ដោយៈមុនីរ័ត្ន/ភ្នំពេញ៖សារជាសំឡេងរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន និងលោក ស ឡុងដេត មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនដែលបានលើកឡើងទាក់ទងការចូលរួមរបស់គណបក្សនយោបាយ ដទៃបានត្រឹមតែចូលទេ តែកុំចងសម្ព័ន្ធ ហើយគណបក្សភ្លើងទៀន ផ្តល់តែតួនាទីជាទីប្រឹក្សាជាន់ខ្ពស់ដល់លោក គង់ គាំ តែប៉ុណ្ណោះ។ អាថ៌កំបាំងនេះបានបែកធ្លាយនេះ ហើយត្រូវបានចែកចាយនៅលើហ្វេសប៊ុកនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នេះ។

លោក សុន ឆ័យ នាពេលកន្លងទៅ(រូបថត ហ្វេសប៊ុក)

តាមរយៈសារសំឡេងនោះ លោក សុន ឆ័យ បាននិយាយថា “…កិច្ចសហការជាមួយគណបក្សដទៃគ្រាន់តែក្រេប យកចំណុចខ្វះខាតមកអនុវត្តគោលនយោបាយរបស់គណបក្សភ្លើងទៀន។ក្នុងនោះការចូលរួមរបស់គណបក្សដទៃ បានត្រឹមតែចូលទេ តែកុំចងសម្ព័ន្ធ”។

ការនិយាយរបស់លោក សុន ឆ័យ បានធ្វើឡើងកាលពីអំឡុងថ្ងៃទី៨-១០ខែកញ្ញាកន្លងទៅក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈនាយក ក្រុមការងារ និងក្រុមប្រតិបត្តិ២៥ រាជធានី-ខេត្ត នៅខេត្តសៀមរាប ដឹកនាំដោយលោក ទាវ វណ្ណុល និងលោក សុន ឆ័យ។

ចំណែកសារសំឡេងរបស់លោក ស ឡុងដេត បាននិយាយថា “ស្ថានការណ៍នយោបាយ យើងដឹងហើយថា មួយរយៈចុងក្រោយនេះគណបក្សភ្លើងទៀនយើងមានការចូលរួមពីគណបក្សផ្សេងៗហើយការរួបរួមនេះមិនមានការសន្យាអ្វីទេ រាល់គណបក្សនយោបាយដែលចូលរួម គឺចូលរួមដូចសកម្មភាពរបស់យើងនៅភ្នំពេញ។អញ្ចឹង អ្នកមកក្រោយតាមក្រោយ។ អញ្ចឹងគណបក្សភ្លើងទៀន គឺផ្តល់តួនាទីឱ្យតែឯកឧត្តម គង់ គាំជាទីប្រឹក្សាជាន់ខ្ពស់ របស់គណបក្សក្រៅពីនោះចូលមកហើយឯកឧត្តមគង់គាំត្រូវធ្វើការដើម្បីយកស្នាដៃជារៀងរហូតដល់រៀបចំកម្មវិធី»។
ការនិយាយរបស់លោក ស ឡុងដេត បានធ្វើឡើងកាលពីថ្ងៃទី៨ ខែតុលាថ្មីៗនេះ នៅក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍រាជធានីភ្នំពេញ៕សរន