​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ បេឡា​រូស​បាន​បញ្ជា​ឱ្យ​កងទ័ព​របស់​ខ្លួន​សាកល្បង​សមត្ថភាព “​ត្រៀម​ខ្លួន​ប្រយុទ្ធ​” ចំ​ពេល​មាន​របាយការណ៍​អំពី​ទាហាន​រុស្ស៊ី​សម្រុកចូល​ប្រទេស​នេះ “​តាម​រថភ្លើង​” បន្ទាប់​ពី​មេដឹកនាំ​ផ្តាច់ការ លោក អា​ឡិច​សាន់​ឌឺ លូ​កា​សិន​កូ (Alexander Lukashenko) បាន​ប្រកាស​ថា​គាត់​នឹង​ដាក់​ពង្រាយ “​កម្លាំង​កិច្ចការ​យោធា​រួមគ្នា​” ជាមួយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូជា​​សកម្មភាព​មួយ​ដែល​រដ្ឋាភិបាល​ក្រុង​មីនស៍ (Minsk)​អះអាងថា គឺ “​ការការពារ​ខ្លួន​សុទ្ធសាធ​”​។​

​ការសាកល្បង​ការត្រៀមខ្លួន​ប្រយុទ្ធ ដែល​បញ្ជា​ដោយ​លោក​លូ​កា​សិន​កូ ត្រូវបាន​ប្រកាស ខណៈ​ប្រធាន​ចារកម្ម​សម្ងាត់​របស់គាត់​បាន​និយាយថា គាត់​រំពឹង​ឃើញ “​ចំណុច​របត់​” នៅក្នុង​សង្គ្រាម​របស់លោក​ វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​បេឡា​រូ​ស BelTA បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ទី​១១​តុលា​ថា ក្រុមប្រឹក្សា​សន្តិសុខ​នៃ​សាធារណរដ្ឋ​បេឡា​រូ​សបាន​”​ចាប់ផ្តើម​ការសាកល្បង​កងកម្លាំងប្រដាប់អាវុធ​នៃ​ប្រទេស​​បេឡា​រូស ស្រប​តាម​ការណែនាំ​របស់​ប្រមុខរដ្ឋ​” ដោយ​បន្លឺឡើង​នូវ​វោហា​សាស្ត្រ​របស់​រុស្ស៊ី​មុន​នឹង​ឈានទៅដល់​ការបើក​ប្រតិបត្តិការ​ពិសេស​ចូល​អ៊ុ​យក្រែន ដែល​ក្នុងនោះ​រុស្ស៊ី​បាន​អះអាងថា ខ្លួន​កំពុង​​ធ្វើ​សមយុទ្ធ​យោធា​នៅ​តាម​ព្រំដែន​។​

​ទីភ្នាក់ងារ​នេះ​បាន​រាយការណ៍​ថា​”​ការសាកល្បង​នេះ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​និង​គ្របដណ្តប់​លើ​បញ្ហា​សំខាន់​បំផុត​ទាក់ទង​នឹង​ការត្រៀមខ្លួន​របស់​អង្គភាព​កងទ័ព​សម្រាប់​ការអនុវត្ត​បេសកកម្ម​​របស់​ពួកគេ​” ដោយ​កត់សម្គាល់ថា អង្គភាព​ទាំងអស់​នឹង​អនុវត្ត “​ការផ្លាស់ប្តូរ​ទៅរក​ស្ថានភាព​ត្រៀមខ្លួន​ប្រយុទ្ធ​” ខណៈ​កំពុង​ធ្វើ​សមយុទ្ធ​ដើរ​ក្បួន សមយុទ្ធ​ដាក់ពង្រាយ និង បេសកកម្ម​ហ្វឹកហាត់​ប្រយុទ្ធ​។​

​ការ​ដាក់​ពង្រាយ​នេះ​បាន​បង្កើន​ការបារម្ភ​ថា​ទាហាន​បេឡា​រូស​អាច​នឹង​ចូលរួម​ជាមួយ​កងកម្លាំង​រុស្ស៊ី​ក្នុង​បេសកកម្ម​តស៊ូ​របស់​ពួកគេ​ដើម្បី​ដណ្តើម និង​កាន់កាប់​ទឹក​ដី​នៅ​ភាគ​ខាងកើត​អ៊ុ​យក្រែន​។​

​ក្រៅ​ពី​កង្វល់​ទាំងនោះ ចារកម្ម​អ៊ុយ​ក្រែន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា រុស្ស៊ី​កំពុង​បន្ត​ប្រមូលដ្រូន Kamikaze ទុក​នៅក្នុង​ប្រទេស​បេឡា​រូ​ស ដោយ​រដ្ឋាភិបាល​ក្រុង​មីនស៍​ក៏​មាន​គម្រោង​បញ្ជូន​”​រថភ្លើង​​ចំនួន ១៣ គ្រឿង​ដែល​ផ្ទុក​គ្រាប់​យុទ្ធភ័ណ្ឌ​ចេញពី​ឃ្លាំង​អាវុធ និង​មូលដ្ឋាន​កងកម្លាំងប្រដាប់អាវុធ​របស់​ខ្លួន​ផង​ដែរ​” នេះ​បើ​យោង​តាម​សារព័ត៌មាន Kyiv Independent ។

​របាយការណ៍​របស់​ក្រសួងការពារជាតិ​អ៊ុយ​ក្រែន​បាន​បន្ថែមថា “​គិត​ត្រឹម​ថ្ងៃទី ១០ ខែតុលា រុស្ស៊ី​បាន​នាំយក​ដ្រូ​ន Shahed-136 ដែល​ផលិត​ដោយ​អ៊ីរ៉ង់​ចំនួន ៣១ គ្រឿង​ទៅ​កាន់​ប្រទេស​បេឡា​រូ​ស ហើយ​គ្រោង​នឹង​បញ្ជូន​បន្ថែម ៨ គ្រឿង​ទៀត​រហូតដល់​ថ្ងៃទី ១៤ ខែតុលា​”​។

​ដ្រូ​ន​នេះ​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​ចន្ទ​និង​ថ្ងៃ​អង្គារ​៕

លោក អា​ឡិច​សាន់​ឌឺ លូ​កា​សិន​កូ ប្រកាស​ថា​គាត់​នឹង​ដាក់​ពង្រាយ “​កម្លាំង​កិច្ចការ​យោធា​រួមគ្នា​” ជាមួយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ

លោកខាងលិចនិយាយថា កងទ័ពបេឡារូសតូច ចំណាយទាបនិងប្រើសព្វាវុធសម័យសូវៀត គឺមិនគ្រប់លក្ខណៈជាកងកម្លាំងឈ្លានពានទេ