ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ក្នុងបំណងពិនិត្យលទ្ធភាព និងអន្តរាគមន៍ តភ្ជាប់ ផ្លូវជនបទឡើងវិញ ឲ្យបងប្អូនប្រជាពលរដ្ឋ បានប្រើប្រាស់ក្រោយទឹកស្រកនោះ លោក អុិន ចន្ថា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងវាយតម្លៃបឋម នៅផ្លូវជនបទ អណ្តូងស្នប់ បង្គន់អនាម័យ ដែលរងផលប៉ះពាល់ និងខូចខាតដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ ឆ្នាំ២០២២ នេះ គឺនៅចំនួន ៤ស្រុក មាន ស្រុកមង្គលបូរី, អូរជ្រៅ, ព្រះនេត្រព្រះ និងស្រុកភ្នំស្រុក។

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២២ថាៈ គិតត្រឹមម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២២ ជំនន់ទឹកភ្លៀង នៅបន្តលិច បានបណ្តាលឲ្យផ្លូវជនបទ នៅក្នុងខេត្តបន្ទាយមានជ័យ បានរងជន់លិចផ្លូវ កើនឡើងដល់ចំនួន ៥៥ ខ្សែ ស្មើនឹងប្រវែង ៥៨២.២៣៦ ម៉ែត្រ ត្រូវបានលិចទឹក ប្រវែង ១៥១.៥២០​ ម៉ែត្រ។ ក្នុងនោះ ដាច់តួផ្លូវប្រវែង ៣០.៥៧៥ ម៉ែត្រ ហូរច្រោះជើងទេរ ប្រវែង ១២៧.៤២០ ម៉ែត្រ និងលូមូល ៣ កន្លែង។

លោក ជា យុទ្ធារុណ បានបន្តថាៈ ផ្លូវទាំង ៥៥ ខ្សែនេះ ស្ថិតក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ចំនួន ៨ ខ្សែ, ស្រុកព្រះនេត្រព្រះ ចំនួន ១៧ ខ្សែ, ស្រុកមង្គលបូរី ចំនួន ៩ ខ្សែ, ស្រុកភ្នំស្រុក ចំនួន ៣ខ្សែ, ស្រុកស្វាយចេក ចំនួន ៣ខ្សែ, ស្រុកថ្មពួក ចំនួន ៦ ខ្សែ, ស្រុកម៉ាឡៃ ចំនួន ២ ខ្សែ, ក្រុងប៉ោយប៉ែត ចំនួន ១ខ្សែ និងក្រុងសិរីសោភ័ណ ចំនួន ៦ខ្សែ។ រីឯ អណ្តូងស្នប់ ចំនួន១០ បង្គន់អនាម័យចំនួន ២១៣ ។

លោក អុិន ចន្ថា ក្នុងឱកាសចុះពិនិត្យ និងវាយតម្លៃនោះ បានមានប្រសាសន៍ថាៈ ដោយមាន ការយកចិត្តទុកដាក់ ពីលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកបានចាត់តាំង ឱ្យរូបលោកផ្ទាល់ ធ្វើការដឹកនាំក្រុមការងារ ធ្វើការចុះពិនិត្យលទ្ធភាព និងអន្តរាគមន៍ តភ្ជាប់ផ្លូវជនបទឡើងវិញ ឲ្យបងប្អូនប្រជាពលរដ្ឋ បានប្រើប្រាស់ក្រោយទឹក ស្រក ក្នុងចំណុចភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះ លោក អុិន ចន្ថា បានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ ដែលបានសហការ សាមគ្គីភាពគ្នា ក្នុងការអនុវត្តការងារ រយៈពេលកន្លងមក។ ជាក់ស្តែង ក្នុងសកម្មភាពចុះ ថែទាំផ្លូវជនបទ អណ្តូងស្នប់ និងបង្គន់អនាម័យ ទាំងរដូវប្រាំង និងរដូវវស្សា ក្នុងការជួសជុល តភ្ជាប់ និងស្តារឡើងវិញ ជូនបងប្អូនប្រជាពលរដ្ឋ បានប្រើប្រាស់ ព្រោះផ្លូវជនបទ មានសារៈសំខាន់ណាស់ សម្រាប់បងប្អូន ធ្វើដំណើរឆ្លងកាត់ ប្រកបរបររកស៊ី ក៏ដូចជា ដឹកជញ្ជូនភោគផល ដំណាំកសិកម្មផ្សេងៗ ផងដែរ៕ V / N

រូបថតសកម្មភាព ( លោក អុិន ចន្ថា រដ្ឋលេខាធិការនិងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងអភិវឌ្ឍន៍ជនបទ ,លោក ជា យុទ្ធារុណប្រធានមន្ទីរនិងមន្ត្រីក្រុមការងារចុះពិនិត្យ វាយតម្លៃបឋមផលប៉ះពាល់ពីទឹកជំនន់លើផ្លូវលំជនបទខេត្តបន្ទាយមានជ័យ )

(រូប: ប.ជ័យ )