ដោយៈ មុនីរ័ត្ន / ភ្នំពេញ ៖ “លោក សម រង្ស៊ី បំភាន់មហាជន ខណៈតុលាការបារាំង ដែលលោកមានសញ្ជាតិ ផ្តល់យុត្តិធម៌ជូនសម្តេចតេជោ” ។ នេះជាសាររបស់លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ផ្ញើទៅកាន់ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី តាមរយៈបណ្តាញសង្គម នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ សារនេះ បានធ្វើឡើង បន្ទាប់ពីតុលាការប្រទេសបារាំង ច្រាលចោលការចោទប្រកាន់ របស់លោក សម រង្ស៊ី និងផ្តល់យុត្តិធម៌ ក៏ដូចជា ភាពស្អសតស្អំ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ ។

លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា (រូបថតៈឯកសារ)

លោក ស សុខា បានសរសេរនៅលើបណ្តាញសង្គមថាៈ លោក សម រង្ស៊ី បំភាន់មហាជន ខណៈតុលាការបារាំង ដែលលោកមានសញ្ជាតិ ផ្ដល់យុត្តិធម៌ ជូនសម្ដេចតេជោ! ជាថ្មីម្ដងទៀត លោក សម រង្ស៊ី បានបន្តបន្សល់ទុកនូវរឿងអាម៉ាស់ ក្នុងប្រវត្តិសាស្រ្ត នយោបាយកម្ពុជា ជាពិសេសស្រមោលខ្មៅ អន្ទោលតាមប្រាណ តវង្សត្រកូល ។ តុលាការប្រទេសបារាំង ដែលអ្នកនយោបាយនិយមលេងល្បែងបំភាន់សាធារណៈមតិ រូបនេះ ជឿជាក់ថា ជាតុលាការឯករាជ្យនោះ គឺពិតជាឯករាជ្យមែន។ ទោះលោក សម រង្ស៊ី មានសញ្ជាតិជាបារាំង ត្រូវតតាំងក្ដីជាមួយសម្ដេចតេជោ ហ៊ុន សែន ដែលជាជនជាតិខ្មែរ ក៏ដោយ ក៏តុលាការបស្ចឹមប្រទេសមួយនេះ មិនលុះដោយអគតិ ណាមួយនោះដែរ។ ទីបំផុត ការប្រឌិតរឿងចោទប្រកាន់សម្ដេចតេជោ ហ៊ុន សែន ថាជាអ្នកបង្គាប់បញ្ជាឱ្យមាន ការធ្វើឃាតឯកឧត្តម ហុក ឡងឌី ពីសំណាក់លោក សម រង្សី ត្រូវបានតុលាការបារាំង វិនិច្ឆ័យយ៉ាងច្បាស់ថា «ពុំមានមូលដ្ឋាន និងអំណះអំណាង បញ្ជាក់ច្បាស់លាស់នោះ ឡើយ»។ មែនទែនទៅ ប្រជាជនកម្ពុជា និងសាធារណៈមតិជាតិ និងអន្តរជាតិដ៏ច្រើន លើសលុប បានបុរេវិនិច្ឆ័យ ប្រកបដោយបញ្ញារួចទៅហើយថា ល្បែងនយោបាយ មួយក្ដារថ្មីទៀតនេះ នឹងបន្តបរាជ័យទៅតាមប្រពៃណី ដូចដែលលោក សម រង្សី ធ្លាប់បានធ្វើ និងទទួលកន្លងៗទៅ។ អាចនិយាយបានថា ប្រជាជនខ្មែរទូទាំងនគរ និងសូម្បីតែអ្នកមាន ជំហរមិនគាំទ្ររាជរដ្ឋាភិបាល ហាក់ស៊ាំបាត់ទៅហើយ ចំពោះចរិតនិងក្រឡាដើររបស់​អ្នកនយោបាយខ្មែរសញ្ជាតិបារាំងរូបនេះ។

ជាការពិត លោក សម រង្ស៊ី ក៏ជាឥស្សជនធ្លាប់បានរួមចំណែកបម្រើជាតិ បម្រើប្រជាជន តាមបែបផែនប្រជាធិបតេយ្យដែរ ប៉ុន្តែក្នុងរយៈកាល ប្រមាណ ២០ ឆ្នាំ ចុងក្រោយនេះ លោកហាក់ដូចជាផុងខ្លួនបន្តិចម្ដងៗ ទៅក្នុងអន្លង់នៃជ្រលងនយោបាយ «យកការពិតធ្វើជាសត្រូវ» រហូតបង្កើតបានជាគម្រូអាក្រក់ម្ដងហើយម្ដងទៀត ក្នុងប្រវត្តិសាស្រ្តនយោបាយកម្ពុជា ដែលជាប្រទេសកំណើតរបស់ខ្លួន។

លោកបានបន្តថាៈ ក្នុងបេះដូងប្រជាជនកម្ពុជា ដែលធ្លាប់កម្សត់កម្រ និងដែលកំពុងទទួល ផលបានមកពីការដឹកនាំដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំ ឧត្តុង្គឧត្តមនៃអង្គព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេចព្របរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចតេជោ ហ៊ុន សែន ជារដ្ឋបុរសមួយរូប ដែលខិតខំពុះពារជម្នះគ្រប់ឧបសគ្គ ដើម្បីបុព្វហេតុជាតិ និងប្រជាជន ដើម្បីសន្តិភាព និងការបង្រួបបង្រួមជាតិ។ សម្ដេចតេជា គឺ «ទឹកដ៏ត្រជាក់ល្ហឹម នៃហ្វូងត្រីទាំងឡាយ»។ ក្នុងនាមជាមេដឹកនាំសម្ដេចបានគិតគូរ ជាដរាបចំពោះសុខទុក្ខប្រជាជន និងសុខទុក្ខសហការី ធ្លាប់តស៊ូរំដោះប្រជាជន ពីរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ស្ដារនិងអភិវឌ្ឍជាតិ។ ព្រោះហេតុដូច្នេះហើយ បានជាអ្នកនយោបាយគ្រប់និន្នាការ ជាបន្តបន្ទាប់បានស្ម័គ្រចិត្ត មករួមរស់ក្នុងជីវភាព​នយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

ក្នុងនាមជាយុវជនជំនាន់ក្រោយម្នាក់ លោកពិតជាមិនចង់បញ្ចេញប្រតិកម្មណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់ចាស់ទុំឡើយ។ ប៉ុន្តែខ្ញុំមិនអាចនៅស្ងៀមជាដាច់ខាត នៅពេលណា ដែលថ្នាក់ដឹកនាំរបស់ខ្ញុំ ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធាន គណបក្ស ត្រូវបានគេមួលបង្កាច់ ចោទប្រកាន់ខុសពីការពិតម្ដងហើយម្ដងទៀត។ ជាពិសេស បើទោះជាតុលាការប្រទេសបារាំង ផ្ដល់ភាពស្អាតស្អំ ជូនលោកទៅហើយ តែអ្នកនយោបាយប្រឆាំង នៅតែហ៊ានបំពានសេចក្ដីសម្រេចរបស់តុលាការ បកស្រាយ កេងចំណេញនយោបាយ ក្នុងស្មារតីមិនទទួលស្គាល់ ការពិតថែមទៀតនោះ។

លោក ស សុខា សង្កេតឃើញថាៈ នៅក្នុងបណ្ដាគណបក្សនយោបាយក្រៅរដ្ឋាភិបាល ឬទោះក្នុងក្របខណ្ឌក្រុមណាមួយក៏ដោយ ភាគច្រើន អ្នកនយោបាយចាស់ទុំ និងអ្នកជំនាន់ ក្រោយដូចខ្ញុំដែរ ពួកគាត់មិនបានលុះទៅតាម ឬយកនយោបាយបំភាន់បែបលោក សម រង្ស៊ី ជាលំនាំឡើយ។ ផ្ទុយទៅវិញ ពួកគាត់បានរួមចំណែកទៅតាមលទ្ធភាព ទោះធនធាន ទ្រព្យសម្បត្តិ ឬជាទស្សនាទាន ដើម្បីរួមចំណែកកែលម្អសង្គមកម្ពុជា ឱ្យកាន់តែរីកចម្រើន ស៊ីវិល័យ។ ខុសពីលោក សម រង្ស៊ី ដែលជារឿយៗ បង្កើតរឿងអពមង្គលដល់ជាតិ យកផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជន ធ្វើជាឈ្នាន់​ដើម្បីមហិច្ឆតានយោបាយ ដែលចាកផុតពីគន្លងសីលធម៌វិជ្ជាជីវៈអ្នកប្រជាធិបតេយ្យ។

សរុបមក សម្រាប់លោក សម រង្ស៊ី ក្នុងរឿងក្ដីចុងក្រោយនេះ គឺជនរួមជាតិ បានដឹងការពិត ជាថ្មីទៀតហើយថា អ្វីដែលអ្នកនយោបាយរូបនេះ រួមនិងក្រុម ខិតខំប្រឌិត កុំថាឡើយ តុលាការកម្ពុជាយើង សូម្បីតែតុលាការប្រទេសបារាំង ក៏បានផ្ដល់យុត្តិធម៌ ជូនសម្ដេចតេជោ ហ៊ុន សែន ដែរ។ វាក៏បញ្ជាក់ដែរថា «រឿងប្រឌិតទាំងឡាយ ទោះជាអ្នកប្រឌិតនោះ ប្រឹងយកវាទៅបង្ហាញឱ្យគេជឿ នៅទីណាក៏ដោយ ក៏វានៅតែជាការប្រឌិត» ហើយ «ការពិតតែងតែស្ថិតនៅគ្រប់ទីកន្លែង ដែលរឿងប្រឌិត បានទៅដល់»។ ពោលគឺ ភូតច្រើន ច្រើនចាញ់អាត្មា។ លើសពីនេះ បើនិយាយពីស្មារតីច្បាប់ រាល់ការយកសេចក្ដីសម្រេចរបស់ តុលាការ មកបកស្រាយបញ្ច្រាស់សច្ចភាព នៃអង្គហេតុនិងអង្គច្បាប់ អាចជាការធ្វើឱ្យ បាត់បង់ជំនឿ លើសេចក្ដីសម្រេចរបស់តុលាការ ដែលជាបទល្មើសព្រហ្មទណ្ឌ។

លោក ស សុខា នៅតែយល់ថាៈ ការចោទប្រកាន់របស់លោក សម រង្ស៊ី និងក្រុម ពុំមែនធ្វើឱ្យប៉ះពាល់ដល់កិត្តិស័ព្ទដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ប៉ុណ្ណោះនោះទេ គឺបានធ្វើប៉ះពាល់ដល់ ភាពថ្លៃថ្នូររបស់យុវជន ប្រជាជន និងកម្ពុជាទាំងមូលតែម្ដង។ ក្នុងសំណុំរឿងនេះ ខ្ញុំពិតជាសូមសម្ដែង នូវកត្តញ្ញូកត្តវេទីចំពោះសម្ដេចតេជោដែលបានស្វែង រកយុត្តិធម៌សម្រាប់ផលប្រយោជន៍ជារួមនេះ តាមយុទ្ធសាស្ត្រ [តាមវាយដល់ផ្ទះ]។ នេះហើយដែលកាន់តែបញ្ជាក់ តាំងពីដំបូងថា សម្ដេចតេជោ ស្អាតស្អំ ស្របតាមពាក្យ ស្លោកខ្មែរពោលថា «មាសសុទ្ធមិនខ្លាចភ្លើង» តាមរយ:សម្ដេចតេជោ សញ្ជាតិខ្មែរ ដាក់ពាក្យប្ដឹងលោក សម រង្ស៊ី សញ្ជាតិបារាំង ទៅតុលាការប្រទេសបារាំង រហូតដល់ទទួល បានយុត្តិធម៌ នាពេលនេះ៕/V