ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាស៊ានឆ្នាំ ២០២២ បានផ្តល់អនុសាសន៍៤ចំណុច ដល់កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមខាងក៏ដូចជាបំផុសសក្តានុពលសហគ្រិនស្ត្រីនិងបង្កភាពងាយស្រួលក្នុងការចាប់យកនូវកាលានុវត្តភាព និងសក្តានុពលថ្មីៗនានាដែលគួរពិនិត្យ និង ផ្តល់ការយកចិត្តទុកដាក់។

 

ទី១. រៀបចំប្រព័ន្ធអេកូឡូស៊ី (Ecosystem)ដែលឆ្លើយតបទៅនឹងតម្រូវការរបស់សហ គ្រាសធុន មីក្រូ តូចនិងមធ្យម និង សហគ្រិនស្ត្រីរួមទាំងការកែលម្អនូវក្របខណ្ឌគតិយុត្ត និងផ្នត់ គំនិតសង្គមដែលរារាំងដល់សក្តានុពលរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច ។

ទី២. ផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីលើកកម្ពស់ជំនាញ (Upskilling)និង បណ្តុះបណ្តាលជំនាញថ្មី (Re-skilling) ដល់ស្ត្រី និង ក្មេងស្រី រួមទាំង កម្មវិធីអប់រំផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា (STEM) ។

ទី៣.លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនិងឌីជីថលសម្រាប់ស្ត្រីនិងក្មេងស្រីតាមរយៈការផ្តល់នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងឌីជីថល(Financial and Digital Literacy ) និងការសម្រួលលទ្ធភាពទទួលឥណទាន ទីផ្សារ និង ព័ត៌មាន ក្នុងការចាប់ផ្ដើម និង អភិវឌ្ឍអាជីវកម្ម ។

ទី៤.ពង្រីកវិសាលភាពគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម,វិធានការគោលនយោបាយ នានាផ្នែកគាំពារសុខុមាភាពគ្រួសារ និង ការឆ្លើយតបលើការងារថែទាំគ្រួសារ និង ការងារ ផ្ទះរបស់ ស្ត្រី ព្រមទាំងការវិនិយោគសាធារណៈលើវិស័យសេវាថែទាំ និង សុខុមាលភាពសង្គម។

កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ធ្វើឡើងក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាពបរិយាប័ន្ននិងកាន់តែរឹងមាំ៖បំផុសសហគ្រិនស្ត្រីនៅក្នុងអាស៊ាន» ។ កិច្ចប្រជុំនឹងធ្វើឡើងក្រោមទម្រង់កូនកាត់ដោយមានអ្នកចូលរួមដោយផ្ទាល់និងតាមប្រព័ន្ធវីដេអូ ។ ក្នុងនោះអ្នកចូលរួមដោយផ្ទាល់មានប្រមាណ ៣០០ នាក់និងតាមប្រព័ន្ធ វីដេអូប្រមាណ ៥០០នាក់ ៕