ដោយៈ បញ្ញាសាស្រ្ត/ភ្នំពេញ៖ ក្រុមកំប្លែងរបស់ លោកតា វិចទ័រ បានបង្ហាញវត្តមាននៅក្នុងស្ថានីយទូរទស្សន៍ ភីអិនអិន ជាមួយនឹងសំណើចពេញមួយសប្តាហ៍និងមានភាពលាយឡំជាមួយការអប់រំជាច្រើនទៀត។ នេះបើតាមការប្រាប់ឱ្យដឹងពី លោក សុវណ្ណ រិទ្ធី ហៅ តា វិចទ័រ បានប្រាប់រស្មីកម្ពុជាកាលពីព្រឹកថ្ងៃអង្គារ ទី១១ តុលាក្នុងកម្មវិធីសម្ពោធជាផ្លូវការ នូវការចាក់ផ្សាយកម្មវិធីសំណើចដ៏មានប្រជាប្រិយភាពចំនួនបី របស់ 9 Colors Production ដែលជាការដឹកនាំ របស់ លោកតា វិចទ័រ និង នាយពាក់មី។

កម្មវិធីកំប្លែងទាំងបីរួមមាន «ល្អមើល ល្អសើច» ជាវីដេអូសំណើចខ្លីៗប្រចាំថ្ងៃ ចាក់ផ្សាយចាប់ពីថ្ងៃទី១៧ ខែតុលា រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១២:០០ ដល់ ១២:១០។

ដោយឡែកនៅរៀងរាល់ថ្ងៃអាទិត្យវិញកម្មវិធីកំប្លែង«ផ្ទះលេខ១ផ្ទះលេខ២»ដែលជារឿងកំប្លែងជជែកបែកអូរហូរស្ទឹងអំពីនេះ អំពីនោះរវាងញាតិជិតខាងផ្ទះ ។

កម្មវិធីនេះទស្សនិកជននឹងបានសើចសប្បាយរយៈពេលមួយម៉ោងពេញតែម្តង ដែលចាក់ផ្សាយចាប់ពីថ្ងៃទី១៦ ខែតុលារៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ១២:០០-១៣:០០។

ចំណែកកម្មវិធីកំប្លែងមួយទៀតនោះគឺ «១៦៨យប់» ផ្តើមចាក់ផ្សាយចាប់ពីថ្ងៃទី១៦ តុលា រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ១៩:៣០ ដល់ម៉ោង ២០:០០។

កម្មវិធីកំប្លែងទាំងបីខាងលើ គឺជាការផ្តល់ជូននូវរសជាតិថ្មីមួយបែបទៀតសម្រាប់ទស្សនិកជន ដែលតែងតែជឿជាក់ និងទុកចិត្តមកលើភីអិនអិន(PNN)ដែលគ្រប់កាលៈទេសៈគ្រប់ពេលវេលាតែងតែរិះរកអ្វីថ្មីនិងប្លែកៗសម្រាប់បំពេញចក្ខុរបស់ទស្សនិកជន។ជឿជាក់ថាបន្ទាប់ពីការចាក់ផ្សាយកម្មវិធីទាំងបីនេះរួចហើយទស្សនិកជននឹងទទួលបានចំណីអារម្មណ៍ប្លែកមិនធ្លាប់មានព្រោះតែរាល់កម្មវិធីកំប្លែងនីមួយៗមានការចូលរួមពីសម្តែងពីសំណាក់តារាកំប្លែងល្បីៗដែលកំពុងតែមានឈ្មោះបោះសំឡេងហើយរាល់ការនិពន្ធនិងដឹកនាំការសម្តែងគួបផ្សំនឹងភាពប៉ិនប្រសប់កំប្លុកកំប្លែងរបស់ក្រុមកំប្លែងទៀតនោះនឹងកាន់តែធ្វើឱ្យកម្មវិធីកម្មវិធីពោរពេញទៅដោយសំណើច សើចតាំងពីដើមដល់ចប់។

ភីអិនអិនគឺជាស្ថានីយទូរទស្សន៍ឈានមុខគេមួយក្នុងប្រទេសកម្ពុជាដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើតម្រូវការរបស់ទស្សនិកជនក្នុងការផលិតកម្មវិធីថ្មីៗរឿងភាគខ្មែរដ៏ជក់ចិត្តភាពយន្តបរទេសនាំយកកម្មវិធីល្បីៗពីក្រៅប្រទេស។ ការកម្សាន្តប្លែកៗ ព័ត៌មានដែលមានប្រភពច្បាស់លាស់ រួមនឹងកម្មវិធីបែបកំប្លែងសើចសប្បាយ គ្រប់រសជាតិ គ្រប់តម្រូវការរបស់ទស្សនិកជន៕សរន / N