ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែតុលានេះ លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC បានអនុញ្ញាតឲ្យអ្នកជំនាញការចិនជួបសម្ដែងការគួរសម។

សូមបញ្ជាក់ថា នេះជាអ្នកជំនាញការដែលទទួលក្នុងពិធីបិទ និងបើកការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការជួបពិភាក្សាការងារនេះគឺពាក់ព័ន្ធនឹងការរៀបចំពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ។

លោកវ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងថា ជំនួបសវនាការ រវាងលោកបណ្ឌិតរដ្ឋមន្ដ្រី និងអ្នកជំនាញការចិននេះ ទទួលបាននូវភាពវិជ្ជមានជាច្រើន លើកិច្ចសហប្រតិបត្តិការដើម្បីជួយផ្នែកបច្ចេកទេស និងការរៀបចំពិធីបើកបិទព្រឹត្តិការណ៍ជាប្រវត្ដិសាស្ដ្រនៅកម្ពុជាឲ្យទទួលបានភាពអស្ចារ្យ និងស័ក្ដិសមនឹងកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺភាគីចិន បានអះអាងចំពោះមុខលោកបណ្ឌិត ថោង ខុនថានឹងជួយបន្ថែមនូវបច្ចេកវិទ្យាខ្ពស់ចុងក្រោយដើម្បីជំរុញឲ្យពិធីបើកបិទកាន់តែមានភាពទាក់ទាញអស្ចារ្យថែមទៀត។

សម្រាប់ពិធីបើកផ្លូវការ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ដ្រីនៃកម្ពុជា និងពិធីបិទ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងបើកការប្រកួតនាថ្ងៃទី០៣ និងបិទ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ដដែល៕