ដោយៈ ភ្នំខៀវ / បាត់ដំបងៈ ជំនន់ទឹកភ្លៀងដែលជោរជន់ខ្លាំង ហូរកាត់លើស្ពានច្រកទ្វារ អន្តរជាតិដូង បានស្រកចុះបន្តិចវិញ ប៉ុន្តែរថយន្តដឹកនិញធុនតូច នៅបន្តផ្អាកការឆ្លងកាត់ នៅឡើយ។

ប្រជាពលរដ្ឋនៅតំបន់ព្រំដែន ស្រុកកំរៀង បានប្រាប់នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នេះថាៈ ស្ថានភាពទឹកអូរព្រំដែន ត្រង់ចំណុចស្ពានឆ្លងច្រកទ្វាអន្តរជាតិដូង នៅព្រឹកនេះ បានស្រកចុះបន្តិច ត្រឹម ៤,៦០ ម៉ែត្រ ខណៈនៅថ្ងៃទី ១១ ខែតុលា ម្សិលមិញ ទឹកអូរ មានកម្ពស់ ៤,៨០ ម៉ែត្រ ជាកម្ពស់ដែលត្រូវដាក់ឲ្យមានការប្រុងប្រយ័ត្ម ពិសេសរថយន្ត ដឹកទំនិញដែលឆ្លងកាត់ទៅមក។

កងកម្លាំងឈរជើងនៅតំបន់ស្រុកកំរៀង បានបញ្ជាក់ដែរថាៈ នៅព្រឹកថ្ងៃដដែលនេះ អាកាសធាតុ មេឃស្រឡះល្អ និងធ្លាក់ខ្យល់ត្រជាក់ ជាសញ្ញាបញ្ជាក់ថា មេឃអាចនឹងរាំង ភ្លៀង ហើយទឹកជំនន់ អាចនឹងស្រុកចុះ។

ប្រភពខាងលើ បានបន្តថាៈ បើទោះបីទឹកជំនន់ ដែលហក់ឡើងខ្ពស់ ហូរកាត់លើស្ពាន ច្រកទ្វារព្រំដែនអន្តរជាតិ បានស្រកថយបន្តិចវិញ ប៉ុន្តែចំពោះរថយន្តដឹកទំនិញធុនតូច អាជ្ញាធរ ក៏ដូចជាមន្ត្រីប្រចាំច្រក នៅតែបន្តហាមឃាត់ការធ្វើចរាចរណ៍ដដែល ដើម្បីបង្ការបញ្ហាគ្រោះថ្នាក់ផ្សេងៗ៕ V / N