ដោយៈ ភ្នំស្វាយ /បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានបញ្ជូនកម្លាំងនគរបាល ចំនួន១០០នាក់ អេស្កាវ៉ាទ័រ១គ្រឿង បន្ថែមទៀត ដើម្បីទៅជួយរំដោះទឹកជំនន់ ចេញពីបរិវេណទីធ្លា និងផ្លូវ នៅសាកលវិទ្យាល័យ ជាតិមានជ័យ ខណៈពេលទឹកបន្តហូរច្រោះ ដែលអាចប្រឈមការបាក់ធ្លាយទំនប់ការពារ ទឹក នៅថ្ងៃទី ១១-១២ តុលា ឬបន្តទៅទៀត ក្នុងខែតុលា ឆ្នាំ២០២២ នេះ ។ នោះមកពី ទឹកស្រក ពីផ្នែកខាងលើនានា តែវាបានស្រុងចុះមកពន្លិច ក្នុងប៉ែកខាងត្បូង និងខាងប្រជុំជន ក្រុងសិរីសោភ័ណ និងប៉ែកខាងត្បូង ខាងជើង នៃផ្នែកកណ្តាល ស្រុកមង្គលបូរី។

លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ក៏បានចាត់តាំង លោកស្នងការរងចំនួន ៣ រូប រួមមាន លោកឧត្តមសេនីយត្រី អ៊ុន សំអន , លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង , លោកវរសេនីយឯក យី ប៊ុនរឿង ទទួលផែនការដឹកនាំបញ្ជាកម្លាំងនគរបាល មកពីបណ្តាការិយាល័យជំនាញ ចំណុះស្នងការដ្ឋាន និងកម្លាំងនគរបាល មកពីវរៈសេនាតូចការពារព្រំដែនគោគទាំង៤ ដើម្បីទ្រោលសភាពណ៍រំដោះទឹក បូម ច្រកដី ដាក់ការ៉ុងធ្វើទំនប់ និងបញ្ជាគ្រឿងចក្រ ឈូសឆាយ កាយបង្ហាប់ បិទទប់កន្លែងដែលប្រឈមទឹកហូរច្រោះ និងបាក់ស្រុត។ ពោលគឺ ដើម្បីឲ្យទឹកឆាប់ស្រក រីងស្ងួត ហើយនិស្សិត ក៏អាចឆាប់បានចូលរៀនសូត្រវិញ ក្រោយពី ផ្អាកការសិក្សា អស់រយៈពេលជាង ១សប្តាហ៍​(ថ្ងៃទី ៧-១៤ ខែតុុលា ឆ្នាំ២០២២) ។

ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បាននាំយកនូវអំណោយ មានដូចជា ទឹកក្រូច ២៥កេស មី ២៥កេស ត្រីខ ២៥កេស ទឹកត្រី ១៥យួរ ទឹកសុីវអុីវ ១០យួរ និង ថវិកា ១លាន រៀល ទៅឧបត្ថម្ភដល់កងកម្លាំងដែលកំពុងចុះបំពេញបេសកកម្ម អន្តរាគមន៍ នេះ ។ ក្រៅពីនេះ លោកក៏បានផ្តល់ប្រេងម៉ាសូ៊ត ២.៥០០ លីត្រ ដែលជាអំណោយរបស់ លោក សេង ផល្លី និងលោក ឯក មនោសែន ទៅឧបត្ថម្ភដល់គណៈគ្រប់គ្រងសាកល វិទ្យាល័យជាតិមានជ័យ ដើម្បីចាត់ចែងដោះស្រាយ ការចាក់ម៉ាស៊ីនបូមទឹកខ្នាតធំ ចំនួន ២ គ្រឿង និងគ្រឿងចក្រ (អេស្កាវ៉ាទ័រ) ១គ្រឿង ផងដែរ៕/V-PC