ដោយៈ ជា សីហៈ/ភ្នំពេញៈ កាលពីថ្ងៃទី ១១ ខែ តុលា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) មានរៀបចំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ (IDP) សម្រាប់ឆ្នាំ២០២១ ។

កិច្ចប្រជុំនេះបានរៀបចំឡើង ក្រោមអធិបតីភាពរបស់ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក.អ.ក.។ កិច្ចប្រជុំនេះក៏មានវត្តមានចូលរួមរបស់លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មន្រ្តីមកពីស្ថាប័នពាក់ព័ន្ធ និងលេខាធិការដ្ឋានដឹកនាំនិងសម្របសម្រួលការអនុវត្តគោលនយោបាយ សរុបចំនួនប្រមាណ ១០០រូប៕