ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ប្រេង​ឆៅ​បន្ត​ធ្លាក់​ថ្លៃ​ដល់​ថ្ងៃ​ទី​ពីរ​នៅពេល​បើក​ផ្សារ​នៅ​ថ្ងៃ​ពុធ​ទី​១២​តុលា​នេះ នៅ​ពេល​ពួក​វិនិយោគិន​បារម្ភ​អំពី​ឳ​ន​ភាព​សេដ្ឋកិច្ច​នាំអោយ​ប៉ះពាល់​តំរូវការ​ថាមពល និង​​ការបន្ត​រឹតបន្តឹង​វិធានការ​ប្រឆាំង​កូវី​ដ​១៩​នៅ​ចិន​។​

​ប្រេង​ឆៅ​នៅ​ផ្សារ​Brent​នៅ​អាស៊ី​បាន​ចុះ​៥១​សេន​ឬ​០,៥​ភាគរយ​មក​នៅត្រឹម ៩៣,៧៨​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅពេល​ប្រេង​ផ្សារ​WTI​នៅ​អាម៉េរិក​លក់​ចេញ​៨៨,៦៦​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ដោយ​ចុះ​៦៩​សេន​។​

​សូមបញ្ជាក់​ថា ប្រេង​ឆៅ​នៅ​ផ្សារ​ទាំង​ពីរ​បាន​ចុះ​ប្រមាណ​២​ភាគរយ​ក្នុង​ការជួញដូរ​កាលពី​ថ្ងៃ​អង្គារ​។​

​អង្គការ​រូបិយវត្ថុ​អន្តរជាតិ​IMF​កាលពី​ថ្ងៃ​អង្គារ​បាន​កាត់បន្ថយ​ព្យាករណ៍​កំណើន​សកល​របស់​ខ្លួន​សំ​រាប់​ឆ្នាំ​២០២៣ និង​បាន​ព្រមាន​អំពី​ហានិភ័យ​នៃ​ឳ​ន​ភាព​សកល​មួយ​។​តែ​ស្ថាប័ន​ផ្តល់​កំចី​នេះ​ក៏​បាន​ទទូច​​សុំ​អោយ​បណ្តា​ធនាគារ​កណ្តាល​បន្ត​ប្រយុទ្ធប្រឆាំង​នឹង​អតិផរណា​ទោះ​ជា​ពួក​វិនិយោគិន​ព្រួយបារម្ភ​ខ្លាំចក្រែង​វិធានកា​ររបស់​ពួកគេ​អាច​បង្ក​អោយ​សេដ្ឋកិច្ច​ធ្លាក់ចុះ​ខ្លាំង​ដោយសារ​តែ​ដំឡើងថ្លៃ​ខ្ចីប្រាក់​​ខ្ពស់​និង​លឿន​ពេក​។​

​ក្នុងពេល​ជាមួយគ្នា ប្រធាន​ធនាគារ​សហព័ន្ធ​បាន​និយាយថា ធនាគារ​កណ្តាល​អាម៉េរិក​នឹង​ចាំបាច់​បន្ត​រឹតបន្តឹង​គោលនយោបាយ​រូបិយវត្ថុ ដើម្បី​គ្រប់គ្រង​អតិផរណា​។​

​ប្រាក់​ដុល្លារ​ឡើងថ្លៃ​ច្រើន​កាល​ពី​យប់មិញ ។​ដុល្លារ​កាន់តែ​ឡើងថ្លៃ​នាំ​អោយ​វត្ថុធាតុដើម​គិត​ជា​ដុល្លារ​កាន់តែ​ឡើងថ្លៃ​សំរាប់​អ្នក​កាន់​រូបិយប័ណ្ណ​ផ្សេងៗ​និង​ដាក់​ទម្ងន់​លើ​ប្រេង​និង​ទំនិញ​ផ្សេងៗ​។​

​ផ្សារ​ប្រេង​ក៏​រង​សម្ពាធ​ពី​វិធានការ​ទប់ស្កាត់​កូវី​ដ​១៩​នៅ​ចិន ដែល​ជា​ប្រទេស​ប្រើប្រាស់​ប្រេង​ធំ​បំផុត​ទី​ពីរ​នៅ​លើ​លោក​។​ទីក្រុង​ធំៗ រួម​មាន​សៀង​ហៃ និង​សិន​ចិន បាននិងកំពុង​បង្កើន​ការធ្វើតេ​ស្តិ៍​រក​កូវី​ដ​១៩​និង​រឹតបន្តឹង​ក្រោយ​ពី​ការឆ្លង​មាន​ការកើនឡើង​ចាប់តាំងពី​ខែ​សីហា​មក​។​

​ខាង​ការផ្គត់ផ្គង់ ស្តុក​ប្រេង​ឆៅ​អាម៉េរិក​បាន​កើនឡើង​ប្រមាណ​១,៨​លាន​បារ៉ែល​ក្នុង​រយៈពេល​មួយ​សប្តាហ៍​គិត​ត្រឹម​ថ្ងៃ​៧​តុលា ៕