ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានស្នើឱ្យ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បន្តផ្សព្វផ្សាយពីការចាក់វ៉ាក់សាំង ឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានច្រើន ខណៈដែលពលរដ្ឋមួយចំនួន ហាក់លែងយកចិត្តទុកដាក់ ចំពោះការចាក់ វ៉ាក់សាំងនេះ។

ការស្នើបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សារាជធានី ភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នេះ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត​ ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលារាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំនោះថាៈ ក្នុងរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋមួយចំនួន ហាក់លែងយកចិត្តទុកដាក់ ចំពោះការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ។ ដូច្នេះលោកស្នើឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ នៅក្នុងកម្មវិធីនានា សំដៅធ្វើយ៉ាង ណាឱ្យប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានច្រើន។

ពាក់ព័ន្ធនឹងការងារនេះ លោក កើត​ ឆែ បានមានប្រសាសន៍ថាៈ សម្រាប់ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ អាជ្ញាធររាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ ដោយបានបង្កើតឡើងនូវទីតាំង សម្រាប់ចាក់វ៉ាក់សាំងនេះ រហូតដល់ ៤៣ ទីតាំង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកស្នើឱ្យអាជ្ញាធរ និងមន្ទីរសុខាភិបាល រាជធានីភ្នំពេញ កុំបង្ខំប្រជាពលរដ្ឋ ឱ្យទៅទទួលការចាក់វ៉ាក់សាំងឱ្យសោះ គឺត្រូវធ្វើឡើងដោយការស្ម័គ្រចិត្ត របស់ពួកគាត់ ដោយមិនមានការបង្ខិតបង្ខំ។

បើតាមរបាយការណ៍ ដែលបានលើកឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែតុលាឆ្នាំ២០២២នេះ បានឱ្យដឹងថាៈ ស្ថានភាពជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ (គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២)៖ អ្នកជំងឺកូវីដ-១៩ វិជ្ជមាន សរុបចំនួន ១១២.៣៤០ នាក់ ។ អ្នកជាសះស្បើយ ចំនួន ១១០.៨១០ នាក់ ។ អ្នកស្លាប់ដោយជំងឺកូវីដ-១៩ វិជ្ជមាន ចំនួន ១.៥០៥ នាក់ អ្នកជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យគ្មាន។ អ្នកជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ សរុបចំនួន ២៥ នាក់។

ការចាក់វ៉ាក់សាំងជូន ឥស្សរជន / ប្រជាពលរដ្ឋ និងកុមារ អាយុចាប់ពី ៣ឆ្នាំឡើង (គិតត្រឹម ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២)៖ លទ្ធផលចាក់វ៉ាក់សាំងជូនកុមារពី ៣ឆ្នាំ ដល់អាយុក្រោម ៥ឆ្នាំ៖(គោលដៅ ៧២.៨៥៤នាក់) ដូសទី១ សរុប ៧៦.២៧៥នាក់ = ១០៤,៧០% ។ ដូសទី២ សរុប ៥៦.៧៥៥នាក់ = ៧៧,៩០% ។ ដូសទី៣ សរុប ៤.០១៦នាក់ = ៥,៥១%
លទ្ធផលចាក់វ៉ាក់សាំងជូនកុមារ អាយុ ៥ឆ្នាំ៖ ដូសទី១ សរុប ៦១,៤៩៩នាក់ = ១២៣,៣៧% ។ ដូសទី២ សរុប ៥៤.០៨៩នាក់ = ១០៦,៥០% ។ ដូសទី៣ សរុប ១១.៦៩១នាក់ = ២៣,៤៥%។ ដូសទី៤ សរុប ២.៥៩៤នាក់ = ៥,២០% ។

លទ្ធផលចាក់វ៉ាក់សាំងជូនកុមារ អាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ។ ដូសទី១ សរុប ២៣៦.២៤៥នាក់ = ១០៦,៨៣%។ ដូសទី២ សរុប ២៤៧.៧១៦នាក់ = ១១២,០២% ។ ដូសទី៣ សរុប ១៦៥.៨៧៥នាក់ = ៧៥,០១% ។ ដូសទី៤ សរុប ២៦.២៣៩នាក់ = ១១,៨៧% ។

លទ្ធផលចាក់វ៉ាក់សាំងជូនកុមារ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ។ ដូសទី១ សរុប ២២២.៨៤២នាក់ = ១១៦,៣៨% ។ ដូសទី២ សរុប ២២៣.៦៤១នាក់ = ១១៦,៧៩%។ ដូសទី៣ សរុប ២១៩.៦០៨នាក់ = ១១៤,៦៩% ។ ដូសទី៤ សរុប ៦៣.២៨៨នាក់ ៣២,០៥% ។ ដូសទី៤ សរុប ៨.៦៣៨នាក់= ៤,៥១% ។

លទ្ធផលចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ អាយុចាប់ពី ១៨ឆ្នាំឡើង៖ ដូសទី១ សរុប ១.៧៧៣.១៣៦នាក់ = ១២៥,៥១% ។ ដូសទី២ សរុប ១.៧២៦.១២៣នាក់ = ១២២,១៨% ។ ដូសទី៣ សរុប ១.៥០៧.៥៣២នាក់ = ១០៦,៧១%។ ដូសទី៤ សរុប ១.១៥៦.៣០៥នាក់ = ៨១,៨៥%។ ដូសទី៥ សរុប ១៧៧.៩៣៥នាក់ = ១២,៥៩%៕/V-PC