប្រាំង ប្រមាណជាង ៧០០ ហិកតា របស់ប្រជាពលរដ្ឋ ជាង ១.០០០ គ្រួសារ ដោយសារទឹកជំនន់ ទន្លេមេគង្គ នៅក្នុងឃុំចំនួន ប្រាំមួយ នៅស្រុកស្ទឹងត្រង់ កាលពីថ្ងៃទី ១១ តុលា ម្សិលមិញ។

លោក ទុន ណេត អភិបាលស្រុកស្ទឹងត្រង់ ដែលបានអមដំណើរលោកអភិបាល ខេត្តកំពង់ចាម បានឱ្យដឹងថាៈ ការចុះពិនិត្យសិក្សា ស្តារឡើងវិញ ផលប៉ះពាល់ដំណាំ ស្រូវប្រាំង រងការខូចខាត រលូតដើម ដោយទឹកជំនន់ទន្លេមេគង្គ របស់អាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធនេះ គឺដើម្បីវាយតម្លៃផលប៉ះពាល់ខូចខាត និងស្នើសុំគ្រាប់ពូជស្រូវ ទៅកាន់ថ្នាក់ជាតិ សម្រាប់ចែកជូនគ្រួសារកសិកររងគ្រោះ ទាំងចំនួន ១.៤៤៦ គ្រួសារ ក្នុងឃុំចំនួន ប្រាំមួយ របស់ស្រុកស្ទឹងត្រង់ ជាបន្ទាន់ ។

លោកអភិបាលស្រុកស្ទឹងត្រង់ បានបន្តថាៈ ក្នុងនោះឃុំទាំងប្រាំមួយ ដែលបានរងផល ប៉ះពាល់ ដោយទឹកជំនន់ទន្លេមេគង្គ មានៈទី១. ឃុំពាមកោះស្នា ចំនួន ប្រាំបី ភូមិ ខូចខាតដំណាំស្រូវ អស់ចំនួន ២៧០ ហិកតា, ទី២.ឃុំខ្ពបតាងួន ចំនួន ប្រាំមួយភូមិ ខូចខាតដំណាំស្រូវ អស់ចំនួន ១៦៣ ហិកតា, ទី៣. ឃុំអារក្សត្នោត ចំនួន ពីរភូមិ ខូចខាតដំណាំស្រូវ អស់ចំនួន ១១៥ ហិកតា, ទី៤. ឃុំព្រែកបាក់ ចំនួន បួនភូមិ ខូចខាតដំណាំស្រូវអស់ចំនួន ៧៧ ហិកតា, ទី៥. ឃុំព្រែកកក់ចំនួន ប្រាំបីភូមិ ខូចខាតដំណាំស្រូវ ចំនួន ៧១ ហិកតា និងទី៦. ឃុំព្រះអណ្តូងចំនួន បីភូមិ ខូចខាតដំណាំស្រូវ ចំនួន ៦៥ ហិកតា។

កសិករវ័យ ៦៤ ឆ្នាំ លោក មីត លាង ពាក់ដៃអាវផ្កា ពណ៌ស បង់កក្រមា ដែលកំពុងរាយ ការណ៍ប្រាប់អាជ្ញាធរ និងក្រុមអ្នកសារព័ត៌មាន ពីទឹកជំនន់ នៅលើផ្លូវជាខ្នងទំនប់ ស្ថិតក្នុងភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ថាៈ ទីនេះជាតំបន់ទួលរនាម ជាស្រែប្រាំង របស់ប្រជាពលរដ្ឋ ឃុំខ្ពបតាងួនផង និងឃុំព្រះអណ្តូងផង។​ ដោយឡែក គ្រួសារលោក មានស្រែនៅទីនេះ ចំនួន ១,៣០ ហិកតា ។ ពេលស្រូវមានអាយុប្រហែលមួយខែ ត្រូវទឹកជំនន់ទន្លេមេគង្គ ហូរចូលតាមព្រែក បឹងរ៉ៃ ជាប់ព្រំប្រទល់ខេត្តក្រចេះ ជន់លិចបាត់ចុង កាលពីក្រោយបុណ្យភ្ជុំហើយ។

លោកបានបន្តថាៈ ឥឡូវ ទឹកទន្លេនេះ បានស្រកចុះ ចេញដើមស្រូវ នៅផ្នែកខាងលើខ្លះ ហើយ។ ប៉ុន្តែនៅមួយផ្នែក ស្រែក្រោម នៅត្រាំក្នុងទឹក ដូចស្រែរបស់ប្រជាពលរដ្ឋ នៅតំបន់ទួលរនាម នេះជាច្រើន ហើយទៀត គឺទំនងនឹងរលួយដើមអស់ហើយ នៅពេលទឹកស្រកផុត។ ដូច្នេះដល់អាជ្ញាធរ ជួយផ្តល់គ្រាប់ស្រូវពូជ ដើម្បីដាំដុះឡើងវិញ ម្តងទៀត៕ V / N

រូបថត សកម្មភាព ( លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការី បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យសិក្សា អំពីផលប៉ះពាល់ ខូចខាតដំណាំស្រូវប្រាំង ប្រមាណជាង ៧០០ ហិកតា របស់ប្រជាពលរដ្ឋ ជាង ១.០០០ គ្រួសារ ដោយសារទឹកជំនន់ ទន្លេមេគង្គ នៅក្នុងឃុំចំនួន ប្រាំមួយ នៅស្រុកស្ទឹងត្រង់ កាលពីថ្ងៃទី ១១ តុលា ម្សិលមិញ )