ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ នៅរសៀលថ្ងៃនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានអាស៊ានឆ្នាំ ២០២២ នឹងអញ្ជើញ​ជាអធិបតីភាពបើកកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ដែលប្រារព្ធធ្វើនៅវិមានសន្តិភាពទីស្តីកានាយករដ្ឋមន្រ្តី ។

កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២នឹងធ្វើឡើងក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាពបរិយាប័ន្ននិងកាន់តែរឹងមាំ៖បំផុសសហគ្រិនស្ត្រីនៅក្នុងអាស៊ាន» ។កិច្ចប្រជុំនឹងធ្វើឡើងក្រោមទម្រង់កូនកាត់ដោយមានអ្នកចូលរួមដោយផ្ទាល់និងតាមប្រព័ន្ធវីដេអូ ។ ក្នុងនោះអ្នកចូលរួមដោយផ្ទា ល់មានប្រមាណ ៣០០ នាក់និងតាមប្រព័ន្ធ វីដេអូប្រមាណ ៥០០នាក់។

ក្នុងកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២នេះសម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាបើកនិងបិទកិច្ចប្រជុំនេះ។ ក្រៅពីនោះក៏មានបទអន្តរាគមន៍ពីវាគ្មិនដែលជាតំណាងនារី នៅក្នុងបណ្តាប្រទេសប្រជាជាតិអាស៊ីអាគ្នេយ៍ផងដែរ ។

កិច្ចប្រជុំនេះមានគោលបំណងផ្តល់ជាវេទិកាសម្រាប់ការផ្លាស់ប្តូរមតិនិងការពិភាក្សារវាងមេដឹកនាំស្ត្រីអាស៊ាន និងប្រមុខដឹកនាំនៃប្រទេសសមាជិកអា ស៊ានលើបញ្ហាប្រឈមនិង កាលានុវត្តន៍ភាពដើម្បីអភិវឌ្ឍសហគ្រិនភាពរបស់ស្ត្រីនិងលើកកម្ពស់ការធ្វើបរិវត្តកម្មឆ្ពោះទៅរកការស្តារឡើងវិញដ៏រឹងមាំនៃ សហគ្រាសធុនមីក្រូ ធុនតូចនិងមធ្យមជាមួយនឹង ការយកចិត្តទុកដាក់បំផុតទៅលើការគិតគូរពីភាពធន់និងចីរភាពក៏ដូចជាការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី និងការបញ្ជ្រាបយេនឌ័រ។ គោលដៅទាំងនេះនឹងសម្រេចបានតាមរយៈ ការកំណត់ឱ្យបានច្បាស់អំពីអភិក្រមនៃការធ្វើបរិវត្តកម្មនិងគ្រប់ជ្រុងជ្រោយដែលអ្នកដឹកនាំនិងអ្នកពាក់ព័ន្ធទាំងអស់អាចប្រើសម្រាប់ដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញនិង ពហុវិស័យដែលរារាំងសហគ្រិនភាពនិងភាពជាអ្នកដឹកនាំសេដ្ឋកិច្ចរបស់ស្ត្រី។

កិច្ចប្រជុំនេះនឹងពិនិត្យមើលឧបសគ្គនិងនិន្នាការបច្ចុប្បន្នក៏ដូចជាកាលានុវត្តភាពដែលអាចជះឥទ្ធិពលលើសិទ្ធិស្ត្រីក្នុងការទទួលបានសហគ្រិនភាពនិងប្រព័ន្ធអេកូឡូស៊ីសហ គ្រិនក្នុងបរិបទមានការរាតត្បាតនៃជំងឺកូវីដ១៩ ព្រមទាំងការផ្លាស់ប្តូរក្នុងមជ្ឈដ្ឋានការងារ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងអា ស៊ាន។

កិច្ចប្រជុំក៏នឹងកំណត់អំពីកាលានុវត្តភាពដែលនឹងជំរុញការស្តារឡើងវិញកំណើននិងភាពធន់នៃសហគ្រាសធុនមីក្រូ ធុនតូចនិងធម្យមរបស់ស្ត្រីបង្កើតបរិយាកាសធុរកិច្ចស្មើ ភាពសម្រាប់ឱ្យស្ត្រីធ្វើការប្រកួតប្រជែងរីកចម្រើននិងដឹកនាំនិងបំផុសសក្តានុពលសហគ្រិនភាព ដែលមាននវាវត្តន៍និងការច្នៃប្រឌិតរបស់ស្ត្រីនៅក្នុងអាស៊ាន​ ។

គួររំលឹកថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) បានកោះប្រជុំមេដឹកនាំស្ត្រីអាស៊ានលើកដំបូងដែលមិនធ្លាប់មានតាមរយៈវីដេអូខនហ្វើរេនដោយពិភាក្សាអំពីតួនាទីរបស់ស្ត្រីក្នុងការអភិវឌ្ឍប្លុកនេះចំពេលមានជំងឺកូវីដ១៩  កាលពីឆ្នាំ ២០២០ នៅប្រទេសវៀតណាម ។

ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធនានាដែលបានផ្តល់ឱកាសដល់មេដឹកនាំនែប្រទេសតំបន់នេះបាននិយាយជាមួយមេដឹកនាំស្ត្រីនៅក្នុងតំបន់និងនៅអង្គការអន្តរជាតិអំពីវិធីដើម្បីលើកកម្ពស់តួនាទីរបស់ពួកគេបន្ថែមទៀតនៅក្នុងដំណើរការនៃការកសាងសហគមន៍អាស៊ានបន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩  ៕