ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរ ចំពោះអភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ខណ្ឌ សង្កាត់ ដែលបានយកចិត្តទុកដាក់ អនុវត្តបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសង ទីកន្លែងទិញ លក់ បញ្ចាំ ផលចោរកម្ម បានទាន់ពេលវេលា និងម៉ឹងម៉ាត់។

រូបថត (​ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ )

ការកោតសរសើរនេះ បានធ្វើឡើង បានធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នេះ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត​ ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អអភិបាលរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលារាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បានមានប្រសាសន៍ថាៈ អនុវត្តតាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ខណ្ឌ សង្កាត់ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបង្ក្រាបល្បែងស៊ីសង ទីកន្លែងទិញ លក់ បញ្ចាំ ផលចោរកម្ម នៅក្នុងរាជធានីភ្នំពេញ ទទួលបានលទ្ធផលល្អប្រសើរ ធ្វើឱ្យប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ អបអរសាទរ គាំទ្រ និងមានប្រជាជនមួយចំនួន បានបាត់របស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែត្រូវបានរកឃើញមកវិញ នៅក្នុងយុទ្ធនាការ បង្ក្រាបរបស់អាជ្ញាធរយើងនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ជាសំណូមពរ ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ សុំឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច បន្តការបង្ក្រាបនេះ ជាបន្តបន្ទាប់ ឱ្យដូចភ្លៀងរលឹម។

ជាមួយគ្នានោះ ចំពោះ ការងារសាធារណការ និងកែលម្អសោភ័ណភាព នៅក្នុងរាជធានី ភ្នំពេញ លោកប្រធានក្រុមប្រឹក្សា ក៏បានសម្តែងនូវការកោតសរសើរផងដែរ ចំពោះមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ដែលបានខិតខំជំរុញការងារ ថែទាំផ្លូវថ្នល់ និងជួសជុលផ្លូវក្រលុក សំបុកមាន់ នៅដើមផ្លូវជាតិ ចេញពីរាជធានីភ្នំពេញ ចំនួន៦ខ្សែ និង ផ្លូវក្នុងរាជធានីភ្នំពេញ ចំនួន៣៤ ផ្លូវ បានល្អប្រសើរ ។
សម្រាប់ការងារបរិស្ថាន អនាម័យ និងការគ្រប់គ្រងសំណល់ ក្នុងត្រីមាសទី៣នេះ ជាមធ្យម ការប្រមូលសំរាម មានបរិមាណ ៣.៧១៨,៧៩ តោន ក្នុងមួយថ្ងៃ ប៉ុន្តែការប្រមូលសំរាម ឃើញថា អនុវត្តបានល្អប្រសើរ មិនមានការកកស្ទះកាកសំណល់ និងសំរាម ដែលធ្វើឱ្យ រាជធានីភ្នំពេញ កាន់តែមានសោភ័ណភាព និងបរិស្ថានល្អ៕​ V / N